តើការ​បាក់ទំនប់វារីអគ្គិសនី​អាចឲ្យឡាវ​ចោល​​មហិច្ឆិតាចង់ក្លាយជាឃ្លាំង​​​​ស្តុកអគ្គិសនី​នៅអាស៊ាន​ទេ?​

អ្នកភូមិជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេនៅពេលដែលពួកគេជម្លៀសចេញបន្ទាប់ពីទំនប់វារីអគ្គិសនី សេពានសេណាមណយ ដួលរលំនៅខេត្ត អាត់តាភឺ (Attapeu) ប្រទេសឡាវនៅថ្ងៃទី 24 ខែកក្កដាឆ្នាំ 2018 (រូបភាព៖ straitstimes.com)

ទំនប់វារីអគ្គិសនី ​មួយនៅឡាវ​បាន​បាក់កាលពីថ្ងៃទី២៣ខែកក្កដា​កន្លងទៅដែលបណ្ដាល​ឲ្យប៉ះពាល់​ដល់​ពលរដ្ឋឡាវ​រាប់ពាន់​នាក់​​ ហើយវាក៏កំពុងតែជះឥទ្ធិពល​ដល់​ខេត្តស្ទឹងត្រែង​របស់​ប្រទេសកម្ពុជាផងដែរ។ ទំនប់ទឹកដែល​បាក់នេះមានឈ្មោះថា សេពានសេណាមណយស្ថិត​នៅក្នុងតំបន់ខ្ពស់រាបនៃខេត្ត​អត្តពើ។​

យោងតាម​សារព័ត៌មាន​BBCដែលចុះផ្សាយនៅថ្ងៃនេះ ពលរដ្ឋឡាវចំនួន២០នាក់ត្រូវបាន​គេបញ្ជាក់ថា​បាន​បាត់​បង់ជីវិតនិង​មនុស្ស​រាប់រយនាក់​ទៀតបាន​បាត់​ខ្លួន​ក្នុងសោធនាដកម្មបាក់ទំ​នប់នេះ។

តាម​គេហរទំព័ររបស់ក្រុមហ៊ុនថាម​ពលសេពានសេណាមណយដែល​កំពុង​អនុវត្តន៍ការសាងសង់ទំនប់​​វាវីនេះ សេពានសេណាមណយនឹង​អាច​ផលិត​​អគ្គិសនីបាន​៤១០មេហ្គាវ៉ាត់​ ហើយគ្រោង​នឹង​បើកឲ្យដំណើរការនៅឆ្នាំ២០១៩។ តាមប្រភពដដែល ក្រុមហ៊ុនថាម​ពលសេពានសេណាមណយដែល​ទទួលធ្វើ​​គម្រោងវារីអគ្គិសនី​នេះជាក្រុមហ៊ុនដែល​សហការគ្នា​រវាងក្រុម​ហ៊ុនចំនួនបួនដែលក្នុងនោះមានពីរជារបស់​កូរ៉េ មួយជារបស់ថៃ និង​ក្រុមហ៊ុនមួយទៀត​​របស់​រដ្ឋឡាវ។​​

ប្រភពដដែល​បន្តឲ្យដឹងថា​អគ្គិសនី​ដែល​ផលិត​បាន​ក្នុង​គម្រោង​សេពានសេណាមណយនេះនឹងត្រូវលក់ទៅអោយថៃ​ចំនួន​៩០ភាគរយ ហើយ១០ភាគរយ​ទៀតឡាវទុកសម្រាប់ប្រើប្រាស់ក្នុងស្រុក។

មេដឹកនាំឡាវ​តែងតែអះអាងថាប្រទេសខ្លួន​មានមហិច្ឆតាក្លាយជាអ្នកផលិតនិងចែកចាយ​អគ្តិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍​។ យោងតាមការចុះផ្សាយរបស់​ក្រសួង​ថាមពលនឹងរ៉ែឡាវ ប្រទេសឡាវប្ដេជ្ញាថានៅឆ្នាំ២០២០ ខ្លួននឹងប្រែក្លាយជា​ប្រទេស​ចែកចាយ​​អគ្គិសនី​នៅអាស៊ាន​។​​​  តើ​​ការបាក់ទំនប់វារីអគ្គិសនី​​សេពានសេណាមណយ អាចបញ្ឈប់​មហិច្ឆតារបស់ឡាវ​ទេ?​​

ឡាវជាប្រទេសដែល​មិនមាន​ព្រំដែន​ជាប់សមុទ្រហើយក៏ពុំសូវសម្បូរធនធានធម្មជាតិនានាប៉ុន្មានដែ   ប៉ុ​ន្តែប្រទេសនេះ​មាន​លក្ខណៈអំណោយផល​ដល់​ការផលិតថាមពល​វារី​អគ្គិសនី​ដោយសារតែ​ប្រទេសនេះមាន​ទន្លេមេគង្គហូរកាត់​ដែល​បង្កើតបាន​ជា​ល្បាក់​ទឹក​ជាច្រើនកន្លែង។​ តាមការចុះផ្សាយរបស់ភ្នាក់ងារ​សារព័ត៌មាន​ឡាវ នៅឆ្នាំ២០១៧ ឡាវ មានទំនប់​វារីអគ្គិសនីចំនួន​៤៦កំពុង​ដំណើរការ ហើយ៥៤ ទៀត​កំពុងតែសាងសង់។​ ប្រភពដដែលបន្តឲ្យដឹង​ថា​៨៥ភាគរយនៃអគ្គិសនីដែល​ផលិតបាន​នឹងត្រូវលក់អោយប្រទេសជិតខាង។​

​សារព័ត៌មាន ​Bloomberg បាន​ចុះផ្សាយពីការព្យាករណ៍សេដ្ឋកិច្ចរបស់ប្រទេសឡាវ​ថា​ ប្រទេសនេះនឹងនៅតែរក្សា​កំណើន​៧ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០១៩​។ តាមប្រភពដដែល​ ​មូលហេតុ​ធំមួយដែល​ជម្រុញ​ឲ្យមានកំណើន​នេះ​គឺបាន​មក​ពី​វិស័យ​ថាមពល។ សារព័ត៌មាន​ THE ASEAN POST បាន​ផ្សាយកាលពីខែកុម្ភៈថា ក្នុងរយៈពេល​៦ខែដើមឆ្នាំ២០១៧កន្លងទៅ ឡាវបាន​លក់ អគ្គិសនីទៅអោយប្រទេសជិតខាង​រួមមានកម្ពុជា ថៃ និងវៀតណាម​បានប្រមាណជា​ជិត​៦០០លានដុល្លា។​

មហិច្ឆិតាចង់ក្លាយខ្លួន​ជា​អ្នកផ្គត់ផ្គង់អគ្គិសនីនាំមុខនៅអាស៊ីអាគ្នេយ៍​របស់ឡាវត្រូវបាន​ សកម្មជន បរិស្ថាន​ជាច្រើន​រិះគន់ប្រទេសនេះ។​ ពួកគេបាន​លើកឡើងពីផល​ប៉ះពាល់​នានាដែល​អាចកើតមាន​ចំពោះ​បរិស្ថាន ក៏ដូចជាសហគមន៍ដែល​រស់នៅតាម​តំបន់​ទាំងនោះជាពិសេស​តាមតំបន់ទន្លេមេគង្គ​ និងទន្លេនានាដែល​ជាដៃទន្លេមេគង្គដែលយក​មកធ្វើជាទំបន់វារីអគ្គិសនី​​។​

ទំនប់វាវីអគ្គិសនីទាំងមិនត្រឹម​តែ​ប៉ះពាល់​ត្រឹម​តែសហគមន៍ឡាវប៉ុណ្ណោះទេ វាក៏ប៉ះពាល់​ដល់​​កម្ពុជានិង​វៀតណាម​ផងដែរព្រោះ​ប្រទេសទាំងពីរនេះ​ស្ថិតនៅភាគខាង​ក្រោម​នៃទន្លេមេគង្គ។​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលឡាវ​​ហាក់​មិន​ចាប់​អារម្មណ៍ទៅនឹងការព្រួយបារម្ភខាងលើនេះទេ។​

​ការបាក់ទំនប់វារីអគ្គិសនី​សេពានសេណាមណយ ប្រហែល​ជា​មិនអាចបញ្ឈប់មហិច្ឆិតារបស់ឡាវ​ក្នុងការប្រែក្លាយខ្លួនជា​​មេ​អគ្គិសនី​នៅអាស៊ាន​នោះទេ។ សោកនាដកម្មនៃការបាក់ទំនប់វារីអគ្គិសនី​សេពានសេណាមណយ ជាមេរៀន​មួយ​រដ្ឋាភិបាល​ឡាវត្រូវ​មានការប្រុង​ប្រយ័ត្នចំពោះគុណភាពទំនប់។​

ដូចអ្វី​ដែល​អ្នកស្រី​ ម៉ូរីន ហារីស​ អ្នកជំនាញ​ទំនប់វារីអគ្គិសនីឡាវ​នៃ​អង្គការទន្លេអន្តរជាតិ​ ប្រាប់សារព័ត៌មាន​AFP កាល​ពីម្សិលមិញ​ថា​៖«សំនួរសំខាន់​ដែល​ត្រូវសួរនៅពេលនេះគឺស្ដង់ដា​និងសុវត្ថិភាព​របស់​ទំនប់វារីអគ្គិសនីរបស់ឡាវ ក៍ដូចជា​ដំណោះស្រាយសមស្រប​នៅពេល​មាន​​ការប្រែប្រួល និងហានិភ័យ​អាកាសធាតុ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ