ចិន​បញ្ជូនក្រុម​ការងារ​មក​ជួយ​រៀប​ចំផែន​ការ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា

ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ១៤ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម)

ប្រទេស​ចិន​បាន​បញ្ជូន​ក្រុម​ការងារ​របស់​ខ្លួន​មក​សិក្សា​និង​​វាយ​តម្លៃ​ពី​វិស័យ​កសិកម្ម​កម្ពុជា ដើម្បីរៀប​ចំផែន​ការ​អភិ​វឌ្ឍន៍​កសិកម្មទំនើបនៅកម្ពុជា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្ម​នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន​។

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោកវេង សាខុន នៅ​ថ្ងៃ​ទី១៤ សីហា​នេះបាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​បុក​របស់​លោក​ថា ​នៅថ្ងៃ​នេះ​លោក​បាន​ជួប​ពិភាក្សា​ការងារជាមួយគណៈប្រតិភូនៃ​ក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុង​គោល​បំណង​​អនុវត្តន៍​ឲ្យបាន​ទាន់​ពេល​វេ​លា លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការរៀប​ចំផែនកា​រ​អភិ​វឌ្ឍន៍​​កសិ​កម្ម​ទំនើប​នៅ​កម្ពុជា​ រវាង​ក្រសួងកសិកម្មប្រទេសទាំងពីរ​ដែលបាន​ចូល​ជា​ធរ​មាន​​កាលពី​ខែមករា ឆ្នាំ២០១៨។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ក្រុម​ការ​ងារ​របស់ប្រទេសចិន​​នឹង​ធ្វើ​ការ​បែង​ចែក​ជា​២​ក្រុម​ទៅ​កាន់​ខេត្ត​ចំនួន១២ដែល​មាន​សក្តា​នុពល​កសិកម្ម​របស់​កម្ពុជា មុន​នឹង​បញ្ចប់ និង​ចុះ​ហត្ថ​លេខាដោយ​ភាគី​ទាំង​ពី​រ​ទៅ​លើ​របាយការណ៍បឋមនៃ​ការ​ចុះ​ទៅ​ស្រាវ​ជ្រាវ​នេះ​នៅ​បំណាច់​ខែសីហាខាងមុខនេះ។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក ហ៊ាន វ៉ានហន មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍន៍កសិកម្ម​​ទំនើបនៅ​កម្ពុជា​នេះ​នឹង​ធ្វើ​ការ​ផ្តោត​ទៅ​លើបច្ចេក​ទេស​ និង​មន្ទីរ​ពិសោធន៍​កសិកម្ម​។ លោក​បន្ថែម​ថា​នាពេល​ខាង​មុខ​នាយក​ដ្ឋាន​នានានៃ​ក្រសួង​ នឹង​ធ្វើ​ការ​ពិភាក្សា​ដោយ​ផ្ទាល់​ជា​មួយ​ភាគី​ចិន​ដើម្បី​ចូល​រួម​រៀប​ចំ​ផែនការ​មេ​សម្រាប់​ធ្វើ​កសិកម្ម​ពី​ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០៣០​ផង​ដែរ។

នៅ​ក្រោម​ក្រសួង​គ្រប់​ផ្នែក​គឺ​ស្ថិត​ក្រោម​ដំណាក់​កាល​មួយ​ ដែល​យើង​ត្រូវ​រៀប​ចំ​ផែន​ការ​សកម្ម​ភាពនេះ។ ក្នុង​នោះ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ក៏​ជា​អនុវិស័យ​មួយ​ដែល​ត្រូវ​ពិភាក្សា​ដោយ​ផ្ទាល់​ជា​មួយ​ភាគី​ចិន ដើម្បី​ពិភាក្សា​ថា​អគ្គនាយក​ដ្ឋាន​កសិកម្ម​ត្រូវ​រៀប​ចំទំនើប​កម្ម​នោះ​នៅ​ផ្នែក​ណា​ខ្លះ

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក ហ៊ាន វ៉ានហន

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​មន្ត្រី​ចិន​លោក លី ខឺឃាង មក​កម្ពុជាកាល​ពី​ដើម ​ខែ​មករា​ ឆ្នាំ​២០១៨នេះ​ ប្រទេស​ចិន​បាន​​ឯក​ភាព​ជា​មួយ​កម្ពុជា​ក្នុង​ការ​​ជំរុញ​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការលើ​វិស័យ​កសិកម្ម ដោយ​រួម​គ្នា​បង្កើត​ផែន​ការ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​ជាតិ​កម្ពុជា បង្កើត​សួន​តាំងបង្ហាញ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការកសិកម្ម​ទំនើប និង​តំបន់​កែ​ច្នៃ​ផលិត​ផល​កសិកម្ម ជំរុញ​ការ​អភិវឌ្ឍការ​កែច្នៃ​ការ​ស្តុក​ទុក សម្រាប់​ផលិត​ផល​កសិកម្ម និង​ពង្រឹង​សង្វាក់​ឧស្សា​ហកម្ម​សម្រាប់​វិស័យ​កសិកម្ម​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ