ម្ចាស់អាជីវកម្មសេវាកម្សាន្ត និងវិស័យទេសចរណ៍ធ្វើកិច្ចសន្យាចូលរួមលុបបំបាត់គ្រឿងញៀន

គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន ក្លិប​កម្សាន្ត​ ខារ៉ាអូខេ​ ស៊ី​តុង​ហ្វា​ង​ ឋិត​នៅ​ក្រុម​២៧​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពីយប់ថ្ងៃទី ២៦ សីហា ២០១៨ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

ម្ចាស់អាជីវកម្មសេវាកម្សាន្ត និងវិស័យទេសចរណ៍មួយចំនួនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដោយសន្យាមិនឲ្យមានការផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ក្រោយមានការព្រមានបង្រ្កាបពីសមត្ថកិច្ច។

ក្នុងវេទិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលពីថ្ងៃ៣០ ខែសីហា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅមន្រ្តី ក្រោមឱវាទឲ្យពង្រឹងទប់ស្កាត់ការចរាចរគ្រឿងញៀនតាមរង្គកសាល ផ្ទះសំណាក់ និងកន្លែងកំសាន្តផ្សេងៗទៀតឲ្យមានប្រសិទ្ធិភាពដោយថា បញ្ហានេះបានកំពុងតែរីករាលដាលដល់តំបន់​ជនបទដែលជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ។

លោក ស ខេង ចូលរួមវេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជាលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ (អគារ កា និង អិល) ថ្ងៃទី ៣០ សីហា ២០១៨ (រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ)

កិច្ចសន្យាចំនួន១៥របស់ម្ចាស់រង្គកសាល សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកំសាន្តមួយចំនួនទៀតដែលវីអូឌីទើបទទួលបានថ្ងៃនេះ គឺមានម្ចាស់មជ្ឈមណ្ឌលកំសាន្តរ៉ក់ ម្ចាស់សណ្ឋាគារ Rain Rock ម្ចាស់ផ្ទះសំណាក់ស្តារវូដ និងម្ចាស់សេវាកម្សាន្តមួយចំនួនទៀតបានសន្យាថា ពួកគេនឹងចូលរួមសហការជាមួយសមត្ថកិច្ច និងរាយការណ៍បន្ទាន់ក្នុងករណីសង្ស័យមានការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព លុះត្រាតែរដ្ឋាភិបាលមានយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតក្នុងការទប់ស្កាត់ រឹតបន្តឹងតាមច្រកព្រំដែន និងត្រូវស្រាវជ្រាវចាប់មេក្លោងធំៗដែលពាក់ព័ន្ធយកមកដាក់ទោសឲ្យខានតែបាន ហើយយុទ្ធនាការចុះបង្រ្កាបត្រូវធ្វើជាប្រចាំ និងចាត់វិធានការទាន់ពេលវេលា។

ធ្វើម៉េចឲ្យមានការអនុវត្តជាប្រចាំដូចភ្លៀងរលឹមទៅ។ ហើយអាចបង្កើត​ក្រុមការងារ​ពិសេស ក្នុងការបង្រ្កាបតាមដាន ឬក៏ស្រាវជ្រាវឲ្យបានដិតដល់ ចុះបង្ក្រាបឲ្យទាន់ពេលវេលាដល់មុខសញ្ញាបម្រុង​ធ្វើការជួញដូរ ឬក៏​ចែក​​ចាយគ្រឿងញៀនហ្នឹង

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញថា ក្នុងរាជធានីភ្នំពេញមានទីតាំងសេវាកម្សាន្ត សណ្ឋាគារ ផ្ទះ សំណាក់ និងកន្លែងកម្សាន្តផ្សេងៗសរុប ១១៦៨កន្លែង ក្នុងនោះទីតាំងសេវាកម្សាន្ត៧៦៥កន្លែង សណ្ឋាគារ៧៨កន្លែង ផ្ទះសំណាក់២៧៨កន្លែង និងខុនដូខ្ពស់ៗ៤៨កន្លែង។

របាយការណ៍នេះបញ្ជាក់ថា ពេលនេះមានម្ចាស់អាជីវកម្មចំនួន១៦៥កន្លែង បានធ្វើកិច្ចសន្យាចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងអាជីវកម្មរបស់ខ្លួន និងផ្សេងទៀតកំពុងដំណើរការធ្វើកិច្ចសន្យានេះដែលបិទបញ្ចប់ត្រឹមថ្ងៃ៧កញ្ញាខាងមុននេះ។

របាយការណ៍សង្ខេបស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ឆ្នាំ២០១៧អាជ្ញាធរ បង្ក្រាបគ្រឿងញៀនបាន៨១៧៣ករណី គឺកើនឡើង៩២,៤៨ភាគរយ ឬប្រមាណ៣៩២៧ករណី បើធៀបទៅនឹងឆ្នាំ២០១៦ មាន តែ៤២៤៦ករណី។

របាយការណ៍នេះបញ្ជាក់ថា អាជ្ញាធរចាប់ខ្លួនជនសង្ស័យបាន ១៧៧៩៥នាក់ ក្នុងនោះស្រី១៥៨៤នាក់ និងរឹបអូសគ្រឿងញៀន បានជាង២៩៦គីឡូក្រាមក្នុងបង្រ្កាបពេញ១ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ