សិក្សានុសិស្សខ្មែរចំនួន៤រូប បានទទួលមេដាយចំនួន ៩គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបីលើកទី ៧ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចុះថ្ងៃទី ០៣ ខែ សីហា បានឲ្យដឹងថាក្រសួងបានបញ្ជូនបេក្ខជន ចំនួន ៦ រូប ទៅចូលរួមក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបី លើកទី ៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែ កក្ដដា ដល់ថ្ងៃទី ០៤ ខែ សីហាឆ្នាំ ២០១៨ ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបន្តថាការប្រកួតប្រជែងនេះ សម្រាប់សិស្សដែលមានអាយុ ១៣ ដល់ ១៥ ឆ្នាំ ដែលប្រកួតប្រជែងលើប្រធានបទ «វិទ្យាសាស្ត្រ និង ការបង្កើតថ្មីដើម្បីសុខភាព និង សុខុមាលភាពសង្គម» ដោយមានការចូលរួមពីបេក្ខជនចំនួន ៥៧ នាក់មកពីបណ្ដាប្រទេសអាស៊ាន រួមជាមួយនឹងប្រទេសកូរ៉េផង។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបន្តថាជាលទ្ធផលសិស្សកម្ពុជា ៤នាក់ ទទួលបានមេដាយចំនួន ៩ គ្រឿង ក្នុងនោះមានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១គ្រឿង និង មេដាយសំរឹទ្ធ ៧ គ្រឿង។
បើតាមសេចក្ដីប្រកាសព័ត៌មាននោះយុវសិស្សដែលទទួលបានមេដាយមាស ឈ្មោះថា អៀង ហ៊ុយឃាង ភេទប្រុស មកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ចំណែកឯយុវសិស្ស ឡី ឡាយអាន ភេទប្រុសមកពីសាលាឯកជនខេត្តបាត់ដំបងទទួលបានមេដាយប្រាក់ ១ និង មេដាយសំរឹទ្ធ ២គ្រឿង។
ដោយឡែកយុវសិស្សឈ្មោះ ស្រ៊ុន រដ្ឋា ភេទប្រុសមកពីវិទ្យាល័យហ៊ុនសែន ១មិថុនា ខេត្តតាកែវ ទទួលបានមេដាយ សំរឹទ្ធ ៣គ្រឿង ខណៈដែលមេដាយសំរឹទ្ធ ២គ្រឿងទៀតបានទៅលើសិស្សឈ្មោះ ពេជ្ជ ពុធស្រីនាថ មកពីវិទ្យាល័យព្រះបាទ សុរាម្រិតខេត្តកំពង់ឆ្នាំ៕