ចិននិងសហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកក្នុងការដំឡើងពន្ធលើមុខទំនិញ ដែលចាប់អនុវត្តតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។
ការដាក់ទណ្ឌកម្មឬហៅថា សង្គ្រាមពាណិជ្ជកម្មនេះគឺផ្តើមចេញពីសហរដ្ឋអាមេរិក ដែលលោកដូណល ត្រាំចោទថា ចិនបានលួចកម្មសិទ្ធិបញ្ញាលើទំនិញអាមេរិក ហើយមានការព្រមានច្រើនដងនៅតែមិនមានការកែប្រែ។
លោក ដូណលត្រាំ សម្រេចដំឡើងពន្ធចាប់ពីថ្ងៃទី៦ខែកក្កដា ដែលកំណត់ក្នុងទឹកប្រាក់ចំនួន៣៤ប៊ីលានដុល្លារ។
ជាការសងសឹករដ្ឋអំណាចទីក្រុងប៉េកាំងក៏បានកំណត់លើមុខទំនិញអាមេរិក ហើយដាក់ការដំឡើងពន្ធក្នុងទំហំទឹកប្រាក់ចំនួនស្មើគ្នានេះដែរ។
អ្នកជំនាញធ្លាប់បានព្រមានហើយថា ជម្លោះពាណិជ្ជកម្មនេះគ្មានផលអ្វីទេគឺមានតែការប៉ះពាល់ដល់ប្រទេសទាំងពីរ និងបណ្តាប្រទេសពាក់ព័ន្ធមួយចំនួនទៀត។
របាយការណ៍លើការគ្រប់គ្រងការបញ្ជាទិញរបស់ចិន បានបង្ហាញថា ការបញ្ជាទិញបានធ្លាក់ចុះពី៥១,៥ ក្នុងខែមិថុនា មក៥១,៣ ក្នុងខែកក្កដា។
របាយការណ៍ការិយាល័យស្ថិតិជាតិរបស់ចិនក៏បានបង្ហាញដែរថា ការផ្តល់សេវារបស់មន្ត្រីនៅផ្នែកគ្រប់គ្រងការបញ្ជាទិញក៏ធ្លាក់ចុះដែរគឺធ្លាក់ចុះពី៥៥នៅក្នុងខែមិថុនា មក៥៤នៅក្នុងខែកក្កដា។
អ្នកជំនាញនៅការិយាល័យស្ថិតិរបស់ចិនលោកZhao Qingheបានសរសេរអត្ថបទវិភាគមួយផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ៍ថា របាយការណ៍បញ្ជាទិញរបស់ចិនបង្ហាញថា មានការធ្លាក់នេះ កំពុងតែបង្ហាញពីសញ្ញានៃការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មទូទាំងសកលលោក។
ចំណែកសេដ្ឋកិច្ចវិទូនៅសាកលវិទ្យាល័យOxford អាមេរិក លោក Sian Fenner យល់ឃើញថា បើទោះជាជម្លោះនយោបាយរវាងចិននិងអាមេរិកកំពុងតែបង្កផលប៉ះពាល់ទូទាំងពិភពលោកក៏ដោយ ប៉ុន្តែលោកថា ការប៉ះពាល់នេះនៅក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។
លោក Sian បង្ហាញការជឿជាក់ថា នៅក្នុងឆ្នាំ២០១៩ខាងមុខ ភាគីទាំងពីរអាចនឹងមានការដោះស្រាយបញ្ហានេះបាន ហើយបញ្ចប់ជម្លោះពាណិជ្ជកម្ម។
អាមេរិកដំឡើងពន្ធបន្ថែមទៀត
បើទោះជាអ្នកជំនាញបង្ហាញក្តីសង្ឃឹមថា ស្ថានភាពអាចនឹងមានភាពធូរស្រាលហើយក៏ដោយក៏ស្ថានភាពជាក់ស្តែងហាក់នៅតែមានភាពស្មុគស្មាញ។
កាលពីថ្ងៃពុធម្សិលមិញលោក ដូណល ត្រាំ បានស្នើទៅមន្ត្រីរបស់លោកឲ្យពិនិត្យមើលលទ្ធភាពនៃការដំឡើងពន្ធបន្ថែមទៀតលើទំនិញចិនគឺដំឡើងពី១០ទៅ២៥%។ ទណ្ឌកម្មថ្មីបន្ថែមនឹងមានការកំណត់លើទឹកប្រាក់ប្រមាណ២០០ប៊ីលានដុល្លារបន្ថែមទៀត។ ទណ្ឌកម្មថ្មីផ្តោតលើទំនិញពីចិនរួមមាន ម៉ាស៊ីនអេឡិចត្រូនិច ផលិតផលពីស្បែកសត្វ និងអាហារសមុទ្រជាដើម។
មន្ត្រីតំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិកលោក Robert Lighthizer ថ្លែងថា ការដំឡើងពន្ធបន្ថែមនេះគឺជាឥរិយាបថសមស្របបំផុត ដែលត្រូវធ្វើឡើងលើចិនដោយចោទចិនថា បានសងសឹកដោយអំពើខុសច្បាប់ប្រឆាំងជនជាតិអាមេរិក ជាកម្មករ ជាកសិករ និងអ្នកជំនួញជាដើម។
ជុំវិញចំណាត់ការថ្មីៗរបស់អាមេរិកនេះ នៅមិនទាន់ឃើញមានប្រតិកម្មណាមួយលេចធ្លោពីខាងភាគីចិននៅឡើយ។









