នយោបាយការបរទេសរបស់ជប៉ុនទន់ភ្លន់តែមិនដូរគោលដៅ

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (រូបភាពពី Reuters)

សម័យសង្គ្រាមលោកប្រទេសជប៉ុនជាប្រទេសមួយដែលមានមហិច្ឆតា ចង់ក្តោបក្តាប់យកពិភពលោកដែរគឺបានបញ្ចេញកងទ័ពទៅឈ្លានពានប្រទេសផ្សេងៗ។

របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅឆ្នាំ២០១៦បង្ហាញថា ជប៉ុនមានប្រជាជនជាង១២០លាននាក់ រស់នៅលើដីទំហំជាង៣សែនគីឡូម៉ែត្រការ៉េ បើប្រៀបធៀបចំនួនប្រជាជនជប៉ុនតិចជាង១០ដង បើប្រៀបធៀបដីធ្លីជប៉ុនតូចជាងចិនជាង៣០ដង។ ប៉ុន្តែនៅក្នុងសម័យសង្គ្រាមលោក ជប៉ុនក៏បានវាយលុកចូលទឹកដីចិនដែរ។​

ក្រោយពេលចាញ់សង្គ្រាមលោកលើកទី២ជប៉ុនក្រៅពីខាងបង់មនុស្ស ទ្រព្យសម្បត្តិត្រូវចេញសងថ្លៃខូចដោយសារសង្គ្រាមដល់ប្រទេសផ្សេងទៀត។

នយោបាយការបរទេសរបស់ជប៉ុន ហាក់រក្សាភាពស្ងប់ស្ងាត់ក្រោយចាញ់សង្គ្រាមលោក​គឺប្រទេសនេះកម្របញ្ចេញសារព្រមានពីការធ្វើសង្គ្រាម ឬ ដាក់ទណ្ឌកម្មលើប្រទេសណាមួយនោះទេ។ បើទោះជាប្រទេសនេះរក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែរាល់ការសម្រេចកិច្ចការផ្សេងលើនយោបាយអន្តរជាតិគឺតែងតែបង្ហាញនូវភាពច្បាស់លាស់។​

នៅចុងឆ្នាំ២០១៧ ពេលកូរ៉េខាងជើងបាញ់អាវុធមីស៊ីលរំលងប្រទេសនេះ ជប៉ុននៅតែរក្សាភាពស្ងប់ស្ងាត់ តែបញ្ជាក់ថាត្រៀមលក្ខណៈគ្រប់ពេលក្នុងការទប់ទល់ជាមួយកូរ៉េខាងជើងគ្រប់ពេល។​

ជប៉ុនគឺជាសម្ព័ន្ធមិត្តស្និទ្ធរបស់អាមេរិក  ហើយមេដឹកនាំជប៉ុនក៏ហាក់ដូចជាបន្ទន់ឥរិយាបថក្នុងរាប់អានជាមួយមេដឹកនាំអាមេរិដែរ។ ជាក់ស្តែងលោក ស៊ីនហ្ស៊ូអាបេបានធ្វើដំណើរទៅអាមេរិកជួបលោក ដូណលត្រាំ​  តាំងពីមុនលោកត្រាំចូលកាន់តំណែង ហើយបញ្ជាក់ជំហរគាំទ្រ និងអបអរការឈ្លះឆ្នោត។

រាល់ការប្រឈមមុខនានារវាងជប៉ុនជាមួយកូរ៉េខាងជើង និងជប៉ុនជាមួយចិនគឺអាមេរិកតែងតែចេញមុខការពារជប៉ុនជានិច្ច។​

ប៉ុន្តែពេលមានបញ្ហាប្រឈមផ្សេងៗ  មិនមែនរាល់ការសម្រេចទាំងអស់របស់អាមេរិកត្រូវជប៉ុនធ្វើតាមទាំងអស់នោះទេ។​

កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក(TPP) ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីទី៤៤របស់អាមេរិកគឺលោក បារ៉ាក់ អូបាម៉ា ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ហើយក៏ជាផ្នែកមួយនៃការទប់ស្កាត់ឥទ្ធិពលរបស់ចិនដែរ។ ប៉ុន្តែក្រោយពេលលោកត្រាំ ឡើងកាន់តំណែង លោកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញ ដោយថា មិនចំណេញច្រើនទេផ្ទុយទៅវិញធ្វើឲ្យខាតពេលទៅវិញ។​

ចំណែកជប៉ុនស្ថិតនៅក្នុងចំណោម១២ប្រទេសសមាជិកTPPនេះ មិនបានដកខ្លួនតាមអាមេរិកទេ ផ្ទុយទៅវិញជប៉ុនសម្របសម្រួលជំរុញឲ្យក្រុមនេះដើរទៅមុខទៀត។​

នៅប៉ុន្មានខែចុងក្រោយនេះ ពេលលោក ត្រាំ ប្រកាសដំឡើងពន្ធនាំចូលដែកថែប​ និងអាលុយមីញ៉ូម ក៏ធ្វើឲ្យប៉ះពាល់ជប៉ុនខ្លាំងដែរប៉ុន្តែជប៉ុនមិនបានថ្កោលខ្លាំងៗដូចប្រទេសនោះទេ។​

ទាក់ទងការបោះឆ្នោតជប៉ុនក៏ធ្លាប់មិនទទួលស្គាល់ការបោះឆ្នោតសម្រេចកាត់ដីគ្រីមៀឲ្យរុស្ស៊ីកាលពីឆ្នាំ២០១៤ និងកាលពីខែឧសភាឆ្នាំនេះ ជប៉ុនបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលមួយគឺជួយដល់ការបោះឆ្នោតនៅវេណេហ្ស៊ូអេឡា ប៉ុន្តែប្រកាសមិនទទួលស្គាល់លទ្ធផល ដោយសារអវត្តមានគណបក្សប្រឆាំងនិងមានការគំរាមកំហែងផ្សេងៗ។

សកម្មភាពទាំងនេះ បង្ហាញថា ជប៉ុនជាប្រទេសមានគោលនយោបាយការទូតត្រជាក់ ប៉ុន្តែគោលដៅដែលប្រទេសនេះចង់បាន គឺឆ្ពោះទៅមុខយ៉ាងក្តីគគុក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ