មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទឹកជំនន់ក្នុងខេត្តនេះបានធ្វើឲ្យប៉ះពាល់ផ្ទៃដីដំណាំស្រូវជាង ២ពាន់ហិកតា ហើយមកដល់ថ្ងៃនេះផលដំណាំជាងពាក់កណ្តាលត្រូវបានខូចខាត ខណៈអាជ្ញាធរកំពុងចុះជួយច្រូតប្រជាពលរដ្ឋ។
ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ មានប្រសាសន៍ប្រាប់ VODថា ទឹកជំនន់ក្នុងខេត្តនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្រុកមង្គលបុរី និងក្រុងសេរីសោភ័ណ ដែលប៉ះពាល់ផ្ទៃដី ២៣០៨ហិកតា ក្នុងនោះផ្ទៃដីជាង ១ពាន់ហិកតាត្រូវបានរាយការណ៍ថា បានខូចខាតហើយ។
លោកបន្ថែមថា នៅពេលនេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តនេះ បានចុះទៅជួយច្រូតស្រូវដែលទុំរបស់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យខូចខាតកាន់តែច្រើនថែមទៀត។
ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ
ទោះជាយ៉ាងណា លោក ប៉ាង វណ្ណាសេដ្ឋ បានអះអាងថា ផលប៉ះពាល់នៃទឹកជំនន់នេះមិនអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរផលិតកម្មស្រូវក្នុងខេត្តនេះទេ។
កាលពីចុងសប្តាហ៍មុនកម្លាំងអាជ្ញាធរខេត្តបន្ទាយមានជ័យជាង១ពាន់នាក់បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋទាំងទឹកកំពង់ជន់ជាបន្តបន្ទាប់ ដោយថា ដើម្បីសង្គ្រោះស្រូវដែលបានដាំដុះកុំឲ្យខូចខាត ខណៈពលរដ្ឋមិនអាចច្រូតស្រូវដោយម៉ាស៊ីនបាន៕








