ឥណ្ឌាប្រកាសពីជំហរក្នុងការពង្រឹងទំនាក់ទំនងការបរទេស និងសហការលើវិស័យអភិវឌ្ឍន៍ឲ្យកាន់តែច្រើនជាងមុនថែមទៀត។
ក្រោយពីប្រជុំបិទទ្វារជាង១ម៉ោងនាព្រឹកនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា នៅក្រសួងការបរទេសកម្ពុជា ដើម្បីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា ហៅកាត់ថា (MOU) ចំនួនពីរ ដាច់ដោយឡែកពីគ្នា។
ក្នុងអនុសារណៈទាំងនោះ លោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បានអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការស្រាវជ្រាវ ការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ការបែងចែកព័ត៌មានស្តីពីវគ្គសិក្សា ការបណ្តុះបណ្តាលទៅវិញទៅមក នឹងប្តេជ្ញាអភិរក្ស ជួសជុលប្រាសាទព្រះវិហារឲ្យបានល្អប្រសើរឡើងវិញជាដើម។
មន្ត្រីជាន់ខ្ពស់កម្ពុជារូបនោះ បញ្ជាក់ថា ក្រោយពីចុះអនុសាធារណៈនេះ រដ្ឋាភិបាលឥណ្ឌានឹងបញ្ជូនអ្នកជំនាញរួមទាំងផ្គត់ផ្គង់ផ្នែកសម្ភារ ដើម្បីជួយជួសជុលប្រាសាទព្រះវិហារនាពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ។
លោក សោផាន់ អះអាងថា កម្ពុជានិងជួយកន្លែងស្នាក់នៅ និងមធ្យោបាយផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអ្នកជំនាញឥណ្ឌាបានស្នាក់នៅជាដើម៕









