រដ្ឋអំណាចចិនបានប្រកាសអាសន្ន និងដាក់ចេញផែនការបន្ទាន់មួយដើម្បីដោះស្រាយបញ្ហាជំងឺសត្វជ្រូកដែលកំពុងតែឆ្លងរាលដាលខ្លាំង បន្ទាប់ពីជំងឺនេះឆ្លងមកពីអាហ្វ្រិក។ នេះជា វិធានការរបស់ក្រសួងកសិកម្មចិន។
វិធានការអាជ្ញាធរគឺហាមការដឹកជញ្ជូនសត្វជ្រូកចេញនិងចូលតំបន់ដែលកំពុងតែផ្ទុះរាលដាលជំងឺនេះ។ លើសពីនេះ អាជ្ញាធរចាប់ផ្តើមសម្លាប់សត្វជ្រូកនិងរៀបចំសម្អាតនៅកន្លែងដែលកំពុងមានជំងឺ។
ទីកន្លែងដែលកំពុងផ្ទុះជំងឺខ្លាំងគឺនៅទីក្រុង Lianyungang នៅក្នុងខេត្តJiansu ចំណែកខេត្តមួយចំនួនទៀតក៏កំពុងឆ្លងរាលដាលជំងឺនេះដែរ។ តំបន់នេះ កំពុងតែមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាល។ ទោះយ៉ាងណាអ្នកជំនាញបញ្ជាក់ថា ជំងឺនេះ កំពុងឆ្លងពីជ្រូកទៅជ្រូក គឺមិនទាន់មានករណីឆ្លងទៅមនុស្សនៅឡើយទេ។
តាមការចុះផ្សាយរបស់រ៉យទ័រឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៥ខែសីហា មកមានករណីសង្ស័យឆ្លងចំនួន៦១៥ ករណី ហើយកាលពីថ្ងៃអាទិត្យរកឃើញថា មានការកើតជំងឺលើសត្វជ្រូកចំនួន៨៨ក្បាល។
អាជ្ញាធរចិនបញ្ជាក់ថា រហូតដល់ពេលនេះ ការរាលដាលឆ្លងជំងឺផ្តាសាយជ្រូកកើតចេញពីអាហ្រ្វិកនេះ ស្ថិតនៅក្រោមការងារគ្រប់គ្រង និងតាមដានពីមន្ត្រីជំនាញ។
ចិនគឺជាប្រទេសលេចធ្លោមួយក្នុងចំណោមប្រទេសផ្សេងៗដែលនាំផលិតផលសាច់ជ្រូកទៅកាន់ទីផ្សារអន្តរជាតិ។
តាមការចុះផ្សាយរបស់ The Pig Site បានឲ្យដឹងថា ចិនកំពុងពង្រីកមហិច្ឆតានាំសាច់ជ្រូកឲ្យបានកាន់តែច្រើនទៅលក់លើទីផ្សារអន្តរជាតិ។
របាយការណ៍នោះបង្ហាញថា ក្នុងត្រីមាសដំបូងឆ្នាំ២០១៧ ចិននាំចេញសាច់ជ្រូកចំនួនជាង ៣៤៦ ០០០ តោន ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ កើនឡើងចំនួន២១ភារយ។
ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៧ ចិនបាននាំចេញសាច់ជ្រូកចន្លោះប្រមាណពី ៨៣ ០០០ ទៅ៩០ ០០០ តោនក្នុង១ខែ។
បើទោះជាអាជ្ញាធរចិនប្រកាសថា អាចគ្រប់គ្រងជំងឺកំពុងរាលដាលនេះ បានក៏ដោយ ប៉ុន្តែនៅមិនទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការងារនៅឡើយទេ។
របាយការណ៍របស់សមាគមកែច្នៃផលិតសាច់ជ្រូកនៅចិនWH Group ចុះផ្សាយដោយ Finance Times នៅថ្ងៃនេះ បង្ហាញថា ភាគហ៊ុននៅក្នុងវិស័យចិញ្ចឹម និងកែច្នៃសាច់ជ្រូក បានធ្លាក់ចុះចំនួន៤,១ភាគរយ។
រហូតដល់ថ្ងៃនេះ នៅមិនទាន់មានប្រតិកម្មយ៉ាងណា ពីអង្គការសុខភាពពិភពលោក និង បណ្តាលប្រទេសដែលមានទំនាក់ទំនងធ្វើពាណិជ្ជកម្មសាច់ជ្រូកជាមួយចិននៅឡើយទេ។









