គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយថាគ្រោះទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ និងប៉ះពាល់ដល់ពលរដ្ឋជិតបួនម៉ឺនគ្រួសារ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី បានឲ្យដឹងនៅថ្ងៃនេះថា ខេត្តចំនួន៥ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងព្រៃវែង បានទទួលរងគ្រោះដោយទឹកជំនន់ ដែលរងការខូចខាតដល់ស្រុកចំនួន២៧ ឃុំសង្កាត់ចំនួន១៤១ ប៉ះពាល់ដល់៣៩២៤៣គ្រួសារ ហើយបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ ក្នុងនោះ៤នាក់ជាកុមារ។
ប្រភពខាងលើបានបន្ថែមឲ្យដឹងដែរថា មានការខូចខាតផ្ទះចំនួន១៥ខ្នងដោយសារបាក់ច្រាំងទន្លេ និងសាលារៀនចំនួន១៤២កន្លែង វត្តអារាមចំនួន៨០កន្លែង និងមណ្ឌលសុខភាពចំនួន៦កន្លែងរងការលិច ហើយដំណាំស្រូវ ១៣៨៧៦ហិកតា និងដំណាំរួមផ្សំនិងដំណាំចំការចំនួន ៤៣៧៨ហិកតាក៏ប៉ះពាល់ផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៨ ឲ្យដឹងថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិកើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។