លោក ហ៊ុន សែន រំឮកជាថ្មីទៅស្ថាប័នរដ្ឋ និងឯកជនឲ្យត្រៀមបើកប្រាក់ខែជូនបុគ្គលិក១ខែពីរដង

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋាភិបាលរំឮកទៅស្ថាប័នរដ្ឋ និងឯកជនទាំងអស់ឲ្យត្រៀមអនុវត្តបើកប្រាក់ខែជូនមន្រ្តីរាជការរួមទាំងកម្មករនិយោជិត១ខែពីរដង ដោយថា នឹងអនុវត្តចាប់ពីឆ្នាំ២០១៩ខាងមុខនេះ។

ក្នុងពិធីជួបជាមួយក្រុមកម្មករនៅរាជធានីភ្នំពេញនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ខាងមុខនេះ រដ្ឋាភិបាលតម្រូវឲ្យស្ថាប័នរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការរួមទាំងកម្មករនយោជិត២សប្តាហ៍ម្តងដើម្បីជួយសម្រួលដល់តម្រូវការចំណាយរបស់កម្មករនយោជិតទាំងនោះ។

បណ្តាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រៀបទុកឲ្យហើយ នៅឆ្នាំ២០១៩ យើងមិនបើកប្រាក់បៀរវត្តិ៍ប្រចាំខែទេ យើងបើកបៀវត្សរ៍ប្រចាំសប្តាហ៍ម្តង បានសេចក្តីថា ២អាទិត្យបើកម្តង។[………]មិនមែនធ្វើតែខាងផ្នែករដ្ឋទេណា?ខាងវិស័យឯកជនក៏ត្រូវធ្វើដែរ ២អាទិត្យម្តងបើកបៀរវត្តិ៍ឲ្យកម្មករ ពិតហើយមានកន្លែងខ្លះមានការលំបាក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានសាទរចំពោះយន្តការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យមានការបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ និងកម្មករនយោជិត១ខែដងនេះ ដោយថា ការធ្វើបែបនេះកម្មករនយោជិតទាំងនោះនឹងទទួលបានផលប្រយោជន៍ច្រើន។ ប៉ុន្តែលោកថា តាមការស្ទង់មតិមានកម្មករមួយចំនួនគឺមិនចង់​បើកប្រាក់ឈ្នួល១ខែពីរដងនោះទេដោយខ្លាច គ្រប់លុយមិនបានល្អហើយចាយអស់។

វាជារឿងមួយត្រឹមត្រូវដោយសារតែតាមច្បាប់ការងារ គឺកម្មករនយោជិតត្រូវបានគេបង់លុយឲ្យតាមម៉ោង តាមថ្ងៃឬក៏តាមសប្តាហ៍ បើសិនជាយូរជាងនេះទៅទាល់តែកិច្ចព្រមព្រៀងដាច់ដោយលែក។ ហើយមួយខ្ញុំគិតថាល្អដែរ ពីព្រោះរោងចក្រសហគ្រាសមួយចំនួនវាតែងតែខូចពេលកម្មករឈប់ ឬបញ្ឈប់គេ ឬក៏រោងចក្របិទអីហ្នឹងភាគច្រើនលុយដែលកម្មករធ្វើហ្នឹង វានៅសល់អត់បានបើកឲ្យគេទេ ដែលវាជាផលពិបាកដល់កម្មករដែរ អញ្ចឹងផលលំបាក់ទាំងពីរហ្នឹងអាចប៉ះពាល់ដល់កម្មករ

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់

ច្បាប់ស្តីពីការងារក្នុងមាត្រា១១៦ បានតម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាសបើកប្រាក់ឈ្នួល២ដងក្នុង១ខែ ដោយក្រសួងការងារ បានកំណត់ឲ្យអនុវត្តតាំងពី២០១៧ ប៉ុន្តែលោក អាត់ ធន់ ថា តាមសង្កេតកន្លងមក គឺមិនទាន់មានស្ថាប័នណាមួយអនុវត្តតាម ច្បាប់នេះនៅឡើយទេ។

កាលខែមុនរដ្ឋសភាបានធ្វើ​វិសោធនកម្ម​ នៃ​ច្បាប់​ស្តីពី​ការងារលើ៨មាត្រាដោយបានសម្រេចទាំងស្រុង ហើយថា​ការ​ធ្វើ​​វិសោធនកម្ម​​ច្បាប់​​ការងារនោះក្នុង​​គោលដៅ​​ការពារ​​ផល​ប្រយោជន៍​​កម្មករ​-កម្មការិនី​​ខ្មែរ​ពី​​ការ​​រត់​ចោល​​របស់​​ថៅកែ​​រោងចក្រ ប៉ុន្តែជុំវិញការ កែប្រែច្បាប់នេះត្រូវបានអង្គការ និងសហជីពមួយចំនួនរិះគន់ថា ធ្វើឲ្យបាត់ផលប្រយោជន៍កម្មករមួយចំនួនទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ