អ្នកច្បាប់និងមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានលើកឡើងពីចំណុចខុសប្រក្រតីនៃនីតិវិធី ក្នុងការបំបែកសំណុំរឿងមួយផ្សេងទៀតរបស់លោក គឹម សុខ។
អ្នកវិភាគបញ្ហាសង្គមលោក គឹម សុខ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនា១៨ខែតាមបណ្តឹងរបស់រដ្ឋាភិបាល ហើយការអនុវត្តទោសនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៧ខែសីហាស្អែកនេះ។ ប៉ុន្តែកាលពីថ្ងៃទី១៥ គឺមុនដល់ថ្ងៃដោះលែង២ថ្ងៃ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខចាប់ផ្តើមសាកសួរលោក កឹម សុខ ក្នុងសំណុំរឿងមួយទៀត ដែលប្តឹងដោយរដ្ឋាភិបាលដែរ ជុំវិញការវិភាគបញ្ហាសង្គម។
មាត្រា១៣៧ និង១៣៨នៃក្រមព្រហ្មទណ្ឌ បានចែងពីទោសច្រើនមានប្រភេទដូចគ្នាត្រូវប្រ កាសតែមួយកំណត់ទោសអតិបរមា ឬទោសច្រើនខុសគ្នាកំណត់យកតែមួយនៃទោសខ្ពស់បំផុត។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ មានប្រសាសន៍ថា បើដល់ថ្ងៃដោះលែលោក កឹម សុខ ហើយតុលាការមិនដោះលែង ដោយបន្តឃុំខ្លួន ក្រោមហេតុផលបើកការស៊ើបសួរសំណុំរឿងថ្មីមួយទៀតជា រឿងមិនត្រឹមត្រូវ ហើយនឹងធ្វើឲ្យមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
មេធាវី សុក សំអឿន ពន្យល់ជាទូទៅថា គោលការណ៍ច្បាប់អ្នកដែលប្រព្រឹត្តបទល្មើសព្រហទណ្ឌច្រើនករណី ដោយបទល្មើសនោះស៊ីសង្វាក់គ្នា តុលាការត្រូវធ្វើការស៊ើបអង្កេតលើសំណុំរឿងទាំងអស់ ហើយត្រូវកំណត់យកបទល្មើសធ្ងន់ធ្ងរបំផុតដាក់ទោសជននោះ ដើម្បីផ្តល់យុត្តិធម៌ដល់គូភាគីក្នុងរឿងក្តីនោះ។
ចំណែកមេធាវីប្រចាំនៅគណៈមេធាវី លោក យុង ផានិត បានពន្យល់ថា សំណុំរឿងព្រហ្មទណ្ឌដែលជនល្មើសប្រព្រឹត្តបទល្មើសច្រើនករណី ហើយបទល្មើសនោះស្មុគស្មាញ តុលាការអាចសម្រេចទុកសំណុំរឿងខ្លះស៊ើបអង្កេតបន្ត ខណៈសំណុំរឿងដែលមានភស្តតាងគ្រប់គ្រាន់តុលាការត្រូវកាត់សេចក្តីផ្តន្ទាទោសជននោះមួយដំណាក់កាលសិន ដូចករណីរឿងក្តីនៅសាលាក្តីខ្មែរក្រហម។
ប៉ុន្តែពេលសួរថា ករណីលោក គឹម សុខ ជាសំណុំរឿងស្មុគស្មាញត្រូវបំបែកដូចនៅសាលាក្តីខ្មែរក្រហមឬយ៉ាងម៉េចនោះ? លោក ផានិត សុំមិនបកស្រាយបន្ថែមទេ។
វីអូឌី ព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង គឹម សន្តិភាព ដើម្បីបកស្រាយករណីនេះ ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។
លោកគឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់លោក កែម ឡី និងថា បក្សកាន់អំណាចបានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ ក្រោយមកនៅថ្ងៃ ខែសីហា ឆ្នាំ២០១៧ តុលាការបានចោទប្រកាន់លោក គឹម សុខពីបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្ត៍ជាសាធារណៈ និងផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ៕