អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO បានព្រមានពីការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្វ្រិកដែលកំពុងកើតឡើងនៅចិនអាចរីករាលដាលដល់ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។
តាមការចុះផ្សាយរបស់អង្គការស្បៀងអាហារ និងកសិកម្ម កាលពីម្សិលមិញជំងឺប៉េសជ្រូកអាហ្វ្រិក( African Swine Fever) ត្រូវបានគេរកឃើញថាកំពុងតែរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសចិន ។ ប្រភពដដែល បន្តឲ្យដឹងថាអាជ្ញាធរចិនបានសម្លាប់ជ្រូកចំនួន២៤០០០ក្បាលរួចមកហើយក្នុងខេត្តចំនួន៤ ក្រោយពីមានការផ្ទុះជំងឺនេះ។
ចិន ជាប្រទេសដែលផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារពិភពលោកជិតពាក់កណ្ដាល។
អង្គការស្បៀងអាហារ និងកសិកម្ម លើកឡើងដែរថាមេរោគប៉េសជ្រូកអាហ្វ្រិកជាមេរោគដែលធន់ខ្លាំងហើយអាចរស់នៅបានយូរ ពោលគឺវាអាចស៊ាំនឹងអាកាសធាតុក្តៅខ្លាំង ត្រជាក់ខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចរស់នៅបានក្នុងផលិតផលសាច់ជ្រូកក្រៀមទៀតផង។
ប៉េសជ្រូកអាហ្វ្រិកធ្លាប់ផ្ទុះនៅតំបន់ផ្សេងក្រៅពីតំបន់អាហ្វ្រិករួចមកហើយកាលពីទស្សវត្សឆ្នាំ១៩៦០នៅអឺរ៉ុបនឹងអាមេរិក។ ដោយសារតែមានប្រវត្តិនៃការផ្ទុះនិងការសាយភាយនៅតំបន់ផ្សេងៗគ្នាបែបនេះ ទើបអង្គការស្បៀងអាហារ និងកសិកម្ម យល់ថាជំងឺនេះអាចរីករាលដាលដល់ប្រទេសជិតខាងជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់ទាំងនេះមានតម្រូវការសាច់ជ្រូកខ្ពស់។
ប្រធានផ្នែកបសុពេទ្យនៃអង្គការស្បៀងអាហារ និងកសិកម្ម លោក ជ័ន លូប្រាថ បានបញ្ជាក់ថាការធ្វើចរាចរផលិតផលសាច់ជ្រូកពីកន្លែងមួយទៅកន្លែងមួយ បានធ្វើឲ្យមេរោគជំងឺប៉េសជ្រូកអាហ្វ្រិករីករាលដាលលឿនជាងការដឹកជញ្ជូនជ្រូករស់ពីតំបន់មួយទៅតំបន់មួយផ្សេងទៀតទៅទៀត។
ជំនួយការនាយកទូទៅរបស់អង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំតំប់អាស៊ីនិងប៉ាស៊ីហ្វិច អ្នកស្រី គុណដាវី កាឌីរេសាន មានប្រសាសន៍ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែងទប់ស្កាត់និងឆ្លើយតបរួមគ្នាចំពោះជំងឺប៉េសជ្រូកអាហ្វ្រិក ព្រោះថាប៉េសជ្រូកអាហ្វ្រិកមិនស្គាល់ព្រំដែនប្រទេសណានោះទេ។
អ្នកស្រីបន្តថាដើម្បីអាចសម្រេចបាននូវកិច្ចខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺនេះ ទាល់តែមានទំនាក់ទំនងនិងសហការល្អជាមួយវិស័យឯកជនដែលអ្នកស្រីនិយាយសំដៅដល់ក្រុមអ្នកជំនួញដែលរកស៊ីទាក់ទងនឹងការនាំចេញនិងនាំចូលសាច់ជ្រូកនិងផលិតផលសាច់ជ្រូក។
បើតាមអង្គការស្បៀងអាហារ និងកសិកម្ម ជំងឺប៉េសជ្រូកអាហ្វ្រិក មិនបង្កផលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពមនុស្សទេ។ ប៉ុន្តែ ពុំមានវ៉ាក់សាំងណាមួយដែលអាចចាក់ការពារជ្រូកមិនឲ្យឆ្លងនិងកើតជំងឺនេះឡើយ។ ជ្រូកដែលឆ្លងជំងឺ១០០ភាគរយនឹងត្រូវងាប់។









