ក្រុមកម្មករបម្រើការងារនៅរោងចក្រ JULEE APPAREL ស្ថិតក្នុងខណ្ឌពោធិ៍សែន ដែលពុំទទួលបានប្រាក់ឈ្នួលក្រោយពីថៅកែត្រូវបានរកឃើញថា ចងកសម្លាប់ខ្លួននោះ បានទទួលប្រាក់សំណងពីរដ្ឋាភិបាលហើយនៅថ្ងៃនេះ ខណៈក្រុមកម្មករមួយចំនួន បារម្ភថា ពួកគេពិបាករកការងារធ្វើ ក្រោយរោងចក្រនោះអត់ដំណើរការឡើងវិញ។
ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ បានចុះបើកប្រាក់សំណងជូនកម្មករផ្ទាល់ នៅសាលាខណ្ឌពោធិ៍សែនជ័យ ក្រោយមានបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងទឹកមុខសប្បាយរីករាយ កម្មការិនី អ្នកស្រី ប៉ែន សាវន អាយុ ៣៩ឆ្នាំ ប្រាប់វីអូឌីថា រូបគាត់ និងកម្មករមួយចំនួនទៀតទទួលបានប្រាក់សំណងពីរដ្ឋាភិបាលគ្រប់ចំនួនហើយ ក្រោយថៅកែរោងចក្រ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា បានចង់កសម្លាប់ខ្លួនទាំងនៅជំពាក់ប្រាក់ឈ្នួលពួកគេនោះ។
កម្មការិនី អ្នកស្រី ប៉ែន សាវន អាយុ ៣៩ឆ្នាំ
ស្ថិតក្នុងវ័យ ៣៧ឆ្នាំកម្មករម្នាក់បង្ហាញភាពសប្បាយរីករាយផង និងបារម្ភផង អ្នកស្រី ឡុង សុផល និយាយថា ប្រាក់សំណងដែលក្រសួងបើកឲ្យនេះ គឺជាចំនួនមួយអាចទទួលបាន ខណៈពួកគាត់កំពុងខ្វះលុយបង់ថ្លៃបន្ទប់ជួល និងសងបំណុលគេ។
កម្មការិនីរូបនេះ បន្តថា បញ្ហាថ្មីមួយទៀតនោះ គឺអ្នកស្រីបារម្ភអត់ការងារធ្វើបន្ត ខណៈពួកគាត់មួយចំនួនវ័យកាន់តែចាស់ ហើយខាងរោងចក្រកាត់ដេរមិនទទួលយកឲ្យចូលបម្រើការងារ។
កម្មការិនី អ្នកស្រី ឡុង សុផល វ័យ ៣៧ឆ្នាំ
បើតាមតារាងបញ្ចីឈ្មោះ កម្មករសរុប ២៩១នាក់ ត្រូវទទួលបានប្រាក់សំណងបុរេប្រទានពីរដ្ឋាភិបាល ខណៈអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ អះអាងថា រដ្ឋាភិបាលបានបញ្ចេញប្រាក់បុរេប្រទានជាង ១០ម៉ឺនដុល្លារ ដើម្បីយកទៅទូទាត់សំណងជូនកម្មករទាំងនោះ។
ក្រុមកម្មករអះអាងថា ថៅកែរោងចក្រ ជូលី អឹភើរឹល (JULEE APPREL) ជាជនជាតិកូរ៉េខាងត្បូង ត្រូវបានរកឃើញថា បានចង់កសម្លាប់ខ្លួនក្រោយថ្ងៃបោះឆ្នោត ហើយថៅកែរោងចក្រនេះ ជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ចម្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ៕









