អគ្គនាយកដ្ឋានពន្ធដារជំរុញឲ្យប្រជាពលរដ្ឋប្តឹងមន្ត្រីដែលយកលុយលើសវិក្កយបត្រ ដោយថាអាចប្តឹងរហូតទៅដល់អង្គភាពប្រឆាំងអំពើពុករលួយបានចំពោះករណីនេះ។
សេចក្តីជូនដំណឹងចុះថ្ងៃទី៣ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារបានឆ្លើយតបនឹងសារព័ត៌មាននិងអ្នកប្រើFacebookដែលរិះគន់អំពីការផ្តល់សេវានិងការប្រមូលពន្ធរបស់មន្ត្រីពន្ធដារ ដែលថា ប្រាក់ពន្ធឬប្រាក់ពិន័យត្រូវបង់គឺប្រែប្រួលតាមបបូរមាត់និងគិតតែពិន័យដោយមិនមានការយោគយល់។
សេចក្តីជូនដំណឹងដដែលអគ្គនាយកដ្ឋានពន្ធដារពន្យល់ថា អ្នកជាប់ពន្ធអាចទៅបង់ពន្ធនៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារពាណិជ្ជជាដៃគូដែលបានចុះអនុសារណៈជាមួយអគ្គនាយកដ្ឋានពន្ធដារ ហើយមានចេញវិក្កយបត្រត្រឹមត្រូវ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងករណីមន្ត្រីពន្ធដារណាម្នាក់យកប្រាក់លើសពីចំនួនប្រាក់ពន្ធដែលបានបញ្ជាក់ក្នុងវិក្កយបត្រ អ្នកជាប់ពន្ធអាចដាក់ពាក្យបណ្តឹងដោយបញ្ជាក់ពីឈ្មោះនិងអត្តសញ្ញាណរបស់មន្ត្រីនោះ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធទៅអគ្គនាយកដ្ឋានពន្ធដារឬក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអាចប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកចង់ឲ្យប្រជាពលរដ្ឋប្តឹងបើមានករណីនេះ ដោយថារឿងបង់ពន្ធជាបញ្ហាស្មុគស្មាញដែលអាចធ្វើឲ្យមានភាពមិនប្រក្រតីកើតឡើង។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ
នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា មិនថាតែអគ្គនាយកដ្ឋានពន្ធដារទេ ស្ថាប័នទាំងអស់ត្រូវតែលើកទឹកចិត្តប្រជាពលរដ្ឋប្តឹងករណីទាក់ទងនឹងអំពើពុករលួយ ដោយសុំឲ្យមានការដោះស្រាយភ្លាមៗ។
នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល
កាលពីចុងខែសីហាអាជ្ញាធរពន្ធដារកម្ពុជា បានក្រើនរម្លឹកដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេស ឲ្យទៅបង់ពន្ធសម្រាប់ឆ្នាំ២០១៨នេះ ឲ្យបានមុនពេលផុតកំណត់នៅថ្ងៃ៣០កញ្ញា ដោយថា ដើម្បីបញ្ចៀសការពិន័យ។









