អង្គ​​ការ​​លើក​លែង​ទោសអន្ត​​រ​ជាតិ​​រំឭ​ក​រដ្ឋា​ភិ​បាល​ថ្មី​របស់​កម្ពុជា​​ឲ្យ​អ​នុ​វត្ត​​កា​ត​​ព្វ​​កិច្ច​​សិ​ទ្ធិ​​មនុ​​ស្ស​

Screenshot an report of Amnesty International (Image: amnesty.org)

អង្គការ​លើក​លែង​ទោសអ​ន្តរ​ជាតិ​ Amnesty​ international​ រំ​ឭក​ឲ្យ​រ​ដ្ឋា​​ភិបាលថ្មី​របស់​​ក​ម្ពុ​​ជា​​​​​​​​ត្រូ​វ​អនុ​​វ​ត្ត​ឲ្យបាន​នូវ​កាតព្វ​កិច្ច​ក្នុងការគោរព​សិទ្ធិម​នុស្ស ​​តាម​ការ​ប្តេជ្ញាចិ​ត្តរបស់ខ្លួន​​​​នៅ​​​​​​​អង្គ​​ការ​​​សហ​​ប្រ​ជា​​ជាតិ។

សេ​ចក្តីថ្លែងការណ៍ចុះថ្ងៃទី៦ខែសីហា Amnesty international បានលើកឡើង​ថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំឡុងខែកញ្ញាឆ្នាំ២០១៧ បាន​ប្រាប់មហាសន្និបាតអ​ង្គការសហប្រ​ជាជាតិនៅទី​ក្រុង​ញូ​វយ៉ក​ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោ​ល​ការ​​ណ៍​ជាសកល​ស្តីពីសិទ្ធិមនុ​ស្ស​ជាមូលដ្ឋាន ហើយបានចោទប្រកាន់សហគមន៍​អន្តរជាតិថា​បានវាយប្រហារយ៉ាងអយុត្តិធម៌លើកម្ពុជា។

សេ​​ចក្តីថ្លែងការណ៍ដដែលលើកឡើងទៀតថា ដើម្បី​បង្ហាញពី​ការ​ប្តេ​​ជ្ញា​ចិ​ត្តរបស់ខ្លួ​ន ក្នុងការ​គោរពសិទ្ធិមនុស្ស រដ្ឋាភិបាលកម្ពុជាគួរ​ដោះលែង​អ្នកជា​ប់​ឃុំ​​មួយចំនូនមានដូចជា​ មេ​ដឹ​ក​​នាំគ​​​​ណ​បក្ស​​ប្រឆាំង លោកកឹម សុខា ស​ក​ម្មជនដីធ្លី អ្នកស្រី ទេព វន្នី និង អតីត​បុគ្គ​លិកវិ​ទ្យុ​អាស៊ី​សេ​រីពីរនាក់ ។

VOD មិនអាចទាក់ទងសុំការឆ្លើយតបពី​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និង​ សួស យ៉ារ៉ា បានទេ​។ ប៉ុន្តែមេដឹកនាំបក្សកាន់អំណាច និងជាអនាគតនាយករដ្ឋមន្ត្រីនៅអាណត្តិថ្មីនេះ លោក ហ៊ុន សែន សរសេ​រ​លើ​គេ​​​ហ​ទំព័រហ្វេសប៊ុក របស់លោកនាថ្ងៃអង្គារនេះថា រាជរដ្ឋាភិបាលថ្មី​អាណ​ត្តិទី​៦​នេះនឹ​ងខិ​តខំ​ប្រឹ​​ង​ប្រែង​​ទ្វេរ​ដងដើម្បីការរីក​ច​ម្រើ​នរបស់​កម្ពុជា។

​អ្នកនាំពាក្យ​សមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា អះអាងថា រដ្ឋាភិបាលកម្ពុជាជាប់​កាតព្វ​កិច្ច​អ​​នុ​វ​​ត្ត​គោ​​​​ល​ការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សតាមកិច្ចព្រមព្រៀង អនុសញ្ញា និងកតិការសញ្ញា​អន្ត​រជាតិ ស្តីពីសិ​ទ្ធិព​លរ​ដ្ឋ និង​សិ​ទ្ធិ​​​​​ន​​​យោ​បាយ ជាមួយអង្គការសហប្រជាជាតិ។

មន្ត្រី​​សិទ្ធិមនុស្សរូបនេះ និយាយទៀតថា ការក្រើនរំឭករបស់អង្គការ​លើក​លែង​ទោសអ​ន្តរ​ជាតិមួយនេះ ជាការ​លើក​មុខ​មា​ត់រដ្ឋា​ភិ​បា​ល​​លើឆាកអន្តរជាតិទៅវិញទេ បើការធ្វើកំណែទម្រង់ដ៏ជឿទុកចិត្តមួយ ត្រូវបាន​ធ្វើ​ឡើង​មែន​នោះ​​។

ក្នុងករណីនេះ យើង ដឹងហើយថា វាប៉ះពាល់ធ្ងន់ធ្ងដល់ មុខមាត់កម្ពុជា នៅពេល​ដែលកម្ពុ​ជាទទួល​​​​​យ​កនូ​វអ្វី​ម​ក​អនុ​​​វត្ត​ន៍​​​ហើយ អត់បានអនុវត្តន៍តាមបែបនេះ។ វាធ្វើឲ្យកម្ពុជាទទួ​លរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និង​អន្តរ​ជា​តិ ជៀសសមិន​ផុត​នោះ​ទេ។ ប៉ុ​ន្តែ​​​ដោ​យឡែកបើសិនជាកម្ពុជាយើង ចាប់ផ្តើមងាក​ទៅ​រកការគោរព​សិទ្ធិ​មនុស្ស​ អាហ្នឹងវាអាចជាផលវិជ្ជមានទៅវិញ

អ្នកនាំពាក្យ​សមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា

​ទោះជាយ៉ាងណា អង្គការលើកលែងទោសអន្តរជាតិមួយនេះអះអាងថា ខ្លួនកំពុងជម្រុញរដ្ឋាភិបាលកម្ពុជាឲ្យអនុ​វត្ត​កា​ត​ព្វ​កិ​​ច្ច​សិ​ទ្ធិ​ម​នុស្ស របស់ខ្លួនទាំង​ស្រុងក្រោមសន្ធិសញ្ញាទាំងឡាយ ដែលកម្ពុជាបានចុះហត្ថលេខា និងជំរុញ​ឲ្យ​រដ្ឋា​ភិបាលថ្មី ឈ​ប់​ប្រើ​​ប្រ​ព័ន្ធច្បាប់មិ​នត្រឹម​ត្រូវ​​​​ វាយប្រហារទៅលើអ្នកកាសែ​ត អ្នក​ការ​ពារសិទិ្ធមនុស្ស និង​សក​ម្ម​ជ​​​​នន​យោ​បាយដែលត​ស៊ូមតិ​ដោយ​ស​ន្តិវិធី ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ