ប្រទេសហ្ស៊ីមបាវ៉េ កំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួននៅថ្ងៃច័ន្ទនេះបន្ទាប់ពីលោក រូប៊ឺត មូហ្គាបេ ដែលកាន់អំណាច៣៧ឆ្នាំ ត្រូវបានគេទំលាក់ចេញពីអំណាច។ នេះជាការបោះឆ្នោតលើកដំបូងហើយក្នុងរយៈពេលជិត៤០ឆ្នាំមកនេះដែលប្រទេសហ្ស៊ីមបាវ៉េ បានរៀបចំហើយគ្មានឈ្មោះលោក មូហ្គាបេ នៅក្នុងបញ្ជីបេក្ខជនប្រធានាធិបតី ។
ការធ្លាក់ចុះប្រជាប្រិយភាពរបស់ រូប៊ឺត មូហ្គាបេ និងរដ្ឋប្រហារទម្លាក់រូបលោក

លោក រូប៊ឺត មូហ្គាបេ ឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីប្រទេសហ្ស៊ីមបាវ៉េនៅឆ្នាំ១៩៨០ បន្ទាប់ពីប្រទេសនេះបានទទួលឯករាជ្យពីប្រទេសអង់គ្លេស ដែលពេលនេះប្រមុខរដ្ឋាភិបាលជានាយករដ្ឋមន្រ្តី ហើយប្រធានាធិបតីគ្រាន់តែជាប្រមុខរដ្ឋតែប៉ុណ្ណោះ។
លោក មូហ្គាបេ ធ្លាប់ជាអតីតមេដឹកនាំដែលត្រួវប្រជាជនហ្ស៊ីមបាវ៉េគោរពស្រលាញ់ជាខ្លាំង ដោយសារតែលោកជាអ្នកដឹកនាំចលនាទាមទារឯករាជ្យពីអង់គ្លេសយ៉ាងស្វិតស្វាញ ដែលបណ្ដាលឲ្យលោកជាប់ពន្ធនាគាររយៈពេល១១ឆ្នាំផងដែរ។ ទាំងនេះហើយជាហេតុផលដែលធ្វើឲ្យអតីតមេដឹកនាំមួយនេះ បានទទួលការគោរពស្រលាញ់ពីប្រជាជនក្នុងដំណាក់កាលដំបូងៗនៃការកាន់អំណាចរបស់លោក។
ប៉ុន្តែការយល់ឃើញរបស់ប្រជាជនហ្ស៊ីមបាវ៉េចំពោះលោក មូហ្គាបេ ត្រូវបានផ្លាស់ប្តូរបន្តិចម្ដងៗ ដោយសាររបៀបនៃការដឹកនាំរបស់លោក។ រយៈពេល២ឆ្នាំក្រោយកាន់អំណាចមេដឹកនាំរូបនេះ បានចាប់ផ្ដើមធ្វើទុកបុកម្នេញថ្នាក់ដឹកនាំរដ្ឋាភិបាលដែលប្រឆាំងនឹងលោក។
តាមការចុះផ្សាយរបស់សារព័ត៌មាន New York Times លោក រូប៊ឺត មូហ្គាបេ បានបណ្ដេញលោក ចូហ្ស៊ួ នឺខូម៉ូ ចេញពីគណៈរដ្ឋមន្រ្តីរបស់លោក ហើយបានចាប់ផ្ដើមធ្វើយុទ្ធការបង្រ្កាបទៅលើក្រុមលោក ខូម៉ូច ន្លោះឆ្នាំ១៩៨៣ដល់១៩៨៥ ដែលបណ្ដាលឲ្យជនស៊ីវិលប្រហែល១០០០០នាក់បានបាត់បង់ជីវិត។ នៅឆ្នាំ១៩៨៨ មេដឹកនាំរូបនេះបានកែរដ្ឋធម្មនុញ្ញដោយបានផ្ដល់អំណាចដល់ប្រធានាធិបតីខ្លាំងជាងនាយករដ្ឋមន្រ្តី។
ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់ត្រូវគេធ្វើរដ្ឋប្រហារទំលាក់ លោក មូហ្គាបេ បានក្តោបក្ដាប់អំណាចយ៉ាងតឹងណែននៅក្នុងដៃ ពោលគឺលោកជាបុរសខ្លាំងផុតលេខរបស់ប្រទេសអាព្រិចភាគខាងត្បូងមួយនេះ។ លោកបានធ្វើការដកហូតដីពីពួកម្ចាស់ដីដែលភាគច្រើនជាពួកស្បែកស ហើយលោកថែមទាំងចេញច្បាប់មួយដែលអនុញ្ញាត្តិឲ្យរដ្ឋាភិបាលអាចរឹបអូសដីពីប្រជាជន បានដោយមិនបាច់មានសំណងអ្វីទាំងអស់។
តាមការចុះផ្សាយរបស់ New York Times មូហ្គាបេ ក៏ជាមេដឹកនាំម្នាក់ដែលប្រើវិធីគ្រប់យ៉ាងដើម្បីរក្សាអំណាចរបស់ខ្លួនដែលជាឧទាហរណ៍កាលពីការបោះឆ្នោតឆ្នាំ២០០៨ លោកបានបង្រ្កាប និងសម្លាប់អ្នកគាំទ្របក្សប្រឆាំងជាច្រើននាក់ ជាហេតុធ្វើឲ្យមេដឹកនាំបក្សប្រឆាំងនៅពេលនោះសម្រេចដកខ្លួនចេញពីការបោះឆ្នោត។
ក្រៅពីការនេះ ការដឹកនាំរបស់លោក មូហ្គាបេ ក៏ត្រូវបានប្រជាជនមួយចំនួនរិះគន់ដោយសារតែអំពើពុករលួយរបស់លោកនិងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់លោក។
នៅថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២១០៧ លោក មូហ្គាបេ បានបណ្ដេញអនុប្រធានាធិបតីរបស់ខ្លួន លោក អ៊ែមមឺសុន មឺនែនហ្គាវ័រ ដែលជាមនុស្សដ៏ជិតស្និទ្ធបំផុតរបស់លោក។ ការបញ្ចេញចេញនេះត្រូវបានគេមើលឃើញថាលោក មូហ្គាបេ ចង់ផ្ទេរអំណាចឲ្យភរិយារបស់ខ្លួន។ ទោះបីជាមានអំណាចខ្លាំងយ៉ាងណាក៏ដោយ ក៏លោក មូហ្គាបេ ត្រូវបាន លោក មឺនែនហ្គាវ័រ ធ្វើរដ្ឋប្រហារទម្លាក់ នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមេដឹកនាំវ័យ៩៤ឆ្នាំរូបនេះត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះ។
ភាពស្រពិចស្រពិលនៃលទ្ធិប្រជាធិបតេយ្យនៅហ៊្សីមបាវ៉េ ក្រោយលោក មូហ្គាបេ អស់អំណាច
ប្រជាជនហ្ស៊ីមបាវ៉េ បានអបអរសាទរជាខ្លាំងនៅពេលដែលដឹងថាលោក មូហ្គាបេ អស់អំណាច។ ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភនោះគឺថាតើមេដឹកនាំក្រោយនេះនឹងមិនធ្វើឲ្យប្រជាជនហ្ស៊ីមបាវ៉េ ជួបនូវរឿងជូរចត់ដូចក្នុងរបប់លោកមូហ្គាបេដែរឬទេ?
ភ្លាមៗក្រោយរដ្ឋប្រហារ លោក មឺនែនហ្គាវ័រ បានសន្យាជាមួយប្រជាជនហ្ស៊ីមបាវ៉េ ថាលោកនឹងនាំមកនូវលទ្ធិប្រជាធិបតេយ្យនិងការការអភិវឌ្ឍមួយដ៏ពិតប្រាកដ។
ដូចការសន្យារដ្ឋាភិបាលលោក មឺនែនហ្គាវ័រ បានរៀបចំឲ្យមានការបោះឆ្នោតនោថ្ងៃនេះ។ វាជាការបោះឆ្នោតលើកទី១ដែលគ្មានវត្តមានលោក មូហ្គាបេ ជាបេក្ខជនប្រធានាធិបតី ហើយជាលើកដំបូងហើយដែលប្រទេសនេះអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិឲ្យមកសង្កេតការណ៍ពីដំណើរការបោះឆ្នោត។
ទោះបីជារដ្ឋាភិបាលរបស់ប្រទេសហ្ស៊ីមបាវ៉េ បច្ចុប្បន្នរបស់លោក មឺនែនហ្គាវ័រ បង្ហាញឆន្ទៈថាខ្លួនចង់ឲ្យមានដំណើរការបោះឆ្នោតមួយតាមបែបប្រជាធិបតេយ្យពិតប្រាកដក៏ដោយ ក៏នៅជៀសមិនផុតពីការរិះគន់ដែរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ក្រុមបក្សប្រឆាំងបានចោទថាគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និង ប្រព័ន្ធផ្សព្វរបស់រដ្ឋលម្អៀងទៅបក្សកាន់អំណាចរបស់លោក មឺនែនហ្គាវ័រ។ សារព័ត៌មានដដែលនេះក៏បានចុះផ្សាយផងដែរថាមានការបង្ខំនិងសម្លុតគម្រាមប្រជាជនផងដែរពីបក្សកាន់អំណាច។
ទោះជាណាក៏ដោយ ការបោះឆ្នោតក៏នៅតែត្រូវបានរៀបចំឡើងនៅថ្ងៃច័ន្ទនេះ។ ប្រជាជនហ្ស៊ីមបាវ៉េជាង៥លាននាក់ នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួននៅថ្ងៃ។ ការិយាល័យបោះឆ្នោតចាប់ផ្ដើមបើកនៅម៉ោង៧ព្រឹក ហើយនឹងបិទនៅម៉ោង៧យប់៕









