តុលាការកោះហៅមន្ត្រីអាដហុកម្នាក់​​​ឲ្យ​ចូល​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​សំណុំរឿង​សូកប៉ាន់សាក្សី

មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា តុលាការបានចេញដីកាកោះហៅមន្ត្រីរបស់ខ្លួនម្នាក់ ឲ្យចូលទៅដោះបន្ទុកនៅក្នុងបន្ទប់សវនការនាចុងខែនេះ នៅក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី ខណៈមន្ត្រីសិទ្ធិមនុស្ស ៣រូបទៀត មិនទាន់ទទួលបានដីកាកោះនៅឡើយ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់VODនៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី១៣ ខែសីហានេះ​ តុលការបានចេញដីកាកោះហៅមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ឲ្យចូលសវនាការនាថ្ងៃទី២៧ ខែសីហាខាងមុខ​នេះ។

ចំណែក​ឯ​មន្ត្រីសិទ្ធិមនុស្សអាដហុក ​៣រូបផ្សេងទៀត មាន​លោក យី សុខសាន្ត លោក នី សុខា និង​លោកស្រី លឹម មុន្នី នោះ លោក ស៊ឹង សែនករុណា ប្រាប់​ថា ពួកគេ​នៅ​ពុំ​ទាន់​ទទួល​បាន​ដីកា​កោះ​ហៅ​ពី​តុលាការ​នៅ​ឡើយ។

ប៉ុន្តែ លោក​ ករុណា បាន​បដិសេធ​បក​ស្រាយ​បន្ថែម​ទៀត​ជុំ​វិញ​ករណី​នេះទេ ដោយ​ប្រាប់​ថា រង់ចាំមើលនីតិវិធីរបស់តុលាការបន្តទៀត​។

ក្នុងរឿងហ្នឹង យើងអត់ទាន់ដឹងថាម៉េចទេ ដោយសារយើងទើបតែទទួលបានតែលោក ណៃ វ៉ង់ដាម្នាក់។ អ្នកផ្សេងទៀត យើងចាំមើលដែរចាំមើលដែរ បើសិនជាបាន យើងជជែកគ្នាមើលសិនថា ដីកាដូចគ្នា ឬក៏យ៉ាងម៉េច យើងមិនទាន់ទទួលបានគ្រប់គ្រាន់ យើងក៏មិនទាន់មានយោបល់អ្វីក្នុងរឿងហ្នឹងដែរ

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា

អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប. លោក នី ចរិយា ដែល​ជា​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នោះ ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ផង​ដែរ។

វីអូឌី​បាន​ព្យាយាម​ទាក់​ទង​ទៅ​លោក នី ចរិយា ដើម្បី​សាក​សួរ​ថា តើ​លោក​ទទួល​បាន​ដីកា​កោះ​ហៅ​ដែរ​ឬ​យ៉ាង​ណានោះ ប៉ុន្តែ ទូរស័ព្ទ​របស់​លោក​ពុំ​អាច​ទាក់​ទង​បាន​នោះ​ឡើយ។

អ្នកនាំពាក្យសាលាដំបូងភ្នំពេញ លោក អ៊ី រិន្ទ មិនធ្វើការបកស្រាយជុំវិញការកោះហៅនេះ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នេះទេ ដោយ​ថាខ្លឹមសារ​នៃ​ការរ​កោះ​ហៅ​នេះ ត្រូវ​បាន​សរសេរ​រួច​រាល់​ហើយ​នៅ​ក្នុង​ដីកា​កោះ​ហៅ។

ក្នុង​ដីកា​កោះ​ហៅ​ចុះ​ថ្ងៃ​ទី​០៩ ខែ​សីហា​នេះ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គុជ គឹមឡេង បាន​បង្គាប់​ទៅ​លោក ណៃ វ៉ង់ដា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ចូលទៅ​ឆ្លើយ​ដោះ​បន្ទុក​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ៥​រូប នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​ ៤​រូប និង​អគ្គ​លេខាធិការ​រង គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០១៧ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ ក្រោម​​ការ​ចោទប្រកាន់​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ