រដ្ឋាភិបាលបានបញ្ជូនឯកសារចុងក្រោយឆ្លើយតបទៅនឹងសហគមន៍អឺរ៉ុបហើយ ពាក់ព័ន្ធនឹងការអនុវត្តនានារបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ» ហៅកាត់ថា EBA ដែលត្រូវបានផ្ដល់មកឲ្យប្រទេសមួយនេះ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រោយជំនួបរវាងក្រុមការងាររដ្ឋាភិបាលកម្ពុជា និងក្រុមមន្ត្រីសហភាពអឺរ៉ុប។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ មានប្រសាសន៍ថា សំណួរដែលអឺរ៉ុបបានចោទសួរនោះ ជាសំណួរដែលទាក់ទងនឹងការអនុវត្តរបស់កម្ពុជាទៅលើសិទ្ធិការងារ និងសិទ្ធិមនុស្ស ប៉ុន្តែថា ពុំពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដែលសមាជិកមួយរូបនៅក្នុងក្រុមការងាររដ្ឋាភិបាលនោះ ក៏បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកផងដែរថា ពេលនេះនៅសល់តែការឆ្លើយតបពីសហភាពអឺរ៉ុបមកកម្ពុជាវិញប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន
សហភាពអឺរ៉ុប បានព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាកាលពីខែកុម្ភៈដើមឆ្នាំនេះ តែប៉ុន្មានខែប៉ុណ្ណោះក្រោយពីការចាប់ខ្លួនមេដឹកនាំអតីតបក្សសង្គ្រោះជាតិ លោក កឹម សុខា ការរំលាយបក្សប្រឆាំងដ៏ធំមួយនេះ និងអ្វីដែលគេហៅថា ការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានានៅកម្ពុជា។
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George EDGAR បានឆ្លើយតបតាមសារអេឡិចត្រូនិចអ៊ីម៉ែលមក VOD នៅថ្ងៃនេះថា លោកមិនទាន់អាចបញ្ជាក់បានថា ពេលណាទៅទើបសហភាពអឺរ៉ុបនឹងឆ្លើយតបមកកម្ពុជានៅឡើយទេ តែលោកថា ចម្លើយរបស់រដ្ឋាភិបាលកម្ពុជា នឹងត្រូវបានពិនិត្យសិក្សាដោយសហភាពអឺរ៉ុប និងជារឿងដែលសំខាន់មួយសម្រាប់ការសម្រេចចិត្តដោយគណៈកម្មការអឺរ៉ុប និងក្រុមការងារនយោបាយការបរទេសរបស់អឺរ៉ុប។
ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George EDGAR
បញ្ហានេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យសម្រេចបញ្ជូនគណៈប្រតិភូពិសេសទៅកាន់សហភាពអឺរ៉ុបកាលពីថ្ងៃទី២៨ ខែមិថុនាកន្លងមក ដើម្បីបញ្ចុះបញ្ចូលទប់ស្កាត់វិធានការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងប្រាប់ VOD កាលពីថ្ងៃទី២៧ កក្កដាថា ប្រព័ន្ធអនុគ្រោះពន្ធនេះ បានផ្តល់អត្រាកំណើនសេដ្ឋកិច្ចដល់ទៅ ៤០% និងផ្តល់ឱកាសដល់អ្នកវិនិយោគផ្នែកវិស័យកាត់ដេរ មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកដល់ជាង ៨០ម៉ឺននាក់។
លោកបានបង្ហាញក្តីបារម្ភថា ប្រសិនជាកម្ពុជាលែងទទួលបានការលើកលែងពន្ធនេះតទៅទៀត វានឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើនលាននាក់នៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបនាពេលបន្ទាប់ ដែលអាចនឹងពិភាក្សាពីប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ដល់១៩ វិច្ឆិកាខាងមុខនេះ។
របាយការណ៍របស់គណកម្មការអឺរ៉ុបដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ បានឲ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ៦ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុប ភាគច្រើន គឺជាផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម៕









