ការ​នាំចេញ​អង្ករ​បន្ត​ធ្លាក់​ចុះក្នុង​រយៈ​ពេល​៧​ខែ​ឆ្នាំនេះ​​បើ​ធៀប​នឹង​ឆ្នាំ​មុន

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​បន្តិចបើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ឆ្នាំ​មុន។

ក្នុង​របាយការណ៍ចុះ​ថ្ងៃ​ទី ១ សីហា​ អំពីស្ថាន​ភាព​នៃការ​នាំចេញ​អង្ករ​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០១៨ ​ ឲ្យ​ដឹងថាក្នុង​រយៈពេល​៧​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​ការ​នាំ​ចេញ​អង្ករ​កម្ពុជាទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​មាន​ចំនួន​ ២៩៧ ០៨០តោនទាបជាងការ​នាំ​ចេញក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន ៦,៣០ភាគ​រយ ខណៈ​ឆ្នាំ​២០១៧​ការ​នាំ​ចេញ​មាន​ចំនួន​ ៣១៣ ៩១៦ តោន។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក​ ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ថាមូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ថយ​ចុះ​នេះ ​បណ្តាល​មក​ពីកម្រិត​​សមត្ថភាព​នៃ​រោង​ម៉ាស៊ីន ដែល​តាម​ការ​សង្កេត​របស់​លោក​គឺ​ភាគច្រើន​អ្នក​នាំ​ចេញ​​គ្មាន​ឃ្លាំង​បម្រុង​ទុក​សម្រាប់​បម្រើ​​ឲ្យ​ការ​នាំ​ចេញ​នោះទេ។

ជា​ទូ​ទៅគឺ​ថា​គាត់​ទិញកិន​ចេញៗ មិន​មែន​ថា​គាត់​ប្រមូល​ទិញ​ស្រូវ​នៅ​តាម​រដូវ​ដែល​គាត់​ប្រមូល​ផល​បាន​នោះ​មក​ទុកទេ! អញ្ចឹង​នៅពេល​ដែល​គាត់​អត់​ប្រមូល​ទិញ បាន​ន័យ​ថា​ស្រូវ​ហ្នឹង​ហូរ​ទៅ​ប្រទេស​ជិត​ខាង​ហើយ។​ អញ្ចឹង​ហើយ​យើង​សង្ឃឹម​ថា​អាច​មាន​កំណើន​ឡើង​វិញ នៅពេល​ដែល​យើង​កំពុង​ច្រូត​ស្រូវ​ស្រាល​ដើម​រដូវ​នេះ

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក​ ហ៊ាន វណ្ណហន

ខណៈ​ដែល​កម្ពុជាកំពុង​រង​គ្រោះ​ពីទឹក​ជំនន់​នៅ​តាម​ខេត្ត​មួយ​ចំ​នួន​នោះ​លោក ហ៊ាន វណ្ណហន អះអាង​ថា​​មិន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជាក្នុង​ឆ្នាំ​២០១៨​នេះ​​នោះ​ទេ​។

កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដាកន្លង​ទៅរដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​បាន​សម្រេចទម្លាក់​ទុន​បំរុង​ជាង​៥០​លាន​​ដុល្លារ​ ទុក​ផ្តល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិន​ស្រូវ និង​អ្នក​នាំចេញ​ ដោយ​ទទួល​យក​ស្រូវ​ក្នុង​ឃ្លាំង​ជា​ទ្រព្យ​បញ្ចាំ​ដើ​ម្បី ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ជួយ​ទិញ​ស្រូវ​ពីកសិករ ក៏​ដូច​ជាទប់​ស្កាត់​ការ​ធ្លាក់តម្លៃ​ស្រូវ។

អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ដោយ​​៧០​ក្រុម​ហ៊ុន ទៅ​កាន់ប្រទេស​៦០​នៅ​ទូ​ទាំង​ពិភព​លោក ក្នុង​នោះ​ប្រទេស​ចិន​ បារាំង  ប៉ូឡូញ ម៉ាឡេស៊ី និង​បង់ក្លាដេស​ទទួល​ទិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ។ ក្នុង​ឆ្នាំ​២០១៧​កន្លងទៅកម្ពុជា​សម្រេច​នាំ​អង្ករ​ចេញ​បាន ៦៣,៥ ម៉ឺន​តោន កើនឡើង ១៧,៣​ភាគរយ ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ