ក្រុមអង្គការអន្ដរជាតិទទូចឲ្យទម្លាក់ការចោទប្រកាន់លើមន្ដ្រីការពារសិទ្ធិមនុស្ស

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

បណ្ដុំអង្គការអន្ដរជាតិទទូចឲ្យអាជ្ញាធរកម្ពុជាទម្លាក់ការចោទប្រកាន់លើមន្ដ្រីការពារសិទ្ធិមនុស្ស៥រូប ដែលតុលាការគ្រោងកោះហៅឲ្យចូលសវនាការនៅថ្ងៃស្អែកនេះ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី។

មន្ត្រីស៊ើ​បអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់ VOD កាលពីថ្ងៃទី២១សីហាថា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះ​ហៅមន្ត្រីសិទ្ធិមនុស្សអាដហុក ២រូប គឺលោក យី សុខសាន្ត និង លោក ណៃ វ៉ង់ដា ឲ្យចូលសវនាការនាថ្ងៃទី២៧សីហាស្អែកនេះ។ ចំណែក មន្ដ្រីអាដហុក២រូបទៀត លោកថា ពួកគេមិនទាន់បានទទួលដីកាកោះពីតុលាការទេ។ រីឯលោក នី ចរិយា ដែល​ជាអតីតមន្រ្តីអាដហុក ហើយបច្ចុប្បន្ន​ជាអគ្គ​លេខាធិការ​រង គ.ជ.ប ក៏ទទួលបាន​ដីកាកោះឲ្យចូលបំភ្លឺនៅថ្ងៃស្អែកនេះដូចគ្នា។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃនេះ ក្រុមអង្គការអន្ដរជាតិចំនួន៥ បានទទូចឲ្យតុលាការកម្ពុជាទម្លាក់ការចោទប្រកាន់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ដោយថា ការចោទប្រកាន់របស់តុលាការ កាលពីពេលកន្លងទៅ គឺជាការចោទប្រកាន់ដែលមានចរិតនយោបាយ និងជាការយាយីដល់សិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។

ក្រុមអង្គការអន្ដរជាតិបន្ដថា រដ្ឋាភិបាលកម្ពុជាបានរំលោភគោលការណ៍ក្នុងកតិកាសញ្ញាស្ដីពីសិទ្ធិសង្គម និងនយោបាយ ដោយបានបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងជួបជុំគ្នាដោយសន្ដិវិធី ដែលសិទ្ធិទាំងអស់នេះក៏ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាផងនោះ។

អង្គការអន្ដរជាតិដែលទទូចឲ្យទម្លាក់បទចោទប្រកាន់នេះ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការ CIVICUS អង្គការបណ្ដាញអាស៊ានដើម្បីការបោះឆ្នោតដោយសេរី ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងអង្គការសម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអគ្នេយ៍។

មន្ត្រី​សិទ្ធិ​មនុស្សអង្គការ​អាដហុក​​៤​រូប និង​អតីតអគ្គ​លេខាធិការ​រង គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្ដោះ​អាសន្ន ​កាល​ពី​ខែ​មិថុនាឆ្នាំមុន បន្ទាប់​ពី​ពួកគេត្រូវ​បាន​ឃុំ​ខ្លួន​ក្នុងពន្ធនាគារអស់រយៈ​ជាង១​ឆ្នាំ ក្រោម​​ការ​ចោទ​ថា បាន​សម​គំនិត និង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ