សមាជិកព្រឹទ្ធសភាអាមេរិក និងធ្លាប់ជាបេក្ខជនប្រធានាធិបតីលោក John McCain កើតនៅថ្ងៃទី២៩ខែសីហា ឆ្នាំ១៩៣៦។ លោកកើតក្នុងគ្រួសារកងទ័ពមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាគ្រួសារដែលមានលក្ខណៈជាតិនិយមខ្លាំងក្លាគឺទាំងឪពុក និងជីតារបស់លោកសុទ្ធមេកងទ័ពពាក់ផ្តាយ៤។
លោកបានបញ្ចប់ការសិក្សានៅសាលាយោធាជើងទឹកអាមេរិក។ ក្រោយពេលបញ្ចប់ការសិក្សាភ្លាមលោកបានធ្វើជាកងទ័ពស្ម័គ្រចិត្តចូលរួមច្បាំងនៅវៀតណាម។ លោកក្លាយជាមេបញ្ជាការចាត់ចែងការងារលើនាវាចម្បាំងក្នុងឆ្នាំ១៩៦៧។ នៅក្នុងខែកក្កដាឆ្នាំនោះមានការបាញ់បំផ្ទុះនាវារបស់លោក បណ្តាលឲ្យកងកម្លាំងផ្សេងទៀត១៣៤នាក់ស្លាប់ និងលោកនៅរស់រានទាំងគ្រោះថ្នាក់។
រយៈពេល៣ខែក្រោយមកគឺនៅថ្ងៃទី២៦ខែតុលាឆ្នាំ១៩៦៧ យន្តហោះដែលលោកជិះ ត្រូវកងទ័ពវៀតណាមខាងជើងបាញ់ធ្លាក់ ពេលនោះដៃនិងជង្គង់របស់លោកបាក់ លោកសន្លប់មិនដឹងខ្លួន ហើយត្រូវបញ្ជូនទៅដាក់ពន្ធនាគារទាហានវៀតណាម។ លោក ជាប់ពន្ធនាគារ៥ឆ្នាំកន្លះ ហើយត្រូវបានដោះលែងវិញនៅឆ្នាំ១៩៧៣។
នៅពេលដែលគណបក្សសាធារណរដ្ឋតែងតាំងលោកជាបេក្ខជនប្រធានាធិបតីប្រកួតប្រជែងជាមួយលោក Barrack Obama នៅឆ្នាំ២០០៨ លោក McCain បានថ្លែងរំឭកពីការជាប់ពន្ធនាគារនៅវៀតណាម។ លោកថា ពេលនោះទទួលរងការធ្វើទារុណកម្មពីទាហានវៀតណាមគ្រប់បែបយ៉ាង ប៉ុន្តែលោកថា ហេតុការណ៍នោះបានជំរុញឲ្យលោកស្រលាញ់ជាតិកាន់តែខ្លាំង។
សមាជិកព្រឹទ្ធសភាអាមេរិក និងធ្លាប់ជាបេក្ខជនប្រធានាធិបតីលោក John McCain
ក្រៅពីការបំពេញការងារជាកម្លាំងទ័ពលោកMcCain បានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក។ លោកតែងតែចេញមុខប្រឆាំងជាមួយប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំក្នុងបក្សលោក ចំពោះសកម្មភាពដែលប៉ះពាល់ដល់សិទ្ធិមនុស្ស ទោះបានជាប្រយោជន៍ច្រើនដល់អាមេរិកក៏ដោយ។
លោកMcCain ធ្លាប់ដឹកនាំសមាជិកសភាអាមេរិកផ្សេងទៀតប្រឆាំងលោក George W. Bush ប្រធានាធិបតីអាមេរិកទី៤៣ ចំពោះការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកក៏តែងតែលើកយកបញ្ហាការធ្វើទារុណកម្ម និងធ្វើយុទ្ធការប្រមូលប្រាក់ដើម្បីជួយជនអន្តោប្រវេសន៍អ៊ីរ៉ាក់ដោយសារសង្គ្រាមផងដែរ។
បើនិយាយពីស្ថានភាពនយោបាយនៅកម្ពុជាវិញ លោក McCain ជាសមាជិកព្រឹទ្ធសភាអាមេរិកតែម្នាក់គត់ដែលលេចធ្លោជាងគេក្នុងការជំរុញ និងមានចំណាត់ផ្សេងៗឲ្យកម្ពុជាដើរឲ្យត្រូវផ្លូវប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
កាលពីខែវិច្ឆិកាឆ្នាំ២០១៧ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្ដីសម្រេចមួយ ដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ។
ពេលនោះលោក John McCain មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា៖
នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨ វេលាម៉ោង ៤ និង២៨នាទីរសៀល លោក John McCain ទទួលមរណភាពក្នុងអាយុ៨១ឆ្នាំ ក្រោយពេលកើតជំងឺមហារីកខួរក្បាលរយៈពេល១ឆ្នាំ។
ក្រោយការទទួលមរណភាពមេដឹកនាំអាមេរិក និងមេដឹកនាំពិភពលោកជាច្រើនបានផ្ញើសាររំលែកទុក្ខ និងចាត់ទុកលោកជាវីរៈបុរស។









