ចំណូលថវិកាដែលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ទទួលបានរហូតដល់៧០លានដុល្លានៅក្នុង រយៈពេល០៧ខែ កន្លងមកនេះ។
គ្រឹះស្ថានអង្គរដែលជាក្រុមហ៊ុនរដ្ឋគ្រប់គ្រងនៅតំបន់អង្គរ បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃម្សិល មិញនេះថា ប្រាក់ចំណូលបានមកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ បានកើនឡើងដល់ជាង ៦៩លានដុល្លា ដែលមានកំណើន ១៥.៣៦ភាគរយ បើធៀបនឹងរយៈពេល០៧ខែដូចគ្នា កាលពីឆ្នាំមុន។
តាមប្រភពដដែល ភ្ញៀវទេសចរបរទេសជាង ១លាន ៥៤ម៉ឺននាក់ បានចូលទស្សនារមណីយដ្ឋានអង្គរចន្លោះពីខែមករា ដល់ខែកក្កដាកន្លងមកនេះ ដោយកើនឡើងប្រហែលជិត ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧កន្លងមក។
កាលពីឆ្នាំ២០១៧កន្លងទៅនេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរប្រមាណ ២,៤៥៧,០២៣នាក់ និងទទួលបានចំណូល ១០៧,៩៧៦,៤៣៩ ដុល្លារ។