ចិនបន្ត​ជំរុញ​​ឲ្យជប៉ុនទទួលស្គាល់ប្រវត្តិសាស្រ្តដែល​ធ្វើមកលើខ្លួនសម័​យសង្រ្គាមលោកលើកទី២

China Japan War (Image: Social Media)

ចិន បាន​ទទូចជាថ្មីម្ដងទៀតឲ្យមេដឹក​នាំជប៉ុនសុំទោស​ប្រទេស​ខ្លួន​ក៏ដូចជាបណ្ដាប្រទេសនៅអាស៊ី​ និងទទួលស្គាល់ប្រវត្តិសាស្រ្តដែល​ជប៉ុនបានធ្វើ​ទៅលើ​​​ប្រទេសទាំងនោះក្នុង​សម័យ​សង្រ្គាម​លោក​លើកទី២។

អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោក ​លូ​ កាង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ​ដែល​ចេញ​កាលពីម្សិលមិញ​ថា​ភាគីចិនអំពាវនាវឱ្យភាគីជប៉ុនទទួលយក​និងសុំទោសចំពោះប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន ហើយត្រូវតែធ្វើ​រឿងនេះ​ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងក្នុងតំបន់​អាស៊ីនិងសហគមន៍អន្តរជាតិឡើងវិញ​។

ការអំពាវនាវរបស់ប្រទេស​ចិន​បែបនេះធ្វើឡើងស្របពេល​ដែលជប៉ុន​បាន​ធ្វើ​ខួប​លើក​ទី​៧៣នៃ​ការចុះ​​ចាញ់​សង្រ្គាម​លោក​លើកទី​២របស់ខ្លួន​កាលពីម្សិលមិញ​។

ចិន ​ក៏បាន​រិះគន់​ផង​ដែរចំពោះ​ករណី​ដែល​មេដឹកនាំ​ជប៉ុននៅ​តែ​​បន្តគោរព​ដល់​ទីសក្ការៈ Yasukuni  ​ដែល​ជប៉ុន​សាងសង់ឡើងដើម្បីជាការឧទ្ទិសដល់​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន​ដែល​ស្លាប់​នាសម័យសង្រ្គាម​លោក​លើកទី២ ដែលក្នុង​នោះក៏មានអតីត​មេដឹកនាំ​ធំៗទាំង​១៤នាក់​របស់ជប៉ុន​ដែល​ទទួលខុសត្រូវក្នុងការ​បង្កសង្រ្គាមឈ្លាន​ពាន​យ៉ាងឃោរឃៅនាសម័យនោះផងដែរ​​​។

បើទោះបីជានាយករដ្ឋមន្រ្តីជប៉ុន​មិន​បាន​ទៅទីសក្ការៈ Yasukuni ដោយផ្ទាល់ក៏ដោយ ក៏ជារៀងរាល់​ឆ្នាំ​លោក​ ស៊ិនស៊ូ អាបេ តែងតែផ្ញើរនូវគ្រឿងសក្ការៈនានាទៅទីនោះ​តាម​រយៈមន្រ្តីរបស់​លោក​ផង​ដែរ។ ក្រៅ​​ពីនេះសមាជិក​សភា​មួយចំនួនរបស់​ជប៉ុន​ក៏តែងតែចូលទៅគោរពទីសក្ការៈYasukuni​ផង​ដែរ។ សកម្ម​ភាព​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យចិន​ក៏ដូច​ជាកូរ៉េ មិនពេញ​ចិត្តជាខ្លាំង​ចំពោះជប៉ុន។

លោក អាបេ ធ្លាប់បាន​ទៅ​ទីសក្ការៈ Yasukuni ​កាល​ពីឆ្នាំ​២០១៣បន្ទាប់ពីលោក​ឡើងកាន់​ដំណែងជានាយករដ្ឋមន្រ្តី​។​ ប៉ុន្តែ​ឆ្នាំក្រោយៗមក​ទៀតលោក​មិន​​ទៅទីសក្ការៈនោះទៀតទេដោយសារ​តែ​មាន​ប្រតិកម្ម​ខ្លាំងៗពីចិននិងកូរ៉េខាងត្បូង។​

ក្នុងសម័យសង្រ្គាម​លោក​លើកទី២ នាទស្សវត្សន៍ឆ្នាំ១៩៣០ និង ១៩៤០ ទីសក្ការៈ Yasukuni ត្រូវបានជប៉ុន​ចាត់​ទុក​ជាសរសរស្តម្ភ​នៃ​ដួង​ព្រលឹង​របស់​ក្រុម​យោធា​របស់​ខ្លួន​។​ យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន ​Japan Times របស់​ជប៉ុន ទីសក្ការៈ Yasukuni សព្វថ្ងៃនេះ​ត្រូវបាន​ធ្វើជាកន្លែង​ឧទ្ទិស​ដល់វិញ្ញាណក្ខន្ធកងទ័ព​ជប៉ុន​ចំនួន​២លាន៤សែន​៦ម៉ឺននាក់។

អ្នកនិពន្ធសៀវភៅដែល​មាន​ចំណងជើងថា​«សង្គ្រាម និង កំហុសនយោបាយក្រោយសង្គ្រាមលោកលើកទី២» លោក Thomas U. Berger បាន​ពន្យល់​ប្រាប់អ្នកសារព័ត៌មានទស្សនាវដី្ត ​Time ថា​ជប៉ុនមិន​ដែល​ហ៊ាន​សុំទោសចំពោះ​កំហុស​ឆ្ពង​ដ៏ខ្មៅងងឹតដែល​​ខ្លួន​បានប្រព្រឹត្តដូចអាឡឺម៉ង់និងប្រទេស​ដទៃទៀតនោះទេ​។

លោកបន្តថា​ជប៉ុនបានត្រឹម​តែសុំអភ័យទោសចំពោះការធ្វើសង្គ្រាមឈ្លានពាននិងការជិះជាន់លើប្រទេសជិត​ខាងរបស់ខ្លួនប៉ុន្តែការសុំទោសទាំងនោះមិនមាន​ភាពច្បាស់លាស់ឡើយ និង ថែម​​ទាំងឆ្គាំឆ្គងទៀតផង ​ហើយជារឿយៗមេដឹកនាំជាន់ខ្ពស់ជប៉ុន​ខ្លះ​មិនបាន​ទាំងសុំទោសផង។

លោក Thomas U. Berger  ក៏យល់ឃើញថា​ការសុំទោសនិងទទួលស្គាល់​កំហុស​ជាពិសេស​ទាក់​ទងនឹងប្រវត្តិសាស្រ្ត​អាក្រក់ដែលប្រទេសមួយបាន​ធ្វើ​​ជារឿងមួយដ៏រសើបសម្រាប់​មេដឹក​នាំ​ប្រទេសទាំងនោះ។ លោកបន្ត​ថា​សូម្បីតែអ្នកនយោបាយ​អាមេរិក​ក៏មិនហ៊ាននិយាយច្រើនប៉ុន្មាន​ដែរពីបញ្ហានៃ​​ការទម្លាក់​គ្រាប់​បែក​បរិមារណូនៅជប៉ុន ក៏ដូចជា​ការ​សម្លាប់​យ៉ាង​រង្គាល​ទៅលើប្រជាជន​ហ្វីលីពីន​ដោយកងទ័ពអាមេរិក​នៅឆ្នាំ១៩០៦​ជាដើម។

ដូច្នេះ​មេដឹកនាំជប៉ុន​ក៏ដូចគ្នាដែរ ពួកគេត្រូវតែប្រយ័ត្នប្រយែងក្នុងការថ្លែងជាសាធារណៈនិងទទួលស្គាល់​ប្រវត្តិសាស្រ្ត​ដែល​ធ្វើ​ឲ្យប្រទេសដទៃទទួលរងនូវ​ការឈឺចាប់ដោយសារខ្លួន​។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏​ចៅអធិរាជ​ជប៉ុន​ធ្លាប់បាន​​សម្ដែង​ការសោកស្ដាយ​ដែលធ្វើឡើងដោយ​ប្រយ័ត្នប្រយែង​។ ជាក់ស្ដែងកាលពីម្សិលមិញព្រះ​ចៅអធិរាជ​ជប៉ុន​ Akihito មាន​បន្ទូល​ថា​ជប៉ុន​មានការសោកស្ដាយជាខ្លាំងចំពោះអ្វី​ដែល​កើតឡើងកាលពីអតីតកាល​ ហើយ​ទ្រង់​សង្ឃឹម​ថានឹង​មិន​មាន​សង្រ្គាម​ហែកហួរគ្នា​បែបនេះកើតឡើង​ទៀតទេ។

ប្រទេសជប៉ុនបានចាប់​ផ្ដើម​ឈ្លាន​ពាន​ចិន​នៅឆ្នាំ១៩៣៧ ហើយបាន​វាយកាប់​កាន់​តំបន់​ជាច្រើនរបស់ចិន​ដែល​ពេល​នោះជប៉ុន​ក៏បាន​កាន់​កាប់ទីក្រុង​ណានជីងរបស់​ចិន​ផងដែរ។ នៅពេល​កាន់​កាប់​ទឹក​ដីនោះជប៉ុន​បាន​សម្លាប់​ដោយ​រង្គាល​នូវ​ប្រជាជនចិន​ប្រហែល​ជា​២០ទៅ៣០ម៉ឺននាក់ ដែលនេះជាការចង​ចាំ​ដ៏ឈឺចាប់​មួយ​របស់ប្រជាជនចិនក្នុង​សម័យ​នេះផងដែរ។

ជប៉ុនបាន​ដក​ទ័ពខ្លួន​ចេញ​ពីចិន​ជាផ្លូវការនៅ​ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥ បន្ទាប់ពីប្រទេសនេះចាញ់សង្រ្គាមដោយសារ​តែ​ការទម្លាក់​គ្រាប់​បែក​បរិមាណូរបស់​អាមេរិកទៅ​លើ​ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី​ និង ការឈ្លាន​ពានរបស់​រុស្ស៊ីទៅក្នុងតំបន់​ម៉ាន់ជូរី​ដែល​ជា​មូលដ្ឋាន​ឈរជើងដ៏រឹងមាំរបស់​ជប៉ុននៅចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ