សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អំពាវដល់សហគមន៍អន្តជាតិកុំឲ្យបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សចេញផ្សាយថ្ងៃនេះ លើកឡើងថាការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឬផ្ដល់ជំនួយបោះឆ្នោតក្នុងរូបភាពផ្សេងៗនិងផ្ដល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដែលក្រុមសមាជិកសភាទាំងនោះហៅថាជាការបោះឆ្នោតដ៏សែនអាម៉ាស់។
ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី លោក Charles Santiago បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះថា ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដានេះ នឹងមិនអាចក្លាយជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ ដោយសារតែ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំការបង្រ្កាបទៅលើក្រុមអ្នកប្រឆាំង សារព័ត៌មានឯករាជ្យ និងការនាំប្រទេសកម្ពុជាទៅរកការគ្រប់គ្រងបែបឯកបក្សជាដើម។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅថ្ងៃអាទិត្យចុងសប្ដាហ៏។ តាមរបាយណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិប្រមាណជាជិត៨ម៉ុននាក់នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនេះ៕