ព័ត៌មានថ្មី៖ តុលាការ​សម្រេចដាក់​ទោស​អ្នកផលិតភាពយន្ត​​ជនជាតិអូស្រា្តលី​៦ឆ្នាំពី​​បទ​ចារកម្ម​

រូបភាព: អ្នកផលិតខ្សែភាពយន្តអូស្រ្តាលីលោក James Ricketson កំពុងស្ថិតនៅក្នុងការកាត់ក្តីនៅកម្ពុជាទាក់ទងនឹងការគំរាមកំហែងដល់សន្តិសុខជាតិ(រូបភាព៖ (AP) ហេងស៊ីនិត))

តុលាការកម្ពុជា​ សម្រេច​ផ្តន្ទាទោស​អ្នកផលិត​ភាពយន្តឯកសារ​ជនជាតិ​អូស្រ្តាលី​ម្នាក់​ឲ្យ​ជាប់​ពន្ធាគារ​រយៈ​​ពេល​​៦​ឆ្នាំ​ ក្រោមបទ​​ចារកម្ម​។​

សាលាដំបូងរាជធានីភ្នំពេញ​នៅថ្ងៃនេះ បាន​ចេញ​សាលក្រម​សម្រេច​ផ្តន្ទាទោស ​លោក​ James Ricketson​ អ្នកផលិតឯកសារ​ជនជាតិ​អូស្រ្តាលីឲ្យជាប់​ទោស៦ឆ្នាំក្រោមបទ​​ចារកម្មនិង​លួចប្រមូល​ព័ត៌​មាន​​​​ពី​​កម្ពុជា​​​បញ្ជូនទៅឲ្យបរទេសដែល​ធ្វើ​អន្តរាយដល់ការ​ការពារជាតិ តាមមាត្រា៣៣៩ និង៤៤៦​នៃ​ក្រម​​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាច​ក្រ​​កម្ពុជា។

ភ្លាម​ៗក្រោយ​ប្រកាស​សាល​ក្រម លោក​ James Ricketson​ បាន​ចោទសួរទៅ​ចៅក្រម​ សេង លាង​ប្រធាន​ចៅក្រម​ជំនុំជម្រះ​ថា«​តើ​លោក​ធ្វើជាចារកម្ម​ឲ្យប្រទេសណា?» ប៉ុន្តែ​​​ចៅក្រមរូបនេះ​មិន​បាន​ឆ្លើយ​តប​​​នោះទេ។

មេធាវីការ​ពារ​លោក​ Jame Ricketson គឺ​លោក គង់ សំអុន មាន​ប្រសាសន៍​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ថា​ លោកនឹង​ពិភាក្សា​ជា​មួយ​កូន​ក្តីលោក​បន្ត​ទៀត​ដើម្បី​ដាក់​ប្តឹង​ឧទ្ធរណ៍​​ ឬ​សុំ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រតាម​រយៈ​រដ្ឋាភិបាល​។

បើ​យើង​សុំ​ការ​លើក​លែ​ងទោស​ពីព្រះមហា​ក្សត្រ​ ការ​ប្តឹង​ឧទ្ធរណ៍គឺ​យើង​បោះបង់​ចោល​ហើយ។ យើង​នឹង​ធ្វើ​ឆាប់ៗ ហើយ​យើង​នឹង​ធ្វើ​ការ​ស្នើ​សុំ​ទៅ​ស្ថាន​ទូត​អូស្ត្រាលី​ឲ្យ​ជួយ​គាំ​ទ្រ​សំណើរ​យើង​​ផង​ដែរ

មេធាវីការ​ពារ​លោក​ Jame Ricketson គឺ​លោក គង់ សំអុន

កូន​ប្រុស​លោក​ Ricketson គឺ​លោក Jesse Ricketson បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បាន​ស្តាប់​​សេចក្តីប្រកាស​របស់​តុលាការ​នៅព្រឹក​នេះ​ថា លោកមានការសោក​ស្តាយ​​ចំពោះសេចក្តី​សម្រេច​នេះជា​ខ្លាំង តែ​ទោះ​ជា​យ៉ាង​ណា​លោក​សង្ឃឹម​ថា​ស្ថាន​ការ​ណ៍​នឹង​ភាព​ប្រសើរ​ឡើង​វិញ។

វា​ធ្វើ​ឲ្យ​ខក​ចិត្ត​ណាស់! គាត់​ទើប​តែ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ទេ តែ​អ្វី​ដែល​កើត​ឡើង​នេះ​គឺ​វា​​បាន​បំផ្លាញ​អស់​អស់​ហើយ

កូន​ប្រុស​លោក​ Ricketson គឺ​លោក Jesse Ricketson

នៅ​ថ្ងៃ​ប្រកាស​សាល​ក្រម​នេះ​ដែរ​ក្រុម​គ្រួសារ និងមិត្ត​ភ័ក្រ​លោក​​ Ricketson ក៏​បាន​ចេញ​សេចក្តីថ្លែង​ការ​ណ៍​មួយ​ ដោយ​លើក​ឡើង​ថា ការ​កាត់​ទោស​បុរស​អាយុ​ជិត​៧០ឆ្នាំ​​នេះ​ឲ្យ​ជា​រឿងអយុត្តិ​ធម៌ និង​​ឃោ​ឃៅ​ជា​ទី​បំផុត ខណៈ​ពួក​គេអំពាវ​នាវ​ដល់​​រដ្ឋាភិបាល​អូស្ត្រាលី​​ជួយ​ពល​រដ្ឋ​ខ្លួនផង​ដែរ​។

James អាយុ​ជិត​៧០​ឆ្នាំ​ហើយ គាត់​កំពុង​មាន​សុខភាពមិន​ល្អ គ្រួសារ​របស់​យើង​ខ្លាច​ថា​អាច​នឹងមាន​រឿង​អី​កើត​ឡើង​ចំពោះ​គាត់។ ពួក​យើង​មិន​គិត​ថា​គាត់​អាច​រស់​នៅ​បាន​ក្នុង​ស្ថាន​ភាព បង្ខិត​បង្ខំ​ឲ្យ​រស់​នៅ​ក្នុង​គុក​ព្រៃ​សរដែល​ជា​កន្លែង​ចង្អៀត ពិបាក​គេង ពិបាក​អាហារ និង​គ្មាន​ការ​ថែ​ទាំ​សុខភាព​គាត់​នោះ​ទេ។ James មិន​មែន​ជា​ចារកម្ម​នោះ​ទេ។ គាត់​ស្រលាញ់​កម្ពុជា និង​ប្រជា​ជន​កម្ពុជា​ណាស់។ គាត់​គឺ​គ្រាន់​តែ​ជា​អ្នក​ថត​រូប​ និង​ជាអ្នក​មនុស្ស​ធម៌​មួយ​ប៉ុណ្ណោះ

សេចក្តីថ្លែង​ការ​ណ៍​មួយរបស់​ក្រុម​គ្រួសារ និងមិត្ត​ភ័ក្រ​លោក​​ Ricketson

អនុប្រធាន​អង្គការ​ Human Right Watch ប្រចាំ​តំបន់​អាស៊ីលោក Phil Robertson បាន​ចេញសេចក្តី​ថ្លែង​ការ​ណ៍មួយផង​ដែរ ដោយ​លើក​ឡើង​ថា ការ​កាត់​ទោស​នេះ​វា​បាន​បង្ហាញ​បញ្ហា​ជា​ច្រើន​នៃប្រព័ន្ធ​​យុត្តិ​ធម៌​​​កម្ពុជា ក្នុង​នោះ​រួម​មានការ​កាត់​ទោស​ដោយ​មិន​មាន​ភស្ភុតាង​ច្បាស់​លាស់ ហើយ​តុលាការ​ពិនិត្យ​ទៅ​​លើ​ការ​បញ្ជារ​របស់រដ្ឋាភិបាល​ជាជាងធ្វើ​តាម​វិជ្ជាជីវៈរបស់​ខ្លួន។ លោក​ក៏​បាន​លើក​ឡើង​ផដែរថារឿង​ដែល​គួរឲ្យ​សោក​ស្តាយ​បំផុត​នោះ​​គឺ​រដ្ឋាភិបាល​អូស្ត្រាលី​មិន​បាន​ធ្វើ​អីធំ​ដុំ​​ដើម្បី​ជួយពលរដ្ឋ​ខ្លួន​ឲ្យ​មាន​សេរី​ភាពនោះ​ទេ។ ​

លោក​ James Ricketson​ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពីខែ​​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​សកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ