មនុស្ស៩៨នាក់បានស្លាប់ និង២ ម៉ឺននាក់ទៀតបាត់បង់ផ្ទះសម្បែង ក្នុងហេតុការណ៍រញ្ជួយដីដែលមានទំហំ ៦,៩ វិចទ័រ នៅលើកោះឡំប៊ុក (Lombok) ក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យមុននេះ។
សារព័ត៌មាន BBC របស់អង់គ្លេសចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកនៅក្នុងវិហារអ៊ីស្លាមមួយ នៅប្រទេសឥណ្ឌូនេស៊ី ដែលពួកគិតថាប្រជាជនអាចនឹងជាប់ដោយការរញ្ជួយដីកាលពីថ្ងៃអាទិត្យ។
តាមប្រភពដដែល ក្រុមអ្នកស្រាវជ្រាវ និងអ្នកសង្គ្រោះបានជួយសង្គ្រោះបានមនុស្ស ២០០០ នាក់មកពីកោះជីលី (Gili Islands) និងកោះបីទៀតដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងឆៀងខាងលិចនៃកោះឡំប៊ុក (Lombok) ដែលជាទីកន្លែងសម្បូរដោយភ្ញៀវទេសចរណ៍ច្រើន។
យោងតាមសារព័ត៌មាន ABC បានចេញផ្សាយថា មន្រ្តីរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងព្យាយាមសម្របសម្រួល ខិតខំប្រឹងប្រែងជួយសង្គ្រោះដល់អ្នកស្រុកនិងអ្នកទេសចរនៅលើកោះឡំប៊ុក (Lombok) ។ លោកប្រធានាធិបតី Joko Widodo បានជម្រុញឲ្យមានការជម្លៀសមនុស្សយ៉ាងឆាប់រហ័សដោយបានអំពាវនាវឱ្យមានយន្តហោះបន្ថែមទៀតដើម្បីបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ផងដែរ៕









