អាមេរិក​ថា​វារីអគ្គិសនីទន្លេមេ​គង្គនៅ​ទឹកដីចិនប៉ះពាល់ប្រទេស​ភាគខាងក្រោម​ តែ​ចិន​បដិសេធ​

ស្ថានីយ៍វារីអគ្គីសនី Jinghong នៅទន្លេ Lancang ដែលជាផ្នែកមួយនៃទន្លេមេគង្គនៅក្នុងទីក្រុង Jinghong ខេត្តស្វយ័ត សាវបាងណា ខេត្តយូណាន ប្រទេសចិនភាគនិរតី។ រូបថត: AFP

មន្ត្រី​ជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាន​លើកឡើងថា​ទំនប់វារីអគ្គិសនី​​ដែល​​កសាងនៅតំបន់ទន្លេមេគង្គ​ភាគ​ខាង​លើក្នុង​ទឹកដីចិនបានបង្កជាផលប៉ះពាល់​ដល់​ក្រុមប្រទេសភាគខាងក្រោម​ទន្លេ ប៉ុន្តែភាគីចិន​​ថាវា​ជាការចោទគ្មាន​មូលដ្ឋាន​។

ក្នុងសន្និសីទសារព័ត៌មានមួយ​កាលពីសប្ដាហ៍មុន មន្ត្រី​ជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់​ បាន​និយាយថា​ក្រុម​ប្រទេសដែល​នៅ​ទន្លេមេគង្គភាគខាងក្រោម​ បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​​ដែល​គេធ្វើនៅទន្លេមេគង្គ​ផ្នែក​ខាងលើ​​។​

មន្រ្តី​អាមេរិករូបនេះ​ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​ថា ​សកម្មភាពនោះគឺសំដៅដល់ការកសាង​ទំនប់​វារីអគ្គិសនី​ដែលកសាងឡើង​ក្នុងទឹកដីចិន។ មន្រ្តី​អាមេរិករូបនេះ​បាន​បន្ត​ថា​ទន្លេមេគង្គមានប្រភពនៅប្រទេសចិន​ ហើយចិនមាន​ឥទ្ធិពលក្នុងការគ្រប់​គ្រង​ធន​ធាន​ទន្លេនេះ ដែល​អាច​ប៉ះពាល់ដល់​ប្រទេសភាគខាងក្រោម​​ទន្លេ។

យោងតាមការចុះផ្សាយរបស់​សាព័ត៌មាន​ The Washington Examiner របស់​អាមេរិក​ ការកសាងទំនប់​វារីអគ្គីសនី​​របស់ចិននៅទន្លេមេគង្គ​ផ្នែក​ខាងលើបានប៉ះពាល់​ដល់​លំហូរទឹកក្នុងទន្លេ ហើយក៏​កំពុងតែ​គំរាម​កំហែងដល់​សេដ្ឋកិច្ចក្នុង​តំបន់ទន្លេមេគង្គភាគខាងក្រោម​​ផងដែរ។

យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន​ The Economist របស់​អង់គ្លេស ទន្លេមេគង្គ​ជាជម្រុកត្រីមួយ​ដ៏ធំនៅ​ដែល​ផ្គត់ផ្គង់​ត្រីទឹក​សាប២៥ភាគរយនៃ​ផលិតផល​ត្រីទឹក​សាប​សរុបលើពិភពលោក។ ក្នុងឆ្នាំ២០១៤​​ ប្រទេស​ក្នុង​តំបន់ទន្លេមេគង្គក្រោម​ដែល​មាន​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា​ និងវៀតណាម​​ បង្កបង្កើន​ស្រូវ​បាន​១០០លានតោន ដែល​ស្មើរនឹង​១៥ភាគរយនៃផលិតស្រូវសរុបលើពិភពលោក។ ផលិតស្រូវទាំងនោះបាន​មកពីដីដែលមានជីវជាតិ​ដែល​ផ្ដល់​ឲ្យដោយ​ទន្លេ​មេគង្គ។ ប្រភពដដែល​លើកឡើងថា ជាងពាក់កណ្ដាលនៃដីល្បាប់​ក្នុងភាគកណ្ដាល​ប្រទេសកម្ពុជា គឺបាន​មកពី​ការហូរនាំមកពីទន្លេមេគង្គ​ដែល​មាន​ប្រភពនៅប្រទេសចិននេះឯង។​

ទោះយ៉ាងក៏ដោយ​រដ្ឋាភិបាល​ចិន បាន​ច្រានច្រាល​ភ្លាមៗ​ជុំវិញ​ការរិះគន់​របស់​អាមេរិក​ដែល​ថា​ខ្លួន​កំពុងតែធ្វើឲ្យប៉ះពាល់​ដល់​ទន្លេមេគង្គ​​។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​កឹង ស័ង បាន​ថ្លែងប្រាប់អ្នកសារព័ត៌មានថាអ្វីដែលមន្រ្តីអាមេរិក​លើកឡើងគឺធ្វើឡើងដោយចេតនា​ហើយ​គ្មានមូលដ្ឋាន​ច្បាស់ លាស់​នោះទេ។

លោកបន្ត​ថាក្នុងនាម​ជាប្រទេសមួយដែលស្ថិតនៅផ្នែកខាងលើនៃទន្លេមេគង្គ ប្រទេសចិនតែងតែយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភនិងតម្រូវការរបស់បណ្តាប្រទេសនៅភាគខាងក្រោមទន្លេ​ ។ លោកបន្ថែម​ថា​ចិនក៏បាន​ចែក​រំលែក​​ដល់ប្រទេសទាំងនោះ​នូវទិន្នន័យពាក់ព័ន្ធនឹង​ស្ថានភាពទឹកទន្លេមេគង្គក្នុងអំឡុងពេលមាន​ទឹកជំនន់រយៈពេល ១៥ ឆ្នាំជាប់ៗមកហើយ​គ្នា។

លោក ស័ង ក៏បាន​បញ្ជាក់បន្ថែម​ថា​ ការអភិវឌ្ឍទំបន់វារីអគ្គីសនីនៅទន្លេមេគង្គភាគខាងលើ កាត់បន្ថយលំហូរទឹកក្នុងរដូវវស្សា និងបង្កើនលំហូរទឹក​ក្នុងរដូវប្រាំង ដែលវាបានជួយប្រទេសនៅភាគខាងក្រោម​ទន្លេ​អាចទប់ស្កាត់គ្រោះ​ទឹកជំនន់និងគ្រោះរាំងស្ងួតយ៉ាងមាន​ប្រសិទ្ធិភាព។

តាមរបាយការណ៍របស់​អង្គការទន្លេអន្តរជាតិ ទំនប់​វារីអគ្គិសនី​ចំនួន​៧នៅភាគ​ខាងលើនៃទន្លេមេគង្គដែល​ចិនហៅថា ឡាន ឆាង កំពុង​ដំណើរការ ស្របពេល​ជាមួយគ្នានេះចិន​ក៏មាន​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ចំនួន​២១​បន្ថែម​ទៀត​ផងដែរ។

ការឆ្លើយឆ្លងគ្នារវាង​អាមេរិកនិងចិននេះជុំវិញរឿងទន្លេមេគង្គ​ កើតឡើងស្រប​ពេល​ដែល​រដ្ឋមន្រ្តីការបរទេសអាមេរិក​ចូលរួមកិច្ច​ប្រជុំ​ជាមួយរដ្ឋមន្រ្តី​មកពីបណ្ដាប្រទេសទន្លេមេគង្គក្រោម​នៅប្រទេសសឹង្ហបុរីកាលពីថ្ងៃសុក្រសប្ដាហ៍មុន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ