ប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងមានប្រជាប្រិយភាព ក្នុងការរកចំណូលបានច្រើនឲ្យជាតិតាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ផ្លាស់ប្តូរនយោបាយក្រៅប្រទេស ហើយពិសេសនោះគឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផ្សេងៗ។
ទណ្ឌកម្មដែលធ្វើឲ្យពិភពលោកកំពុងតែព្រួយបារម្ភហើយបានចំណូលច្រើនដល់អាមេរិកនោះគឺទណ្ឌកម្មទៅវិញទៅមកជាមួយចិន ដែលអ្នកជំនាញខ្លះហៅថា ជាសង្គ្រាមពាណិជ្ជកម្ម។
ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ សំណុំរឿង មេដឹកនាំរូបនេះ ក្នុងអំឡុងពេលបោះឆ្នោតត្រូវបានតុលាការរកឃើញថា លោក ត្រាំ និង មេធាវីរបស់លោកមានកំហុស។
ដំបូងឡើយតុលាការបានស្រាវជ្រាវនិងចោទប្រកាន់មេធាវីស្និទ្ធជាមួយលោកត្រាំឈ្មោះ Michael Cohen ថា បានផ្តល់លុយសំណូកជិត៣សែនដុល្លារ ឲ្យស្រីក្មេងពីរនាក់ជាតារាថតរឿងអាសអាភាស។ លុយនោះពាក់ព័ន្ធការចោទថា យកមូលនិធិសម្រាប់ឃោសនាទៅចាយខុសគោលការណ៍ និងកំហុសពាក់ព័ន្ធជាមួយការបង់ពន្ធ។

ចំណែកស្ត្រីក្មេងទាំងពីរនាក់នោះ មានការផ្សព្វផ្សាយថា មានទំនាក់ទំនងផ្លូវភេទជាមួយលោក ដូណាល់ ត្រាំ ហើយពេលនោះដើម្បីកុំឲ្យខូចឈ្មោះលោក ត្រាំ ជាបេក្ខភាពប្រធានាធិបតីមុនការបោះឆ្នោត មេធាវីក៏រៀបចំលុយឲ្យស្ត្រីទាំងពីរដើម្បីរក្សាភាពស្ងប់ស្ងាត់។
ពេលប្រឈមមុខនឹងការជាប់ពន្ធនាគារដោយសារតែកំហុសនេះ មេធាវី Michael Cohen បានទម្លាក់ការទទួលខុសត្រូវនេះ ទៅឲ្យលោក ដូណាល់ ត្រាំ ជាអ្នកទទួលវិញ ដោយលោកថា អ្វីដែលលោកធ្វើកន្លងមកនេះ គឺធ្វើតាមតែបញ្ជារបស់លោក ត្រាំ តែប៉ុណ្ណោះ។
ថ្លែងក្នុងបទសម្ភាសន៍ជា Fox News កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលោក ត្រាំ ថ្លែងថាលោក មិនបានប្រព្រឹត្តខុសច្បាប់អ្វីទាំងអស់ ហើយថា លុយនោះក៏មិនមែនជា លុយមូលធិនិធ្វើយុទ្ធនាការឃោសនាដែរ។
លោក ត្រាំ ក៏នៅតែបង្ហាញភាពជឿជាក់ថា មិនមានអ្នកណាដកលោកចេញពីតំណែងនោះទេ ដោយសារលោកធ្វើការងារបានល្អប្រសើរបំផុតសម្រាប់អាមេរិក។
លោក ចោទជាសំនួរថា តើគេអាចដកអ្នកដែលធ្វើការងារបានប្រសើរបំផុតដោយរបៀបណាកើត?
ម្យ៉ាងទៀតលោក ត្រាំ បញ្ជាក់ថា បើមានការដកលោកចេញពីតំណែងមែននោះ ទីផ្សារពាណិជ្ជកម្មនៅពេលនេះ នឹងមានបញ្ហាប្រឈមកើតឡើងខ្លាំងជាមិនខាននោះទេ។
ពេលនេះ សភា និងគណបក្សសាធារណរដ្ឋរបស់លោកត្រាំ កំពុងតែស្រាវជ្រាវករណី របស់លោក ត្រាំ និងមន្ត្រីពាក់ព័ន្ធពីរទៅបីនាក់ផ្សេងទៀត។
ចំណែកគណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យមានការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដែលនេះហាក់ដូចជា អ្នកនយោបាយឆក់ឱកាស ក្នុងពេលដែលត្រូវពិនិត្យសេចក្តីទុកចិត្តលើលោកដូណលត្រាំ។









