ម៉ាឡេស៊ីផ្អាក​គម្រោងធំៗពីរជាមួយចិនព្រោះ​មិនចង់​ជំពាក់​​បំណុល

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ជជែកគ្នាក្នុងពិធីចុះហត្ថលេខានៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងប្រទេសចិនថ្ងៃទី 20 ខែសីហាឆ្នាំ 2018 (រូបភាព៖ How Hwee Young / Pool through REUTERS)

ម៉ាឡេស៊ី បានប្រកាសថាខ្លួន​នឹង​ផ្អាក​គម្រោងសាងសង់ធំៗចំនួន​ពីរ​ដែល​ជាការវិនិយោគ​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន ដោយសារតែខ្លួនមិន​ចង់ឲ្យជំពាក់​បំណុលភាគីចិន​ច្រើន។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក មហាធៀ មហាម៉េដ បាន​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​មុនចាកចេញពីទីក្រុងប៉េកាំងកាល​ពីម្សិលមិញ​ថា​ ម៉ាឡេស៊ី បានប្រាប់ភាគីចិន​រួច​ហើយ​ពីការផ្អាក​គម្រោង​២ដែល​ជាការវិនិយោគ​របស់​ចិន ព្រោះ​បារម្ភថា​ខ្លួន​មិន​មាន​លទ្ធភាព​សងបំណុលដល់​ចិនវិញ​។

លោក មហាធៀ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ថែម​ថា​​ ម៉ាឡេស៊ីបាន​ពន្យល់​ទៅចិន​រួចរាល់​ហើយ​ពីមូលហេតុនៃការ​​ផ្អាកគម្រោងទាំងនេះ​ ពោលមូលហេតុធំបំផុតនោះគឺ​ការខ្ចីលុយដ៏ច្រើនសន្ធឹកសន្ធាប់​ដែល​ម៉ាឡេស៊ី​មិន​អាច​មានលទ្ធភាព​សងត្រលប់​ទៅវិញឡើយ។

វាមានតម្លៃថ្លៃខ្លាំងណាស់ ហើយយើងគ្មាន​លទ្ធភាព​ធ្វើ​វាទេ។ យើងត្រូវតែលុបចោល ឬផ្អាក​គម្រោង​ទាំងនោះ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក មហាធៀ មហាម៉េដ

លោក មហាធៀ ក៏បានប្រាប់​ទៅសមភាគីចិន​ផង​ដែរថា​មូលហេតុមួយទៀតដែល​ម៉ាឡេស៊ី​ផ្អាកគម្រោង​ទាំងនេះ​ ដោយសារតែ​នៅពេល​បច្ចុប្បន្នម៉ាឡេស៊ីមិន​សូវជាត្រូវការគម្រោងទាំងនេះប៉ុន្មាន​ទេ។​ លោកបញ្ជាក់ទៀតថា​អ្វី​ដែល​ម៉ាឡេស៊ី​ត្រូវយកចិត្ត​ទុក​ដាក់​និងត្រូវការនៅពេលនេះគឺរកដំណោះស្រាយ​បញ្ហា​នៃការចំណាយ​ហិរញ្ញវត្ថុហួសប្រមាណ។

ក្នុងសន្និសីទសារព័ត៌មាន​ដដែល​លោក មហាធៀ ក៏បាន​រិះគន់​មិន​សំចៃមាត់​ផងដែរ​ដល់​មេដឹក​ម៉ាឡេស៊ី​ជំនាន់​មុន ពោល​គឺអតីតនាយករដ្ឋមន្រ្តី ​ណាជីប រ៉ាហ្សាក់ ​តែម្ដងដែល​បានចុះហត្ថលេខា​ក្នុងកិច្ច​ព្រម​ព្រៀងគម្រោង​ទាំងនេះជាមួយចិន។ លោក មហាធៀ ​ថា​វាជាកិច្ចព្រម​ព្រៀងដ៏ឆ្កួតលីលា​ដែល​ម៉ាឡេស៊ីបាន​ចុះជាមួយចិនព្រោះថា​ម៉ាឡេស៊ីត្រូវសង​ទៅ​ចិនវិញ​​នូវទឹកប្រាក់ក្នុងចំនួនដ៏ច្រើន​។​ លោក ​មហាធៀ បន្ថែម​ថាលោកមិន​បន្ទោស​ចិន​ទេ​ តែនេះជាកំហុសរបស់​ម៉ាឡេស៊ី​ខ្លួន​ឯង។​

គម្រោងដែល​លោក​ មហាធៀ ផ្អាកជាមួយចិន​នោះរួមមាន​គម្រោង​ផ្លូវរថភ្លើងល្បឿនលឿនដែល​មាន​ចំណាយ​៦៨៨គីឡូម៉ែត្រ​មាន​តម្លៃប្រមាណជា២០ពាន់លានដុល្លា និងគម្រោង​បំពង់​បង្ហូរឧស្ម័ន​ដែល​តម្លៃ២ពាន់លានដុល្លា។ គម្រោងទាំងពីរត្រូវបានគេមើល​ឃើញ​ថា​ជាផ្នែក​នៃគម្រោង​យុទ្ធសាស្រ្តខ្សែក្រវ៉ាត់​និងផ្លូវរបស់ចិន​។ ការលុបចោល​គម្រោង​ទាំងពីរតិចឬច្រើននេះនឹងប៉ះពាល់​ផែន​ខ្សែក្រវ៉ាត់​និងផ្លូវរបស់ចិនជាក់ជាមិន​ខាន។​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ ខាង បាន​និយាយក្នុងសន្និសីទសារព័ត៌មាន​កាលពីម្សិលមិញ​ តបទៅនឹងការចោទសួរពីអ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ​​ថាវា​មិន​អាចប្រកែកបាន​នោះទេ ក្នុងកិច្ច​សហប្រតិបត្តិការណ៍រវាង​ប្រទេស​ពីរ បញ្ហាប្រឈម​និង​ការយល់ឃើញដែល​មិនស្របគ្នាខ្លះអាចកើតឡើងក្នុងដំណាក់កាលណាមួយ។ លោកបន្ថែមថាដំណោះស្រាយរវាង​ប្រទេសទាំងពីរត្រូវធ្វើឡើងដោយឈរលើគោលការណ៍ពិភាក្សាគ្នាក្នុងនាម​ជាមិត្ត​និងមិត្តភាព​នៃការអភិវឌ្ឍយូរអង្វែងជាមួយគ្នា។​

លោក លូ ខាង ក៏បានលើកឡើងដែរ​ថា​ចិនបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្តាប្រទេសដទៃទៀតក្រោមគោលការណ៍គោរព​ផលប្រយោជន៍ទៅវិញទៅមកពោលគឺនយោបាយ​​ ឈ្នះ-ឈ្នះ ទាំងសងខាង។ លោក ថាកិច្ចសហប្រតិបត្តិការរវាងចិននិងម៉ាឡេស៊ីជាច្រើនកំពុងរីកចម្រើន ក្នុង​សន្ទុះដ៏វិជ្ជមានមួ​យ​។

បើតាមលោក មហាធៀ ចិនបាន​យល់ព្រមនឹងសំណើរបស់​ម៉ាឡេស៊ីដែល​សុំផ្អាកគម្រោងទាំងពីរនេះហើយ។ លោក មហាធៀ បាន​ទៅបំពេញទស្សនកិច្ច​រយៈពេល​៥ថ្ងៃជាលើកដំបូងទៅកាន់​ប្រទេសចិន ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាក្រោយលោក​ជាប់​ឆ្នោតជានាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​កាលពី​ខែឧសភាកន្លងទៅ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ