តំណាងសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង ដែលថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ហើយកំពុងជាប់ឃុំ បានស្នើទៅតុលាការឲ្យដោះលែងដោយសម្អាងថា ខ្លួនមិនបានទៅរំលោភយកដីរបស់ក្រុមហ៊ុន ដូចការចោទប្រកាន់នោះទេ។
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញ បានបើកសវនាការលើសុំណុំរឿងតំណាងសហគមន៍ព្រែកខ្សាច់ម្នាក់ ឈ្មោះ ហេង សុខ ដែលថាមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ បន្ទាប់ពីតំណាងសហគមន៍រូបនេះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាង៦ខែជុំវិញការចោទថា ទៅបោះបង្គោលព្រំលើដីអ្នកដទៃដោយខុសច្បាប់។
មន្រ្តីសម្របសម្រួលអង្គការលីកាដូខេត្តកោះកុង លោក ហ៊ួរ អ៊ីន ដែលចូលស្តាប់សវនាការនោះប្រាប់វីអូឌីថា នៅក្នុងសវនាការ តំណាងសហគមន៍លោក ហេង សុខ បានស្នើទៅតុលាការឲ្យដោះលែងបានក្រៅឃុំ ដោយសម្អាងថា ដីដែលគាត់ទៅបោះបង្គោលព្រំនោះជាដីរបស់គាត់បានកាន់កាប់មុនក្រុមហ៊ុនទទួលបានសម្បទាន។
មន្រ្តីសម្របសម្រួលអង្គការលីកាដូខេត្តកោះកុង លោក ហ៊ួរ អ៊ីន
មន្រ្តីសម្របសម្រួលសមាគមអាដហុកលោក មាន ព្រហ្មមន្នី ដែលឃ្លាំមើលរឿងនេះដែរមានប្រសាសន៍ថា ករណីអាជ្ញាធរចាប់ឃុំខ្លួនតំណាងពលរដ្ឋព្រែកខ្សាច់នេះអាចមានចេតនាគំរាមកំហែង និងបំបាក់ស្មារតី កុំឲ្យពលរដ្ឋហ៊ានចេញតវ៉ារឿងជម្លោះដីធ្លី ដោយថា តំណាងរូបនេះសកម្មក្នុងការដឹកនាំពលរដ្ឋចេញតវ៉ាប្រឆាំងក្រុមហ៊ុនដែលរំលោភបំពានដីធ្លីអ្នកភូមិក្នុងសហគមន៍។
មន្រ្តីសម្របសម្រួលសមាគមអាដហុកលោក មាន ព្រហ្មមន្នី
វិអូឌីមិនសុំឆ្លើយតបពីតំណាងក្រុមហ៊ុនលោក លី យ៉ុងផាត់ បានទេជុំវិញវិវាទដីធ្លីនេះ។
តែទោះយ៉ាងណា មន្រ្តីសមាគមអាដហុកឲ្យដឹងថា សាលាដំបូងខេត្តកោះកុងនឹងប្រកាសសាលក្រមលើសុំណុំរឿងតំណាងសហគមន៍នេះនៅថ្ងៃទី៩សីហាខាងមុខនេះ។
មន្រ្តីអង្គការសិទ្ធិមនុស្សក្នុងខេត្តកោះកុងបានអំពាវនាវប្រហាក់ប្រហែលគ្នាទៅតុលាការខេត្តកោះកុង ឲ្យទម្លាក់ចោលការចោទ ប្រកាន់ និងដោះលែងតំណាងសហគមន៍លោក ហេង សុខ ឲ្យមានសេរីភាពវិញ ដោយថា ជុំវិញវិវាទដីធ្លីនេះមិនគួរចាប់ពលរដ្ឋ ទៅឃុំឃាំងនោះទេ និងគួរតែដោះស្រាយតាមគណៈកម្មាការដោះស្រាយវិវាទដីធ្លីវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយកម្មករកាលពីម្សិលមិញនេះ បានជំរុញទៅមន្រ្តីក្រោមឱវាទត្រូវបង្កើនការដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាព ដោយចាត់ទុកពលរដ្ឋជាម្ចាស់ និងចាត់ខ្លួនឯងជាអ្នកបម្រើ។
តំណាងសហគមន៍ព្រែកខ្សាច់លោក ហេង សុខ ត្រូវបានសមត្ថកិច្ចខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី២២កុម្ភៈ ក្រោយពីតំណាងសហគមន៍រូបនេះ ចូលទៅបោះបង្គោលព្រំលើដីដែលថា កំពុងមានជម្លោះជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ស្ថិតក្នុងឃុំព្រែក ខ្សាច់ ស្រុកគីរីសាគរ៕









