គណបក្សនយោបាយមួយចំនួនបានអះអាងថា នៅពេលឈ្នះឆ្នោតពួកគេនឹងបង្កើតការងារនៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន ដើម្បីកាត់បន្ថយពលករចំណាកស្រុក។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា បើគណបក្សរបស់លោកឈ្នះឆ្នោត គណបក្សលោកនឹងធ្វើការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឡើងវិញ ពោលមិនយកពន្ធពីសហគ្រាសខ្នាតតូច និងខ្នាតមធ្យមចំនួន៥ឆ្នាំ ផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋក្នុងការប្រាក់ទាប នឹងពង្រឹងសមត្ថភាពប្រជាពលរដ្ឋឲ្យចេះជំនាញ និងធ្វើជាអ្នកដឹកនាំជាដើម។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា បច្ចុប្បន្ននេះការដឹកនាំរបស់បក្សកាន់អំណាច នៅតែរងការរិះគន់ថាមន្ត្រីខ្លះគៀបសង្កត់អ្នកវិនិយោគ ប្រព្រឹត្តអំពើពុករលួយជាដើម។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍និងរីកចំរើន ករណីនេះមិនអាចទប់ស្កាត់ពលករចំណាកស្រុក ដែលទៅធ្វើការនៅក្រៅប្រទេសបានទេ។ ប៉ុន្តែលោកថា បើអាណត្តិនេះគណបក្សប្រជាជនឈ្នះការបោះឆ្នោត រដ្ឋាភិបាលនឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបរទេសឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារឲ្យបានច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងទទួលបានជីវភាពធូធារ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ដើម្បីកាត់បន្ថយពលករចំណាកស្រុក គឺរដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតអាណត្តិនេះ ត្រូវជួយការពារពលករចំណាកស្រុក និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព។
មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា
របាយការណ៍របស់ក្រសួងការងារគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ភាគីកម្ពុជា-ថៃ បានផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចំនួន ១លាន ៧ម៉ឺននាក់ ។









