ប្រទេសវេណេហ្ស៊ុអេឡាបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនកាលពីថ្ងៃទី២០ខែឧសភាកន្លងទៅ។ ភ្លាមៗក្រោយបោះឆ្នោត សហគមន៍អន្តរជាតិមួយចំនួនបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនោះ ដោយលើកឡើងថាមានការទិញទឹកចិត្តម្ចាស់ឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលំអៀងទៅបក្សកាន់អំណាច និង ការមិនចូលរួមរបស់ក្រុមបក្សប្រឆាំងជាដើម។
ក្រុមសហគមន៍អន្តរជាតិដែលប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនៅវេណេហ្ស៊ុអេឡា ដែលធ្វើឡើងកាលពីចុងខែឧសភាកន្លងទៅរួមមានសហគមន៍អឺរ៉ុប ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ និងក្រុមប្រទេស Lima Group ដែលសមាជិកភាគច្រើនជាប្រទេសអាមេរិកឡាទីន។
សហរដ្ឋអាមេរិកបាននាំមុខគេក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសវេណេហ្ស៊ុអេឡា ដោយក្រោយការប្រកាសលទ្ធផលភ្លាមៗ ប្រទេសនេះបានប្រកាសហាមមិនឲ្យប្រជាជននិងក្រុមហ៊ុនរបស់ខ្លួនធ្វើការទិញដូរភាគហ៊ុនណាមួយជាក្រុមហ៊ុនប្រេង Petróleos de Venezuela ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលវេណេហ្ស៊ុអេឡាឡើយ។ ការហាមឃាត់នេះនឹងធ្វើឲ្យមន្រ្តីក្នុងរដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ មិនមានឱកាសលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុននោះបានទេ។
ជាការសងសឹកនឹងអាមេរិក វេណេហ្ស៊ុអេឡា បានលើកឡើងថាខ្លួននឹងបង្វែរការនាំចេញប្រេងឆៅរបស់ខ្លួនទៅអាស៊ីវិញ ពោលគឺទៅប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ អាមេរិកមិនបានឈប់ត្រឹមប៉ុណ្ណេះទេ។ ប្រទេសនេះក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកធំៗរបស់របបលោកនីកូឡាស ម៉ាឌូរ៉ូផងដែរដែលក្នុងនោះរួមមានការហាមមិនឲ្យចូលទឹកដីអាមេរិកជាដើម។
ចំណែកឯសហគមន៍អឺរ៉ុបវិញ ក៏មិនស្ងៀមដែរ។ ក្រុមប្រទេសក្នុងសហគមន៍មួយនេះ បានដាក់ចេញនៅទណ្ឌកម្មនានាប្រឆាំងនឹងរដ្ឋាបាលថ្មីរបស់លោកនីកូឡាស ម៉ាឌូរ៉ូ ដែរ ប៉ុន្តែសហគមន៍អឺរ៉ុបតែងតែនិយាយការពារខ្លួនឯងថាទណ្ឌកម្មទាំងនោះធ្វើឡើងសំដៅចំពោះតែមេដឹកនាំធំៗរបស់ប្រទេសនេះប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបប្រជាជនវេណេហ្ស៊ុអេឡាទូទៅនោះទេ។
វិធានការណ៍ដែលសហគមន៍អឺរ៉ុបឆ្លើយតបទៅនឹងរដ្ឋាបាលថ្មីរបស់លោកនីកូឡាស ម៉ាឌូរ៉ូ នៅពេលនេះរួមមានការបង្អកទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់មន្រ្តីធំៗជុំវិញខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និង ក្រុមហ៊ុននានារបស់ប្រទេសនេះជាដើម។ អឺរ៉ុបថាការដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើបុគ្គលដែលស្និតជុំវិញប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ នឹងមានប្រសិទ្ធិភាពជាងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទាំងមូល។
ចំណែកឯក្រុមប្រទេសលីម៉ាគ្រុបដែលមានសមាជិក១៤ ប្រទេសដែលក្នុងនោះក្រុមប្រទេសដែលនាំមុខមិនទទួលស្គាល់ការបោះឆ្នោតកាលពីខែឧសភា រួមមានប្រទេសកាណាដា ប្រេស៊ីល និង មិកស៊ីកូជាដើម ក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីសំខាន់របស់រដ្ឋាភិបាលលោកនីកូឡាស ម៉ាឌូរ៉ូដែរ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះក៏បានប្រាប់ទៅមេដឹកនាំ វេណេហ្ស៊ុអេឡា ថាខ្លួននឹងកាត់បន្ថយការធ្វើកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្មនិងយោធាជាមួយប្រទេសវេណេហ្ស៊ុអេឡាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានប្រទេសមួយចំនួនទៀតដែលភាគច្រើនជាប្រទេសសង្គមនិយមរួមមានប្រទេសគុយបា ចិន រុស្ស៊ី កូរ៉េខាងជើង និងប្រទេសមួយចំនួនដែលពឹងផ្អែកប្រេងពីប្រទេសវេណេហ្ស៊ុអេឡា បានទទួលស្គាល់ការបោះឆ្នោតដែលរៀបចំកាលពីខែឧសភាកន្លងទៅ។ ក្រុមប្រទេសទាំងនេះនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការណ៍ជាធម្មតាជាមួយវេណេហ្ស៊ុអេឡា។
វេណេហ្ស៊ុអេឡានៅពេលនេះក៏កំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងដែរ។ ប្រជាជនជួបវិបត្តិកង្វះខាតចំណីអាហារ ថ្នាំសង្កូវ ហើយប្រជាជនជាងមួយលាននាក់បានចាកចេញពីប្រទេសទៅកាន់ប្រទេសជិតខាងដើម្បីស្វែងរកការងារធ្វើ។ អតិផរណាទំនិញប្រចាំឆ្នាំបានឡើងដល់រហូត១៤០០០ភាគរយ។
ក្រៅពីភាពឯកោលើឆាកអន្តរជាតិ និង វិបត្តិសេដ្ឋកិច្ច វេណេហ្ស៊ុអេឡាពេលនេះក៏កំពុងតែប្រឈមនឹង បញ្ហាសន្តិសុខ និង ស្ថិរភាពផងដែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅ យន្ដហោះដ្រូនបំពាក់ដោយគ្រឿងផ្ទុះ បានធ្វើការវាយប្រហារប៉ុនប៉ងធ្វើឃាតលោក នីកូឡាស ម៉ាឌូរ៉ូ នៅពេលដែលលោកកំពុងថ្លែងសារទៅកាន់ក្រុមយោធា។ ភ្លាមៗក្រោយការប៉ុនប៉ងការធ្វើឃាតនេះ លោកនីកូឡាស ម៉ាឌូរ៉ូ បានចោទថាសហរដ្ឋអាមេរិក កូឡុំប៊ី និងក្រុមប្រឆាំងនៅក្នុងប្រទេសគឺជាអ្នកនៅពីក្រោយ។ តែការលើកឡើងនេះ ត្រូវបានអាមេរិក និងកូឡុំប៊ីបដិសេធ៕