សាលា​ដំបូងបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នក​ផលិតវីដេអូឯកសារជនជាតិអូស្រ្តាលី​

លោក ​James Ricketson (ប្រភព៖ Reuter)

ចៅក្រមសាលា​ដំបូង​រាជធានី​ភ្នំពេញកាលពីម្សិលមិញ បាន​បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នក​ផលិតភាគយន្តឯកសារ​​ជន​ជាតិ​អូស្ត្រាលីលោក Jame Ricketson។

ចៅក្រមជំនំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកការសែតជនជាតិអូស្ត្រាលីរូបនេះ ដោយមានសំណើពីតំណាងអយ្យការលោក សៀង  សុខ។

លោកសៀង សុខ បាន​ស្នើសុំទៅចៅក្រមថា  លោក Jame Ricketson មិនបានដាក់ភស្តុតាងដោះបន្ទុកទៅមន្ត្រីនគរបាលនោះទេ ហើយ​បើតុលាការដោះលែងលោក Ricketson នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរនីតិវិធី ព្រោះ​សំណុំរឿងជាបទល្មើសព្រហ្មទណ្ឌ។

ក្រៅពីនេះនៅក្នុងសវនាការកាលពីម្សិលមិញតុលាការក៏​បានសម្រេច​សាកសួរសាក្សីចំនួន ៧នាក់ តាមសំណើរសុំរបស់មេធាវីការពារ​ក្តីលោក Jame Ricketson ក្នុងនោះ មានដូចជា កូននិងកូនចិញ្ចឹម របស់លោក Jame Ricketson និងអ្នកផលិតភាពយន្តនៅប្រទេសអូស្ត្រាលីដែលស្គាល់លោក Ricketson ផងដែរ។

ប៉ុន្តែក្នុងចំណោមសាក្សីទាំង៧នាក់​នោះ តុលាការទើបតែសាកសួរបានសាក្សីម្នាក់ប៉ុណ្ណោះ គឺលោក Peter Weir ជាអ្នកផលិតភាពយន្តនៅប្រទេសអូស្ត្រាលី ដែលស្គាល់លោក Jame Ricketson ក្នុងនាមជាអ្នកផលិតនិងថតផលិតភាពយន្តដូចគ្នា។ ចំណែក​សាក្សី៦នាក់ផ្សេងទៀតនឹងត្រូវបន្ត​សាកសួរ​ នៅថ្ងៃទី២០ ខែសីហាខាងមុខ។

ក្នុងសវនាការសាកសួរនោះ Peter Weir បានប្រាប់ទៅចៅក្រមថា លោក Ricketson​ ចូលចិត្តថតវីដេអូផលិតរឿងទាក់ទងជីវិតពិតដែលកើតឡើងនៅក្នុងសង្គមដោយខ្លួនឯង មិនដែលមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាឡើយ។

លោក​ Ricketson​ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​បាតុកម្ម​របស់អតីត​​គណបក្ស​សង្គ្រោះជាតិ​។

ក្រោយពីមានការចាប់ខ្លួនលោក​ Ricketson​  រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានសរសេរលិខិតមួយផ្ញើទៅ​រដ្ឋមន្ត្រីការបរទេសកម្ពុជា​លោក ប្រាក់ សុខុន ក្នុងបំណងស្វែងរក ការសម្របសម្រួលឲ្យមានការ​ដោះលែងអ្នកផលិតភាពយន្តឯកសាររូបនេះ។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ