និស្សិតសារព័ត៌មាន​ម្នាក់ត្រូវបណ្ដេញ​ចេញពីចិន​ព្រោះធ្វើកិច្ចការសាលាស្ដីពី​សិទ្ធិមនុស្ស

លោក David Missal ជាជនជាតិអាឡឺម៉ង់សិក្សាថ្នាក់​អនុបណ្ឌិតផ្នែក​សារព័ត៌មាន​និងសារគមនាគមន៍នៅសាកល​វិទ្យាល័យ ​Tsinghua ក្នុងទីក្រុងប៉េកាំង (រូបភាព៖ Twitter David Missal)

អាជ្ញាធរចិន​ បាន​ឲ្យនិស្សិតសារព័ត៌មាន​បរទេសម្នាក់​ដែល​កំពុងសិក្សាក្នុងសាកល​វិទ្យាល័យមួយ​​ចាក​ចេញ​ពី​ប្រទេស​ខ្លួន​ដោយ​សារ​​តែគាត់​បាន​​ផលិត​វីដេអូឯកសារ​ពីមេធាវីដែល​ការពារសិទ្ធិមនុស្សនៅចិន​។​

និស្សិតរូបនោះមានឈ្មោះថា David Missal ជាជនជាតិអាឡឺម៉ង់សិក្សាថ្នាក់​អនុបណ្ឌិតផ្នែក​សារព័ត៌មាន​និងសារគមនាគមន៍នៅសាកល​វិទ្យាល័យ ​Tsinghua ក្នុងទីក្រុងប៉េកាំង​។

លោក David Missal បាន​សរសេរនៅលើបណ្ដាញសង្គម​ Twitter របស់លោក​ កាលពីសប្ដាហ៍មុន​ថា​ទិដ្ឋាការរបស់​ខ្លួន​មិន​ត្រូវ​បាន​រដ្ឋា​ភិបាល​ចិន​បន្ត​ឲ្យ​ដោយសារប្រហែលមកពីគាត់បាន​ធ្វើ​កិច្ច​ការសាលា​មួយដែល​និយាយពីស្ថានភាពនិងជីវិត​រស់នៅ​របស់​​មេធាវីការពា​រ​​​សិទ្ធិមនុស្ស​​នៅប្រទេសចិន។ ​

ចិន បាន​បដិសេធការ​បន្ត​ទិដ្ឋាការរបស់ លោក David Missal ​កាលពីថ្ងៃទី៣ខែសីហាកន្លងទៅហើយទុកពេល​ឲ្យនិស្សិតរូបនេះ​តែមួយសប្ដាហ៍ប៉ុណ្ណោះ​​ដើម្បីចាកចេញពីប្រទេសខ្លួន​។

វីដេអូឯកសារដែល​និស្សិតសារព័ត៌មាន​រូបនេះ បានផលិតជាកិច្ចការ​សាលា​ដែលគាត់​ត្រូវធ្វើសម្រាប់​មុខវិជ្ជា​ប្រព័ន្ធផ្សព្វផ្សាយចម្រុះ។ វីដេអូនេះមានរយៈពេល​ជាង៩នាទី ហើយត្រូវបានគាត់​​ចែក​ចាយក្នុង​បណ្ដាញសង្គម ​Youtube របស់គាត់​ ។ ​ខ្លឹម​សាររួម​​ក្នុងវីដេអូ​នេះ​និយាយពី​ការប្រឈម​របស់​មេធាវី​ដែល​ការពារសកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិតេយ្យ  ​និងសិទ្ធិមនុស្ស។

ក្នុងពេលផលិត​វីដេអូនេះកាលពី​ខែឧសភាកន្លងទៅ លោក David Missal រួមទាំងប្រភពដែល​គាត់​សម្ភាសន៍ជាមួយផង​ ត្រូវបាន​អាជ្ញាធរ​ចិន​​ហៅ​សាកសួរ​អស់​រយៈពេល​ជាង៣ម៉ោង​ផងដែរ។

យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន ​South China Morning Post ក្រៅពីការ​ប្រឈម​ជាមួយ​នឹង​សមត្ថកិច្ច​ចិន​ និស្សិតរូបនេះក៏ធ្លាប់ទទួលការព្រមាន​ពីសាកល​វិទ្យាល័យ​របស់​ខ្លួន​ផងដែរ ពីការបណ្ដេញ​ចេញពី​ប្រទេស​ចិន ប្រសិ​នណាបើ​គាត់​នៅតែបន្ត​ធ្វើ​រឿង​រសើបបែបនេះទៀត។

ទោះបីជាមានការឃាត់ខ្លួន​និងព្រមាន​ពីអាជ្ញាធរចិននិង​សាលារបស់ខ្លួន​យ៉ាងណាក៏ដោយ ក៏លោក David Missal នៅតែផលិតវីដេអូ​នេះឡើង។

ប៉ុន្តែសម្រាប់ចិន ការបណ្ដេញនិស្សិតសារព័ត៌មានរូបនេះ​ចេញពីប្រទេស​​ជា​ការអនុវត្តច្បាប់របស់​ខ្លួន ហើយអ្វី​ៗគឺធ្វើឡើងស្រប​តាម​ច្បាប់​របស់ប្រទេសចិន។ យោងតាមអត្ថបទទស្សនៈ​របស់​សារព័ត៌មាន​ Global Times របស់​ចិន​ដែល​ចេញផ្សាយ​កាលពីថ្ងៃ​ទី​១៣ខែសីហា ភាគីចិន​ថា​​ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច​កំពុង​តែ​បំប៉ោងព័ត៌មាន​ទាក់​ទង​នឹងករណីនេះ។

សារព័ត៌មាន​ដដែល​​បាន​ចុះផ្សាយបន្ត​ថា​អ្វី​ដែល​ David Missal​ ធ្វើគឺប្រឆាំងនឹងច្បាប់​របស់​ប្រទេស​ចិន ព្រោះ​ថា​និស្សិតរូបនេះបាន​ធ្វើសេចក្តីរាយការណ៍​ពីក្រុម​មេធាវីនិងក្រុមគ្រួសារ​របស់​ពួកគេដែល​កំពុងស្ថិត​ក្រោម​ការ​តាម​ដាន​និងស៊ើបអង្កេត​ពី​រដ្ឋាភិបាល​ចិនរយៈពេល​៣ឆ្នាំមកហើយ ក្រោម​បទសង្ស័យ​ថា​ពួកគេ​ជំរុញឲ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយ​នៅចិន។

អត្ថបទដដែលក៏បាន​លើកឡើងថា ​លោក​ខាងលិចជាពិសេសអាឡឺម៉ង់គួរតែ​យល់​ពី​ប្រព័ន្ធច្បាប់​និងនយោបាយ​ចិន ដោយថា​​ David Missal​ កំពុងសិក្សានៅប្រទេសចិន​ ដូច្នេះត្រូវតែ​គោរពតាម​ច្បាប់ចិន បើ​និស្សិតចិនទៅរៀន​នៅអាឡឺម៉ង់ក៏ត្រូវ​គោរព​ច្បាប់​អាឡឺម៉ង់​ដូចគ្នា។

ការរិះគន់​បញ្ហាសិទ្ធិមនុស្ស​នៅប្រទេសចិន​ជា​រឿងមួយ​ដ៏រសើបដែល​អ្នករិះគន់​អាចប្រឈម​នឹងការ​ចាប់​ខ្លួន​ពីសំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ អ្នកសារព័ត៌មាន​​ដែល​សរសេររាយការណ៍​ពីរឿងទាំងនេះក៏ត្រូវ​ប្រឈម​នឹងការធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរចិន​ផងដែរ។​

ជាក់ស្ដែងកាលពីថ្ងៃច័ន្ទកន្លងទៅ  ​អាជ្ញាធរប្រទេសនេះ បាន​ឃុំខ្លួន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វិទ្យុសម្លេងសហរដ្ឋ​អាមេរិក​ជាភាសាចិន​ចំនួន​ពីរនាក់​អស់​រយៈពេល​៦ម៉ោង ដោយសារតែអ្នកសារព័ត៌មាន​ទាំងពីរនាក់​នោះបាន​សម្ភាស​សាស្រ្តាចារ្យ​ចូលនិវត្តន៍ម្នាក់​ដែល​តែងតែ​រិះគន់​ពីបញ្ហា​សិទ្ធិមនុស្សនៅចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ