UN ជម្រុញកម្ពុជាត្រៀម​​ខ្លួន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤

​សិក្ខា​សិលា​មួយ​ក្រោម​ប្រធាន​បទ «បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ៤៖ ការ​ស្វែង​រក​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ» (រូបភាព៖ kh.one.un.org)

អង្គការ​សហប្រជា​ជាតិ​ ជម្រុញ​កម្ពុជា​ឲ្យ​មាន​វិធាន​ការ​ និងអប់​រំពល​រដ្ឋ​ខ្លួន​ ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ចូល​ក្នុង​បដិវត្តន៍​ឧស្សា​ហ​កម្ម​លើក​ទី៤ នៃ​ពិភព​លោក។

អង្គការ​សហ​ប្រជា​ជាតិ និង​ដៃ​គូរពាក់​ព័ន្ធ​នៅ​ថ្ងៃ​នេះ​បាន​រៀប​ចំ​សិក្ខា​សិលា​មួយ​ក្រោម​ប្រធាន​បទ «បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ៤៖ ការ​ស្វែង​រក​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ» ដើម្បីពិភាក្សា និងកំណត់​ពីចំណុច​ខ្វះ​ខាត​នៅ​ក្នុង​គោលនយោបាយនានា និងដាក់ចេញនូវអនុសាសន៍ដែលអាចជួយសម្រួលដល់ការអភិវឌ្ឍឧស្សាហកម្មនៅ​កម្ពុជា។

អ្នក​តំណាង​នៃ​កម្ម​វិធី​អភិវឌ្ឍន៍សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា លោក​​ស្រី ផីលីន ថា​ម៉េស៊ីស មាន​ប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា វិស័យ​ឧស្សាហកម្ម​ពិភព​លោក​កំពុង​តែ​វិវត្តទៅ​កាន់​ឧស្សាហកម្ម​មួយ​ដែល​ម៉ាស៊ីន និង​អ៊ិន​ថឹណិត​ធ្វើ​ការ​ជំនួសមនុស្ស។ លោក​ស្រី​បន្ថែម​ថា វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជាក៏​​កំពុង​តែ​ឈាន​ឡើងជា​លំ​ដាប់ ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​យន្ត​នេះ​ដែរ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា តើកម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​​ឬ​នៅ ​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​នេះ។

អ្នក​តំណាង​នៃ​កម្ម​វិធី​អភិវឌ្ឍន៍សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា លោក​​ស្រី ផីលីន ថា​ម៉េស៊ីស
តើ​កម្ពុជា​មាន​ជំនាញ​ឬ​នៅ? តើប្រព័ន្ធ​អប់​រំ​នៅ​កម្ពុជាបាន​គូស​វាស​សម្រាប់​យុវជន​សម្រាប់​ការងារ​នៅ​ថ្ងៃ​អនាគត​ឬ​នៅ? ហើយ​តើ​កម្ពុជា​នៅ​តែ​មាន​មុខ​វិជ្ជា​ដែល​​បច្ចេក​វិទ្យា​អាច​ជំនួស​បាន​នៅ​ថ្ងៃ​អនាគតទៀត​ឬ​ទេ? តើ​មានអ្នក​បង្វឹក​ដើម្បី​កសាង​សមត្ថភាព​របស់​យុវជន​​ឬ​នៅ តើ​មាន​មណ្ឌលសិក្សា​ការ​អភិវឌ្ឍឬ​នៅ​? ដែល​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​សិក្សា​ពី​ប្រទេស​ដែល​ធ្លាប់​ឆ្លង​កាត់

អ្នក​តំណាង​នៃ​កម្ម​វិធី​អភិវឌ្ឍន៍សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា លោក​​ស្រី ផីលីន ថា​ម៉េស៊ីស

អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច លោក ផាន់ ផល្លា មាន​ប្រសាសន៍​ក្នុង​វេទិកា​នោះ​ថា បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤​នេះ គឺ​បានផ្តល់​ទាំង​ឱកាស​ និង​ការ​គំរាម​កំហែង​ដល់​ប្រទេស​កម្ពុជា ដោយ​លោក​សង្ឃឹម​ថា តាម​រយៈ​វេទិការ​នេះ​ នឹង​ផ្តល់​នូវ​យុទ្ធ​សាស្ត្រ​​ដើម្បី​តម្រង់​ទិស​ដល់​​រដ្ឋាភិបាល​ និង​ពាណិជ្ជកម្ម​ ដើម្បីមាន​វិធាន​ការ​ចំពោះ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យាទំនើប​នៅ​​កម្ពុជា​។

អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច លោក ផាន់ ផល្លា (រូបភាព៖ UNDP Cambodia)
យើងនឹងបន្តធ្វើឱ្យស៊ី​ជម្រៅ​ជំនាញ​ការ​អប់រំ​ និងការ​ហ្វឹកហ្វឺន​កម្លាំង​ពលកម្ម​របស់​យើង​ដោយ​ផ្តោត​លើ​ការ​អនុម័ត យក​គំនិត​ច្នៃ​ប្រឌិត​នៃ​បច្ចេក​វិទ្យា​ឌីជីថល និង​រួម​បញ្ចូល​ការ​យល់​ដឹង​ពី​បច្ចេក​វិទ្យា​ឌីជីថល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ស្រប​តាម​តម្រូវ​ការទីផ្សារ។ វាមានសារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​ប្រជាជន​របស់​យើង​ទាំងអស់​មិន​ត្រឹម​តែ​យុវជន​ទេ​សម្រាប់​ការងារ​នាពេល​អនាគត និងរក្សាបរិយាកាស​អំណោយផលដល់ពាណិជ្ជកម្ម និងការវិនិយោគ

អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច លោក ផាន់ ផល្លា

បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះ សំដៅលើបដិវត្តន៍បច្ចេកវិទ្យាដែលបានអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួន ដូចជា បច្ចេកវិទ្យាមនុស្សយន្ត ការបោះពុម្ព 3D បច្ចេកវិទ្យាជីវសាស្ត្រ ទំនើបកម្មលើបណ្តាញទូរគមនាគមន៍ និងចំណេះ​ធ្វើថ្មីៗ​អំពីការ​គ្រប់​គ្រងផលិតកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ