ក្រសួងព្យាករណ៍ថា ភ្លៀងនៅបន្តធ្លាក់ច្រើននៅប្រទេសកម្ពុជានិងអាងទន្លេមេគង្គដែលអាចធ្វើឲ្យទឹកទន្លេអាចហក់ឡើងសារជាថ្មីទៀត។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
សេចក្តីជូនដំណឹងកាលពីម្សិលមិញ ក្រសួងឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ខែសីហា មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើងនៅលើតំបន់អាងទន្លេមេគង្គប្រទេសថៃនិងប្រទេសឡាវ ហើយនៅកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ។
សេចក្តីជូនដំណឹងបន្តទៀតថា សម្រាប់ប្រទេសកម្ពុជានៅតំបន់ខ្ពង់រាបភាគឦសាននិងបណ្តាខេត្តដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម អាចនឹងបន្តមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងរាជាធានីខេត្តដទៃទៀតមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ ចំណែកឯតំបន់អាងទន្លេមេគង្គចាប់ពីតំបន់ស្ថានីយ៍តម្រងទឹកភ្លៀងជលសាស្ត្រ នគរភ្នំទៅទិសខាងជើង អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ការធ្លាក់ភ្លៀងនេះអាចនឹងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងសារជាថ្មីម្តងទៀត៕









