ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះនឹងគ្មានវត្តមានអ្នកសង្កេតការណ៍ពីប្រទេសអាមេរិក អឺរ៉ុប និងប្រទេសជប៉ុននោះទេ ខណៈអង្គការជំនាញក្នុងស្រុកដែលធ្លាប់សង្កេតការណ៍បោះឆ្នោតកាលពីកន្លងទៅបានប្រកាសដកខ្លួន។
គិតត្រឹមថ្ងៃម្សិលមិញដែលជាថ្ងៃបញ្ចប់ការចុះឈ្មោះអ្នកសង្កេតការបោះឆ្នោតឆ្នាំ២០១៨នេះមានប្រទេសមួយចំនួនដែលធ្លាប់ដាក់អ្នកសង្កេតការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៧ និងការបោះឆ្នោតមុនៗ បានប្រកាសថានឹងមិនដាក់អ្នកអង្កេតការនោះទេ ប្រទេសចុងក្រោយគេដែលប្រកាសមិនដាក់នោះគឺប្រទេសជប៉ុន ដែលជាប្រទេសនាំមុខគេមួយក្នុងការគាំទ្រដល់ដំណើរការបោះឆ្នោតឆ្នាំ២០១៨នេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ថានឹងគ្មានអ្នកសង្កេតការណ៍ជប៉ុនសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ដូចឆ្នាំកន្លងទៅនោះទេ ប៉ុន្តែជប៉ុននៅតែផ្តល់ជំនួយបច្ចេកទេសដល់គ.ជ.ប ដើម្បីរក្សាដំណើរការបោះឆ្នោតនេះ។
មន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga
ការប្រកាសមិនដាក់អ្នកសង្កេតការនេះគឺបន្ទាប់ពីកង្វល់ជាច្រើនរបស់ប្រទេសជប៉ុន ពីបញ្ហាសិទ្ធិមនុស្ស និងការសន្ទនានយោបាយរវាងបក្សប្រឆាំង និងបក្សប្រជាជន ដែលជប៉ុនបានលើកឡើង មិនត្រូវបានរដ្ឋាភិបាលកម្ពុជាឆ្លើយតបបាន សមរម្យណាមួយនោះ។
ក្រៅពីជប៉ុនសហរដ្ឋអាមេរិកក៏បានប្រកាសនៅលើទំព័រហ្វេសបុករបស់ខ្លួនផងដែរកាលពីម្សិលមិញថា គ្មានភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមសង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ទេ។ ហើយការសម្រេចចិត្តនេះ គឺស្របតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មក ដែលបានសម្ដែងកង្វល់ចំពោះការវិវត្តផ្នែកនយោបាយ នៅប្រទេសកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន មានប្រសាសន៍ថាការចូលរួមសង្កេតការណ៍ ឬមិនចូលជាសិទ្ធិរបស់ប្រទេសទាំងនោះ ហើយការវាយតម្លៃរបស់អ្នកសង្កេតការណ៍ក៏មិនអាចកំណត់ពីលទ្ធផលនៃការបោះឆ្នោតបាននោះទេ តែលោកមិនជឿថាប្រទេសជប៉ុនដែលជាភាគីគាំទ្រមួយរបស់គ.ជ.ប ប្រកាសមិនបញ្ជូនអ្នកសង្កេតការនោះជាការពិតទេ ដោយចាត់ទុកថាព័ត៌មាននេះជាព័ត៌មានមិនពិត។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន
អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា មានប្រសាសន៍ថាការដាក់ ឬមិនដាក់អ្នកសង្កេតការណ៍ជប៉ុននោះគឺមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺកិច្ចការរបស់ជប៉ុនជាមួយគ.ជ.ប ដែលនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ លោកបន្តថា ចំណែកការមិនដាក់របស់សហរដ្ឋអាមេរិកគឺជារឿងធម្មតា ខណៈការមិនដាក់អ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុប គឺអឺរ៉ុបថាខ្លួនទុកចិត្តទៅលើកិច្ចការរបស់គ.ជ.ប រួចទៅហើយ ទោះជាយ៉ាងណាលោកថាក៏មានប្រទេសនៅសហភាពអឺរ៉ុបមួយចំនួនបានបញ្ជូនអ្នកសង្កេតការណ៍មកផងដែរ។
អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា
ក្រៅពីប្រទេសទាំងនេះអង្គការសមាគមក្នុងស្រុកដែលធ្លាប់មានបទពិសោធន៍សង្កេតការបោះឆ្នោតកន្លងទៅ មានដូចជា ខុមហ្វ្រែល និចហ្វិច តម្លាភាព និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជាហៅកាត់ថាERA ក៏បានប្រកាសដកខ្លួនពីការអង្គេតការបោះឆ្នោតឆ្នាំនេះដែរ ដោយពួកគេលើកឡើងថារដ្ឋាភិបាលមានការគាប់សង្កត់លើពួកគេ។
ទោះបីជាមានការដកខ្លួនពីបរទេសមួយចំនួន និងអង្គការសង្គមស៊ីវិលនេះក៏ដោយ គ.ជ.ប បានប្រកាសថានៅមានអង្គការសមាគម និងប្រទេសជាច្រើនទៀតបានបញ្ជូនអ្នកសង្កេតការណ៍មកពិនិត្យមើលការបោះឆ្នោតឆ្នាំនេះ ក្នុងនោះជិត៤០០នាក់មកពីប្រទេសជិត៥០ និងមានអ្នកសង្កេតការណ៍ក្នុងស្រុក មកពីអង្គការសមាគម និងគណបក្សនយោបាយជាង៨ម៉ឺននាក់ទៀត ដែលមានចំនួនច្រើនជាងអាណត្តិមុខផងដែរ។
កាលពីថ្ងៃទី២៤ កក្កដា អង្គការសម្ព័ន្ធអាស៊ានដើម្បីការបោះឆ្នោតដោយសេរី ហៅកាត់ថា (ANFREL) បានរិះគន់ការដាក់អ្នកសង្កេតការណ៍ជាតិជាង៨ម៉ឺននាក់នេះ ថាមិនអាចជឿទុកចិត្តបាន ដោយថាពួកគេមានប្រភពមកពីគណបក្សកាន់អំណាច និងគ្មានជំនាញច្បាស់លាស់ ខណៈដែលគ.ជ.ប បានទាត់ចោលការលើកឡើងនេះ។
បន្ទាប់ពីតុលាការកម្ពុជាប្រកាសសាលដីការរំលាយបក្សប្រឆាំងកាលពីចុងឆ្នាំមុនមកភាគីនានាដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាបានប្រកាសដកខ្លួនជាបន្តបន្ទាប់ដោយថាការផាត់បក្សប្រឆាំងដែលធំជាងគេនៅកម្ពុជាចេញនេះជាដំណើរនាំឲ្យប្រទេសកម្ពុជាឈានជើងទៅកាន់របបឯកបក្ស និងកំពុងបំផ្លាញប្រជាធិបតេយ្យកម្ពុជា ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាថាការរំលាយបក្សសង្គ្រោះជាតិនេះគឺជាការរក្សាប្រជាធិបតេយ្យ និងសន្តិភាពប្រទេសប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕









