រដ្ឋ​មន្ត្រី​បរិសា្ថនស្នើទៅលោក ហ៊ុន សែន ឲ្យក្រុមហ៊ុនកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុងពិធី​សម្ពោធអគារក្រសួងបរិស្ថានថ្មី(រូបថតដោយណាត សុភាព​)

រដ្ឋ​មន្ត្រី​ក្រសួងបរិសា្ថន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អនុញ្ញាតឲ្យក្រុមហ៊ុនគម្រោងវិនិយោគ អាចបន្តឈូសឆាយ និងកាប់ឈើនៅក្នុងដីសម្បទាន​សេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ឲ្យបាន ដោយថា ដើម្បីពន្លឿនការអនុវត្តគម្រោងរបស់ពួកគេ​ឲ្យស្របទៅតាមផែការមេ។

ការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងបន្ទាប់ពី​រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះ​អាសន្ននូវការចេញលិខិតអនុញ្ញាតឲ្យ​ដឹកជញ្ជូនផល​អនុផលព្រៃឈើ ដែលបានមកពី​ការ​ឈូសឆាយ​សម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចកាលពីពេលកន្លងមក។

យោងតាមសំណើ​ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក សាយ សំអាល់ ឲ្យដឹងថា ក្រុមហ៊ុនមានភាពចាំបាច់ក្នុងការឈូសឆាយសម្អាតទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល និងអនុផលព្រៃឈើដែលបានមកពីការឈូសឆាយសម្បទានដីសេដ្ឋកិច្ច ដោយថា ដើម្បីពន្លឿនការអនុវត្តគម្រោងរបស់ខ្លួនឲ្យស្របទៅតាមផែនការមេ។

ក្រសួងថា ករណីនេះ ក្រសួងស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចបន្តឈូសឆាយទីតាំងវិនិយោគ ព្រមទាំងប្រមូល និងដឹកជញ្ជូនផល​អនុផលព្រៃឈើដែលបានមកពីការឈូសឆាយក្រុមហ៊ុននោះផងដែរ។

មន្រ្តីពង្រឹងសិទ្ធិអំណាចសមាគមន៍នៅសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍  សម្ដែងករសោកស្ដាយចំពោះសំណើរបស់ក្រសួងបរិស្ថាននេះ​ថា នឹងធ្វើ​ឲ្យព្រៃឈើនៅប្រទេសកម្ពុជាប្រឈមនឹងបាត់បង់កាន់តែខ្លាំង ខណៈដែលការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ដែនជម្រសត្វសំខាន់កំពុងកើតឡើង ហើយអ្នកដែលកាប់បំផ្លាញព្រៃឈើទាំងអស់នោះ ភាគច្រើនជាមន្ត្រីមានអំណាចនៅក្នុងជួររាជរដ្ឋាភិបាលតែម្ដង។

បើសិនជាយើងបន្តឲ្យមានការឈូសឆាយបន្ថែមទៀតនោះ យើងគិតថា វារឹតតែធ្វើឲ្យបរិស្ថានធម្មជាតិនៅកម្ពុជាលែងមានលំនឹង​​ហើយ។ អញ្ចឹងយើងគួរតែបញ្ឈប់ប៉ុណ្ណឹងហើយ ។ យើងគិតថា ល្មមដល់ពេលយើងថែរក្សាបរិស្ថានធម្មជាតិយើង ងាកទៅរកបរិស្ថាន​ទេសចរណ៍ ដើម្បីទាក់ទាញទេសចរណ៍ខាងក្រៅ ទស្សនាប្រទេសកម្ពុជាយើង តាមរយៈវត្ថុបុរាណ ប្រាសាទបុរាណ ឬបរិស្ថានធម្មជាតិល្អជាង ជាជាងការបំផ្លិចបំផ្លាញធនធានធម្មជាតិ

មន្រ្តីពង្រឹងសិទ្ធិអំណាចសមាគមន៍នៅសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍

លោកបន្តថា កន្លងមកពួកគាត់បានដាក់ពាក្យបណ្ដឹងទៅតុលាការ និងរដ្ឋាភិបាលឲ្យចាត់វិធានការទៅលើមន្ត្រីរួចហើយក៏ដោយ ប៉ុន្តែ រហូតមកដល់ពេលនេះ រដ្ឋាភិបាលរួមទាំងតុលាការនៅតែមិនមានវិធានផ្លូវច្បាប់អ្វីទៅចំពោះមន្ត្រីទាំងអស់នោះ។

ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលសកម្មក្នុងការការពារព្រៃឈើលោក អ៊ួច ឡេង យល់ថា ការសម្រេចផ្អាកមិនឲ្យក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនផល​អនុផលព្រៃឈើ កាលពីពេលកន្លងមក គឺធ្វើឡើងឲ្យតែល្អមើលតែប៉ុណ្ណោះ។

លោកចាត់ទុកការសំណើរបស់ក្រសួងបរិស្ថាននេះថា ជាការបើកផ្លូវឲ្យក្រុមហ៊ុនរកស៊ីកាប់បំផ្លាញព្រៃឈើកាន់តែច្រើនឡើងជាពិសេសតំបន់ដែនជម្រសត្វព្រៃ ខណៈមន្ត្រីជាន់រដ្ឋាភិបាលចំនួនជាអ្នករកស៊ីកាប់ឈើ។

អ្វីដែលយើងបារម្ភ គឺ​ការបន្តនៅក្នុងអាជីវកម្មឈើសម្រាប់ក្រុមហ៊ុនឯកជនតទៅទៀត ព្រោះមកពីមន្ត្រីរដ្ឋាភិបាល មន្ត្រីមកពីគណបក្សប្រជាជនដែលជាប់ឆ្នោត សុទ្ធតែមានមុខរបររកស៊ីឈើដែលជាមន្ត្រីមានអំណាច មន្ត្រីកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់ ជាហេតុដែលរដ្ឋាភិបាលពិបាលបង្ក្រាប​មិន​បាន។ មួយវិញទៀត យើងបារម្ភព្រៃឈើនៅតំបន់ការពារ ដូចជា នៅក្នុងតំបន់ដែនជម្រសត្វព្រៃនានា ដែលត្រូវបានកាប់បំផ្លាញ ហើយដឹកចូលនៅក្នុងរោងចក្រអារឈើទាំងនោះ ឲ្យទៅជាឈើស្របច្បាប់

ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលសកម្មក្នុងការការពារព្រៃឈើលោក អ៊ួច ឡេង

លោកបន្តថា ព្រៃឈើនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននោះ គឺមិនមានទៀតនោះទេ ដោយសារ​ព្រៃឈើមាននាពេលបច្ចុប្បន្ននេះ គឺនៅតំបន់ដែនជម្រសត្វព្រៃតែប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់នោះកាប់ឈើទៀតនោះ ព្រៃឈើនឹងវិនាសអស់នាពេលខាងមុខនេះ។

កាលពីដើមឆ្នាំ២០១៦ លោក​ ហ៊ុន សែន ​​បានសម្រេចបង្កើ​ត​គណៈកម្មា​ធិការ​ចម្រុះ​​មួយ ដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថជាតិ លោក ​​​សៅ សុខា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់​ពន្ធឈើ​ខុសច្បាប់ទាំងអស់ទៅវៀតណាម។ កាលពីពេលនោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅលោក សៅ សុខា ឲ្យ​បាញ់គ្រាប់រ៉ុកកែតពីលើឧទ្ធម្ភាគចក្រ នៅលើ​អ្នកលួចកាប់ឈើផងដែរ។​

របាយការណ៍អង្គការណាសាចេញផ្សាយកាលពីឆ្នាំ២០១៧ បាន​ឲ្យដឹងថា  ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ​។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី ២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យ​កសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ