វៀតណាមហាក់​មិនគោរព​ដោយពេញលេញនូវគោលនយោបាយ​ចិនតែមួយ

ហាណូយបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនតៃវ៉ាន់បង្ហូតទង់ជាតិតៃវ៉ាន់ដើម្បីសម្គាល់ខ្លួនថាមិនមែនជាក្រុមហ៊ុនចិន ដែលត្រូវបានតម្រង់គោលដៅដោយបាតុករ (រូបភាព៖ scmp.com)

ចិនតែងតែរិះរក​គ្រប់​វិធី​ដើម្បីឲ្យពិភពលោកទទួលស្គាល់​គោលការណ៍ចិនតែមួយ។ ចិនអនុវត្តន៍ទាំងវិធីត្រជាក់ និងវិធីក្ដៅដើម្បីឲ្យប្រទេសនានាទទួលយកគោលនយោបាយនេះ។

ទោះយ៉ាងណាក៏ដោយ ក៏ប្រទេសមួយចំនួន​មិន​បាន​​គោរពតាម​អ្វីដែល​ចិនចង់បាន​ទាំងស្រុង​ដែរ ជាក់​ស្ដែងគឺប្រទេសវៀតណាម​។  ​ថ្វីត្បិតតែគោលនបាយការបរទេសរបស់​វៀតណាម​​​ទទួលស្គាល់​ចិនតែមួយក៏ពិតមែន​ ប៉ុន្តែការអនុវត្ត​ជាក់ស្ដែង​ហាក់មិន​ដូចអ្វីដែល​ប្រទេសនេះប្ដេជ្ញានោះទេ។​

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ វៀតណាមបាន​អនុញ្ញាតឲ្យក្រុមហ៊ុនតៃវ៉ាន់មួយចំនួន​​បង្ហូតទង់ជាតិ តៃវ៉ាន់​នៅរោងចក្ររបស់ខ្លួន។ តាមការចុះផ្សាយរបស់សារព័ត៌មាន​ South China Morning Post របស់ហុងកុង​ វៀតណាមបានអនុញ្ញាត​ឲ្យក្រុមហ៊ុន​តៃវ៉ាន់​ទាំងនោះ​ ប្រើទង់​ជាតិតៃវ៉ាន់គឺដើម្បីបែងចែក​ឲ្យច្បាស់ថា​វា​ជាក្រុមហ៊ុនរបស់តៃវ៉ាន់ មិនមែន​ជា​របស់​ចិន​ប៉េកាំងទេ។

ប្រធានក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមដ៏ធំនៅវៀតណាម​ លោក ឡូស៊ឺ វិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​តៃវ៉ាន់​ Central News Agency  ថា​ក្រុមហ៊ុន​តៃវ៉ាន់ដែល​មានទីតាំងនៅវៀតណាម​បាន​ស្នើសុំទៅ​អាជ្ញាធរវៀត​ណាម​ដាក់​ទង់ជាតិតៃវ៉ាន់​ជំនួសទង់ជាតិ​ចិន​​ដោយសារតែខ្លាច​ថាកម្មករនិងប្រជាជន​វៀតណាម​ យល់​ច្រលំថា​ក្រុមហ៊ុនទាំងនោះជារបស់​ចិនប៉េកាំង។

តាម​លោក ឡូស៊ឺ វិន ពេលប្រជាជន​​វៀត​ណាមធ្វើ​កុបកម្ម​ប្រឆាំងនឹងចិន​កាលពីឆ្នាំ២០១៤ កន្លងទៅក្រុមហ៊ុនលោក​ខាតអស់​ប្រហែល​១លាន​ដុល្លារ។

កាលពីឆ្នាំ២០១៤ ប្រជាជន​វៀតណាម​រាប់រយនាក់​បាន​ធ្វើកុបកម្ម​ប្រឆាំងនឹងចិនដោយសារតែចិន​ បាន​បើកអណ្ដូងប្រេងនៅសមុទ្រចិនខាងត្បូង​ដែល​ភាគីវៀតណាម​ចាត់​ទុកថាជារបស់ខ្លួន។

ការស្នើរសុំទៅភាគីវៀតណាម​ដោយក្រុមហ៊ុន​តៃវ៉ាន់ដោយសារតែខ្លាចមានរឿងបែបនេះកើតឡើងម្តងទៀត ព្រោះកាលពីចុងខែមិថុនាកន្លងទៅប្រជាជនវៀតណាម​បានធ្វើបាតុកម្មប្រឆាំងនឹងចិន​ម្ដងទៀតជុំវិញរឿង   វៀតណាម​សម្បទានដីក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនឲ្យទៅចិនក្នុង​រយៈពេល៩៩ឆ្នាំ។

ការអនុញ្ញាតឲ្យ​ក្រុមហ៊ុន​តៃវ៉ាន់​បង្ហូតទង់ជាតិ​របស់ខ្លួន​​ដោយភាគីវៀតណាម​នេះ​ហាក់​ដូចជាផ្ទុយនឹងការ​ប្ដេជ្ញារបស់វៀតណាម​ដែល​ទទួលស្គាល់​គោលនយោបាយ​ចិនតែមួយ។ សម្រាប់​តៃវ៉ាន់ រឿងនេះ​ជាជោគជ័យ​មួយរបស់ខ្លួន​។​ ​តៃវ៉ាន់ ហៅការអនុញ្ញាតរបស់វៀមណាមថា​ជារឿង​មួយដែល​នឹក​ស្មាន​មិនដល់​ក្នុងប្រវត្តិសាស្ត្រ។

ទោះជាយ៉ាងណាក៏ដោយ ចិនក៏មិន​​ព្រងើយកន្តើយឲ្យវៀតណាមធ្វើអ្វីស្រេចតែចិត្ត​ដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កឹង សុ័ង  បានលើកឡើងកាល​ពីថ្ងៃទី៣០ខែកក្កដា​ថា​ ចិន​ប្រឆាំងដាច់ខាតនូវចលនាណាមួយដែល​ចង់​បំបែក​តៃវ៉ាន់​ចេញពីចិន​។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ ​កឹង សុ័ង Geng Shuang (រូបភាព៖ thelocal.se)

លោកបន្តថា​នៅលើពិភពលោកនេះមាន​ចិន​តែមួយប៉ុណ្ណោះ។ លោក ក៏បានបញ្ជាក់​ផងដែរ​ថា ​ចិន​បានប្រាប់​រួចរាល់​ហើយ​ដល់ភាគីវៀតណាម​ ហើយ​ខាងវៀតណាម​ក៏បានបញ្ជាឲ្យ​ក្រុមហ៊ុនតៃវ៉ាន់ទាំងនោះ​ដកទង់​ជាតិ​តៃវ៉ាន់​វិញអស់​ហើយ​ដែរ។

ក្នុងរយៈពេល​ចុងក្រោយនេះចិនបាន​ប្រើ​យុទ្ធសាស្រ្តនានាដើម្បីឲ្យតៃវ៉ាន់កាន់​នៅឆ្ងាយ​ពីប្រទេសដទៃ ហើយឲ្យប្រទេសនានាទទួលស្គាល់​គោលនយោបាយ​ចិនតែមួយ​ដែលក្នុងនោះ រួមមាន​ការបញ្ចុះបញ្ចូល​ប្រទេសនានា​ដែល​ធ្លាប់​តែ​មាន​ទំនាក់​ទំនងការទូតជាមួយតៃវ៉ាន់ឲ្យងាកមករកចិនជាដើម។ កាលពីចុងខែមេសាកន្លងទៅ ចិន​ ក៏​បាន​ផ្ញើលិខិតមួយ​​ទៅកាន់ក្រុមហ៊ុនអាកាសចរណ៏បរទេស​ចំនួន​៣៦​ ដែល​​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរទាំងនោះ​ដកចេញពីគេហទំព័ររបស់​ខ្លួន​ដែល​ដាក់​ថា​តៃវ៉ាន់​ជាប្រទេសមួយ​​ដាច់​ដោយឡែកពីចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ