មេដឹកនាំឥណ្ឌូនេស៊ីសម្របជាមួយអាមេរិកដើម្បីបានបន្តអនុគ្រោះពន្ធ

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo មុនពេលកិច្ចប្រជុំទ្វេភាគីនៅវិមានប្រធានាធិបតីនៅហ្សាកាតានៅថ្ងៃទី 5 ខែសីហាឆ្នាំ 2018 (រូបភាព៖ AFP)

នៅចុងសប្តាហ៍មុននេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាន ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃការត្រួតពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាមេរិកឈ្មោះ GSP (Generalized System of Preferences)។​

ប្រព័ន្ធអនុគ្រោះពន្ធ GSP គឺជាប្រព័ន្ធមួយរបស់រដ្ឋាភិបាលអាមេរិកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បើកឲ្យប្រទេសដៃគូនាំទំនិញចូលមិនបង់ពន្ធឬ បង់ពន្ធក្នុងកម្រិតទាប។ ប្រព័ន្ធនេះបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ហើយមានការកែសម្រួលបន្ថែមនៅដើមឆ្នាំ១៩៧៦។​

កាលពីខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់មួយ ដែលកំណត់ឲ្យមានការពិនិត្យឡើងវិញលើប្រទេសដែលទទួលបានប្រព័ន្ធនៃការអនុគ្រោះពន្ធនេះ។​

នៅក្នុងជំនួបរវាងមេដឹកនាំឥណ្ឌូនេស៊ីលោក  Joko Widodo និងរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ Mike Pompeo គឺឥណ្ឌូនេស៊ីបានព្យាយាមបញ្ចុះបញ្ចូលអាមេរិក​ឲ្យបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះ ដល់ឥណ្ឌូនេស៊ីបន្តទៀត។​

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងប្រធានាធិបតីឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីការបរទេសអាមេរិកថា ឥណ្ឌូនេស៊ីមានសង្ឃឹមច្រើនថា អាមេរិកនៅតែបន្តផ្តល់ឲ្យប្រពន្ធអនុគ្រោះពន្ធនេះ។

លោក Retno Marsudi ថ្លែងថា ទំនិញ៥៣ភាគរយ នាំពីឥណ្ឌូនេស៊ីទៅអាមេរិក​ ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ខណៈ៣៥ភាគរយទៀត ជាទំនិញដែលសហការផលិតជាមួយអាមេរិក។​

នៅក្នុងប្រព័ន្ធអនុគ្រោះពន្ធ GSP ឥណ្ឌូនេស៊ីទទួលបានការរួចពន្ធប្រមាណ២ប៊ីលានដុល្លារ។ ទំនិញដែលរួចពន្ធទាំងនោះរួមទាំងផលិតផលកសិកម្ម វាយនភណ្ឌ និងផលិតផលឈើកែច្នៃហើយ ជាដើម។​

ក្នុងឆ្នាំ២០១៧ទំនិញដែលឥណ្ឌូនេស៊ីនាំចូលសហរដ្ឋអាមេរិកមានទឹកប្រាក់១៧,៨ ប៊ីលានដុល្លារ។

​ទន្ទឹមទៅនឹងការបញ្ចុះបញ្ចូលឲ្យអាមេរិកបន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីលោក​ Enggartiasto Lukita ក៏បានស្នើឲ្យអាមេរិកទម្លាក់ចោលពន្ធលើអាលុយមីញ៉ូម និងដែកថែប។ ផលិតផលដែកថែប និងអាលុយមីញ៉ូម អាមេរិកកំពុងតែដំឡើងពន្ធនាំចូលខ្ពស់ដែលនាំឲ្យសម្ព័ន្ធមិត្តផ្សេងៗទៀត ។​

កាលពីខែកក្កដា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានធ្វើដំណើរទៅអាមេរិក ហើយបានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Willbur Ross នៅរដ្ឋធានីវ៉ាស៊ីនតោន។​ នៅក្នុងជំនួបនោះភាគីទាំងពីបានប្តេជ្ញាជំរុញតម្លៃការធ្វើពាណិជ្ជកម្មឲ្យកើនដល់៥០ប៊ីលានដុល្លារ។​

ជុំវិញការស្នើឲ្យបន្តប្រពន្ធអនុគ្រោះពន្ធនេះ មិនទាន់មានការឆ្លើយតបយ៉ាងណាពីអាមេរិកទេ ដោយអាមេរិកនៅវាយតម្លៃលើចំណុចមួយចំនួនសិនរួមទាំងភាពស្មោះត្រង់រវាងគ្នានឹងគ្នាផង។​

ទោះយ៉ាងណារដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងប្រាប់ទូរទស្សន៍ឥណ្ឌូនេស៊ី Metro TV ថា លោក ដូណល ត្រាំ ចង់ពង្រឹងការធ្វើពាណិជ្ជកម្មនៅអាស៊ី ក្នុងនោះរួមទាំងឥណ្ឌូនេស៊ី។​

បច្ចុប្បន្នតំបន់អាស៊ាន ចិនកំពុងតែមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចនិងនយោបាយ ដូច្នេះគេរំពឹងថា​ ការប្រឹងប្រែងផ្នែកការទូតរបស់ឥណ្ឌូនេស៊ីជាមួយអាមេរិកនេះ នឹងមិនអត់ប្រយោជន៍ទេ ព្រោះអាមេរិកក៏កំពុងខិតខំប្រើឥទ្ធិពលរបស់ខ្លួនដើម្បីប្រណាំងជាមួយចិនដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ