សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅសាក្សីម្នាក់ទៀតក្នុងសំណុំរឿង«ក្បត់ជាតិ»ប្រឆាំងនឹងលោក កឹម សុខា បន្ទាប់ពីចៅក្រមស៊ើបសួរបានសម្រេចពន្យាពេលឃុំខ្លួនមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ៦ខែបន្ថែមទៀតនោះ។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ប្រាប់ VOD ថា លោកទើបតែទទួលបានលិខិតកោះហៅពីតុលាការក្រុងភ្នំពេញ ដែលបង្គាប់ឲ្យលោកចូលទៅឆ្លើយបំភ្លឺក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងដែលរដ្ឋាភិបាលចោទមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា «ក្បត់ជាតិ» នាថ្ងៃទី១០ កញ្ញាខាងមុខនេះ។
លោកថា លោកភ្ញាក់ផ្អើលទៅនឹងការកោះហៅលោកបែបនេះ ប៉ុន្ដែ លោកថា នឹងចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ
ការកោះហៅសាក្សីបន្ថែមនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចពន្យាពេលឃុំខ្លួនបណ្ដោះអាសន្នលោក កឹម សុខា ចំនួន ៦ខែទៀត បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំអស់រយៈពេល ១ឆ្នាំមកហើយនោះ៕








