អតីតនាយករដ្ឋមន្ត្រីថៃដែលពួកយោធាធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ គឺលោកស្រី យីង ឡាក់ កំពុងប្រឈមនឹងការចាប់ខ្លួនដោយចោទថា មានកំហុសធ្វើឲ្យបាត់បង់លុយជាតិដោយ សារតែគម្រោងទិញស្រូវពីកសិករ។
កាលពីចុងសប្តាហ៍មុនស្រ្តីរូបនេះ បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងតំបន់មួយនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។
ក្រោយមកមេដឹកនាំយោធាលោក ប្រាយុទ្ធ ចាន់អូចា បានស្នើទៅរដ្ឋាភិបាលអង់គ្លេសឲ្យចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីរូបនោះបញ្ជូនទៅកាន់ប្រទេសថៃ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់របស់ប្រទេសថៃ។
កាលពីខែកញ្ញាឆ្នាំ២០១៧ តុលាការកំពូលរបស់ថៃ បានកាត់ទោសកំបាំងមុខ ដោយសម្រេចឲ្យលោកស្រី យីង ឡាក់ ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ប៉ុន្តែអំណាចសាលដីកានេះ មិនបានដាក់ទោសលោកស្ រីយីង ឡាក់ ទេ ដោយសារលោកស្រីបានគេចចេញពីប្រទេសតាំងពីខែសីហា ដោយថា ការកាត់ទោសនោះធ្វើឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ។
លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា ជាការប្រសើរបំផុតដែលរដ្ឋាភិបាលអង់គ្លេសអនុវត្តតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីឆ្នាំ១៩១១។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា
លោកស្រី យីង ឡាក់ និងបងប្រុសរបស់លោកស្រី សុទ្ធតែជាអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានពួកយោធាធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែងក្រោមហេតុផលកំហុសផ្សេងៗ។
ប៉ុន្តែអ្នកជំនាញមួយចំនួនលើកឡើងថា ហេតុផលនៃការបណ្តេញបងប្អូនទាំងពីរនាក់ចេញពីតំណែងដោយចោទប្រកាន់ផ្សេងៗនេះ ដោយសារតែត្រកូល ស៊ីណាវ៉ាត់ត្រា របស់អ្នកទាំងពីរមានប្រជាប្រិយភាពខ្លាំងក្នុងសង្គមថៃដែលអាចជះឥទ្ធិពលលើអំណាចក្សត្រ និងអំណាចរបស់ពួកក្រុមយោធា។
គ្រួសារអ្នកទាំងពីរបានជួយជ្រោមជ្រែងច្រើនដល់ប្រជាពលរដ្ឋក្រីក្រនៅភាគខាងជើង និងភាគឦសានប្រទេស។
ប៉ុន្តែសំនួរសួរថា ការស្នើឲ្យចាប់ខ្លួនេះធ្វើឡើងពិតប្រាកដឬ ហេតុផលផ្សេង?
បើការស្នើឡើងនេះ ធ្វើឡើងពិតប្រាកដជាចង់ឲ្យមានការចាប់ខ្លួនមែន ចុះហេតុអ្វីបានជាមិនធ្វើឡើងតាំងពីដំបូងដែលលោកស្រី រត់ចេញពីប្រទេសតាំងពីខែសីហាឆ្នាំមុននោះ។
មូលហេតុមួយទៀតសួរថា តើហេតុអ្វីបានជាលោកស្រី យីងឡាក់ រត់ចេញពីប្រទេសថៃបាន តើនេះជា ការបើកផ្លូវពីសំណាក់អំណាចក្រុមយោធាដែរឬទេ?
ចំណុចទាំងនេះ បង្ហាញថា យោធាថៃមិនចង់ចាប់ខ្លួនលោកស្រី យីងឡាក់ ទេគ្រាន់តែនិយាយឲ្យពិរោះស្តាប់តែប៉ុណ្ណោះ។
បើរដ្ឋាភិបាលយោធាចាប់ខ្លួនលោកស្រី យីងឡាក់ មែន គ្មានបានផលអ្វីទេ ផ្ទុយទៅវិញបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសតែប៉ុណ្ណោះ។
សួរថា ចុះហេតុអ្វីបានជា លោកប្រាយុទ្ធ ស្នើឲ្យមានការចាប់ខ្លួនលោកស្រី យីងឡាក់ ពេលនេះ?
ប្រហែលជា អាចពាក់ព័ន្ធខ្លាំងទៅនឹងការបោះឆ្នោតនៅក្នុងប្រទេសថៃនៅដើមឆ្នាំ២០១៩ខាងមុខ ព្រោះថា ត្រកូលមួយនេះនៅតែមានឥទ្ធិពលលើនយោបាយថៃ ដូច្នេះការព្រមានចាប់ខ្លួនអាចធ្វើឲ្យបងប្អូនពីរនាក់នេះមិនធ្វើសកម្មភាពអ្វីពីក្រៅប្រទេស ឬ បើមានសកម្មភាពបែបសម្តែងណាមួយក្នុងការចាប់ខ្លួននាំឲ្យអ្នកគាំទ្រនៅក្នុងប្រទេសធ្វើសកម្មភាពផ្ទុះឡើងនោះ ពួកយោធាមានមូលហេតុគ្រប់គ្រាន់ក្នុងការពន្យារពេលបោះឆ្នោតទៀត។









