ក្រុមសហជីពមួយចំនួន បង្ហាញក្ដីព្រួយបារម្ភថា ឧស្សាហកម្មកាត់ដេរកម្ពុជា នឹងរងផលប៉ះពាល់ ប្រសិនបើសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
ក្នុងសិក្ខាសាលាស្តីពី «សុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងវិជ្ជាជីវៈ» នាថ្ងៃនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងថា បើស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជាបច្ចុប្បន្ននេះ នៅតែបន្តតានតឹង ករណីនេះលោកថា នឹងធ្វើឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ឈានដល់ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលជាអ្នកសម្របសម្រួលក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា ថ្លែងក្នុងសិក្ខាសាលានេះដែរថា ដើម្បីដោះស្រាយបញ្ហាប្រឈមកុំឲ្យអន្តរជាតិផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា រដ្ឋាភិបាលត្រូវគោរពតាមកិច្ចព្រមព្រៀងជាមួយប្រទេសលោកសេរី ដោយគោរពច្បាប់ សិទ្ធិមនុស្ស និងគោរពលក្ខខណ្ឌការងារជាដើម។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់
ទោះជាយ៉ាងណា អនុរដ្ឋលេខាធិការក្រសួងការងារលោក ម៉ម វណ្ណះ បានអះអាងក្នុងសិក្ខាសាលានោះថា សុវត្ថិភាពការងារ មានភាពល្អប្រសើរច្រើន បើធៀបទៅនឹងឆ្នាំកន្លងទៅ។
ករណីនេះ លោក វណ្ណះ បញ្ជាក់ទៅសហជីពមួយចំនួនថា កុំបញ្ឆះកំហឹងឲ្យរដ្ឋាភិបាលមានទំនាក់ទំនងមិនល្អជាមួយប្រទេសលោកសេរី ដោយថា បើមានបញ្ហាប្រឈមពាក់ព័ន្ធវិស័យការងារ ត្រូវយកបញ្ហាមកដាក់លើតុរកដំណោះស្រាយរវាងខ្មែរ និងខ្មែរ ទើបធ្វើឲ្យកម្ពុជាមានការរីកចម្រើន។

អនុរដ្ឋលេខាធិការក្រសួងការងារលោក ម៉ម វណ្ណះ
សហគមន៍អឺរ៉ុបបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបង្ក្រាបក្រុមអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងដ៏ធំមួយនេះ កាលពីឆ្នាំមុន។
របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅ បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជិត ៦ពាន់លានដុល្លារ។
តាមរបាយកាណ៍ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត កាលពីចុងឆ្នាំមុន កម្ពុជាចំណេញប្រាក់ដល់ទៅ ៦៧៦លានដុល្លារកាលពីឆ្នាំ២០១៦កន្លងមក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ»របស់សហគមន៍អឺរ៉ុប៕