ក្រុមសិស្ស និងអ្នកសង្កេតការណ៍ បានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅព្រឹកថ្ងៃនេះ ត្រូវបានរឹតបន្តឹង ខណៈការឆែកឆេររកសំណៅឯកសារចម្លង ត្រូវបានធ្វើឡើងតាំងពីច្រកចូលនៃមណ្ឌលប្រឡងរហូតដល់បន្ទប់។
យុវសិស្ស ពេជ្រ ស្រីនីន អាយុ ១៨ឆ្នាំ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានប្រាប់វីអូឌីថា ការប្រឡងបាក់ឌុបព្រឹកមិញនេះ អនុរក្សបានយាមកាម និងមានការឆែកឆេរនៅតាមចង្កេះ កាបូបប៊ិចរបស់បេក្ខជនតាំងពីខ្លោងទ្វាររហូតដល់បន្ទប់ប្រឡង។
យុវសិស្ស ពេជ្រ ស្រីនីន អាយុ ១៨ឆ្នាំ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម បឹងកេងកង
ស្រី នីន បានបន្ថែមទៀតថា មិនមានការសួរគ្នារវាងសិស្សដែលនៅក្នុងបន្ទប់ប្រឡងនោះទេ ព្រោះទាំងនៅខាងក្រៅ និងក្នុងបន្ទប់ប្រឡងសុទ្ធតែមានអនុរក្សចាំឃ្លាំមើលសកម្មភាពសិស្ស មិនឲ្យមានសកម្មភាពលួចចម្លងអ្វីទាំងអស់។
យុវសិស្ស ពេជ្រ ស្រីនីន អាយុ ១៨ឆ្នាំ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម បឹងកេងកង
ស្រីនីនបានបន្ថែមថា ទោះបីជាមានការតឹងរឹងក្នុងពេលប្រឡងយ៉ាងណា ក៏មិនបានធ្វើឲ្យស្រីនីនមានអារម្មណ៍ភ័យដែររហូតដល់ប្រឡងមិនកើតដែរ។
យុវសិស្ស ពេជ្រ ស្រីនីន អាយុ ១៨ឆ្នាំ ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម បឹងកេងកង
អ្នកសង្កេតការណ៍ ACU កញ្ញា លឹម ស៊ាវម៉ី ឲ្យដឹងថា អនុរក្សបានឃ្លាំមើលបេក្ខជនយ៉ាងម៉ឺងម៉ាត់ និងបាននាំបេក្ខនារីដែលមានការស្លៀកពាក់ និងកាតឈ្មោះដូចសិស្សដទៃដែរ តែគ្មានឈ្មោះក្នុងមណ្ឌលនោះចេញពីមណ្ឌលប្រឡងភ្លាមៗ ដើម្បីកុំឲ្យបង្កការរំខាន និងភាពរញ៉េរញ៉ៃដល់សិស្សផ្សេងទៀត។
អ្នកសង្កេតការណ៍ ACU កញ្ញា លឹម ស៊ាវម៉ី
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់វីអូឌីឲ្យដឹងថា ការប្រឡងមិនទាន់អាចវាយតម្លៃបានត្រឹមតែមួយព្រឹកនោះទេ តែកាលពីព្រឹកមិញនេះ ក៏មិនទាន់ឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងដែរ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងផ្សេងៗដូចជា ខេត្តតាកែវ កំពង់ចាម កំពង់ស្ពឺ រាជធានីភ្នំពេញ ក្រចេះ មានបេក្ខជនមួយចំនួនមានអាការៈឈឺពោះ វិលមុខ សន្លប់ ហើយទទួលការសង្គ្រោះបឋមភ្លាមៗពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ។
ក្រសួងបានឲ្យដឹងថា បេក្ខជនប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មានអាការៈស្លេកស្លាំងខ្លាំង រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តក្រចេះភ្លាមៗ។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងនៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ដោយមានបេក្ខជនចូលរួមប្រឡងជាង ១០ម៉ឺននាក់ ខណៈដែលអ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រហែល ៦ពាន់នាក់ មកពីអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស៕








