អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា មានគម្រោងជួបជាមួយលោកនាយកមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេ ដើម្បីប្រាប់រឿងរាវ និងកែលម្អបញ្ហាក្នុងពន្ធនាគារ។
ប្រាប់អ្នកសារព័ត៌មានក្រោយស្រោចទឹករំដោះគ្រោះតាមបែបពុទ្ធសាសនានៅវត្តចាស់ម្សិលមិញ លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកមានគម្រោងដាក់លិខិតសុំជួបជាមួយលោក ហ៊ុន សែន និងលោក ស ខេង រួមទាំងព្រះមហាក្សត្រផងដែរដើម្បីប្រាប់ពីបញ្ហានានាដែលលោកបានឃើញ និងកើតឡើងក្នុងពន្ធនាគារ អំឡុងពេលដែលលោកបានជាប់ពន្ធនាគារជាង៣ឆ្នាំមកនេះ។
លោកបន្តថា រយៈពេលជាប់ពន្ធនាគារនោះលោកបានឃើញករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចោរកម្ម និងបញ្ហាផ្សេងៗទៀតដោយថា ក្រោយចេញពីពន្ធនាគារនេះលោកនឹងសរសេរសៀវភៅមួយអំពីបញ្ហានានានៅក្នុងពន្ធធនាគារនោះផងដែរ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា
លោក មាជ សុវណ្ណារ៉ា និងសកម្មជនអតីតគណបក្ស សង្គ្រោះជាតិ១៤នាក់ទៀត ត្រូវតុលាការដោះលែង កាលពីល្ងាចមិញ ហើយបានថ្លែងអរគុណដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើសុំព្រះមហាក្សត្រលើកលែងទោសដល់លោក៕









