ក្រសួងអប់រំបណ្តេញមន្រី្ត០៤នាក់ចេញពីមណ្ឌលប្រឡងដោយសារប្រើទូរសព្ទ

សម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមី ថ្ងៃទី ២០ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងអប់រំ)

មន្ត្រីអប់រំ០៤នាក់ត្រូវបានបណ្តេញចេញពីមណ្ឌលប្រឡងដោយពួកគេបានប្រព្រឹត្តិកំហុសឆ្គងក្នុងការទុកទូរសព្ទជាប់នឹងខ្លួន ខណៈដែលពួកគេកំពុងបំពេញការងារនៅមណ្ឌលប្រឡងក្នុងរយៈពេល០២ថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំដែលចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលត្រូវនឹងថ្ងៃទី២០និងទី២១ ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងអប់រំបានបណ្តេញមន្ត្រីអប់រំ០៤នាក់ចេញពីមណ្ឌលប្រឡងបន្ទាប់ពីរកឃើញថាពួកគេបានទុកទូរសព្ទជាប់ខ្លួន ដែលខុសទៅនឹងបទបញ្ជាផ្ទៃក្នុង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្នុងដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី១និង២ មានបេក្ខជនសរុបចំនួន១១៥ ២៦៨នាក់ ស្រី៥៨​ ១៥៨នាក់  និងអវត្តមានសរុបចំនួន១​​​៨០៦។ ក្នុងនោះមានបេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន ០៤ ករណី ដកហូតទូរសព្ទដៃ០៣ករណី នាំសំណៅឯកសារចូលចំនួន០១ករណី។

នៅក្នុងរយៈពេល០២ថ្ងៃនេះ មានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន៣២ករណី ក្នុងនោះមានអនុរក្ស ០២ករណី អ្នកសង្កេតស្ម័គ្រចិត្ត ០១ ករណី បេក្ខជន២៨ករណី។ ប៉ុន្តែបេក្ខជនទាំងអស់អាចបន្ដដំណើរការប្រឡងបាន បន្ទាប់ពីពួកគេទទួលបានជួយសង្គ្រោះបឋម។ ចំណែកឯ ០៣ករណីផ្សេងទៀត បេក្ខជនបានជួបគ្រោះថា្នក់ចរាចរណ៍ ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​វិញ ០១ករណី និង​ ០២ករណី មិន​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន​ទៀត​ឡើយ ។

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ធ្វើឡើងនៅថ្ងៃទី២០ ដល់​ថ្ងៃ​ទី​២១ ខែសីហា ដោយមានបេក្ខជនចូលរួមប្រឡងជាង ១១ម៉ឺននាក់ ខណៈ​ដែល​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​ប្រហែល ៦​ពាន់​នាក់ មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស។ ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡង នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សំរាប់មណ្ឌលប្រឡងក្រុងភ្នំពេញ និងខេត្តកណ្តាល ហើយសំរាប់ខេត្តដទៃទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ