ជនជាតិ​ទំពួន​ស្នើ​​រដ្ឋាភិបាលមាន​វិធានការលើមន្ត្រី​មូលដ្ឋាន​ក្នុង​សំណុំ​រឿង​លក់​ដី​ដែន​ជម្រក​សត្វ​ព្រៃ​

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី

ជនជាតិ​ដើម​ភាគតិច​ទំពួន​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​ស្នើ​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ចាត់វិធានការ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគេ​ចោទ​ថា បានកាត់ដីព្រៃក្នុងដែនជម្រក​សត្វព្រៃលំផាត់ លក់ជាបន្តបន្ទាប់​នាពេល​ថ្មីៗនេះ។

ការស្នើនេះ ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពីមេភូមិ​កែងសាន់ លោក ញោង អង្គត់ បាន​ប្ដឹងទៅអធិការ​នគរបាល​ស្រុក​លំផាត់ ឲ្យ​បានកោះហៅ​ លោក ខាំ និន សមាជិក​សហគមន៍​​ភូមិ​កែងសាន់ ឃុំ​សេដា សាកសួរក្នុងរឿងដែលជនជាតិដើមភាគតិចរូបនេះ បានចោទ​មេភូមិ​កែងសាន់ថា លក់​ដី​ព្រៃ​អភិរក្ស​ឲ្យ​ជនជាតិ​វៀតណាម និង​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម បើកកន្លែង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅក្នុងភូមិរបស់ពួកគេ។

ជនជាតិ​ដើម​ភាគតិច​ទំពូន​ លោក ខាំ និន ប្រាប់វីអូឌីនៅថ្ងៃនេះថា មេភូមិបានប្ដឹងលោកទៅអធិការស្រុកលំផាត់ ដោយសារ លោកប្រាប់ព័ត៌មានទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និងអង្គការស៊ីវិល ពាក់ព័ន្ធនឹងបទល្មើស និងការលក់ដីព្រៃដែនជម្រក​សត្វក្នុងឃុំសេដានាពេលបច្ចុប្បន្ន។

លោកបន្តថា កាលពីពេលថ្មីៗ មេភូមិរូបនេះ បានលក់ដីព្រៃអភិរក្សចំនួន ១៥ហិកតា​ម្ដងរួចហើយ ទៅឲ្យក្រុមហ៊ុនវៀតណាម  ហើយកាលពី​ចុង​ខែ​សីហា​កន្លង​ទៅ មេភូមិ​រូប​នោះ​បាន​លក់​ដី​ព្រៃ​អភិរក្ស ៣០​ហិកតា​បន្ថែមទៀត។

ថ្ងៃទី១៥ ខែសីហា​យើងហ្នឹង កម្មករគេចូលកាប់ អាហ្នឹងប្រសាសន៍​មេសហគមន៍អ្នកទិញឈ្មោះ កាឌីន ជាមួយ​អា ហាន។ ខ្ញុំចង់ឲ្យអាជ្ញាធរយុត្តិធម៌លើថ្នាក់ អាជ្ញាធរយុត្តិធម៌ចុះមកមើលផ្ទាល់ខ្ញុំស្នើអញ្ចឹង កុំឲ្យថាខ្ញុំចេះតែនិយាយចោទគេតែផ្ដេសផ្ដាសឲ្យចុះមកមើលផ្ទាល់

ជនជាតិ​ដើម​ភាគតិច​ទំពូន​ លោក ខាំ និន

វីអូឌីមិនអាចសុំការបំភ្លឺពីមេភូមិកែងសាន់ លោក  ញោង អង្គត់ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ចំណែកមេឃុំសេដា លោក អង្គ ប៊ុនធាង បាន​បដិសេធថា គ្មាន​ការលក់ដីព្រៃនៅតំបន់អភិរក្សនោះទេ។

ដីព្រៃម្ដុំណា​​លក់ ៣០​ហិកតាលក់នោះអត់មានទេ បញ្ហាហ្នឹងគឺអ៊ុំកំពុងស្រាវជ្រាវដែរ មេភូមិកែងសាន់ថ្ងៃមុនមកជួបខ្ញុំដែរ ឥឡូវការងារព័ត៌មានហ្នឹង វាផ្ទុយគ្នាមែនទែន

មេឃុំសេដា លោក អង្គ ប៊ុនធាង

វីអូឌីមិនអាចសុំការអត្ថធិប្បាយពីអភិបាលខេត្តរតនគិរី លោក ថង សាវុន បានទេ ដោយទូរសព្ទចូលគ្មានអ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី បាន​ចាត់​ទុក​បណ្ដឹង​ទៅ​លើ​ជន​ជាតិ​ដើម​ភាគតិច​ទំពូន​រូប​នេះ​ថា ជា​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​ពលរដ្ឋ កុំ​ឲ្យ​និយាយ​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ខណៈ​ដែល​លោក​ថា កន្លងមក លោក ខាំ និន សកម្មក្នុង​ការ​ឃ្លាំមើលរឿងព្រៃឈើ។

បើយើងនិយាយពីព្រៃឈើ មានតែវិនាសម្ដងៗបន្តិច ព្រោះថា កន្លងទៅហើយដោយសារតែរឿងសកម្មជនដែលឆ្នើមការពារបរិស្ថានអត់ត្រូវបានលើកទឹកចិត្ត ហើយត្រូវបានគំរាមកំហែង។ យើងឧទាហរណ៍ដូច​ជារឿង ខាំ និន ជាក់ស្ដែង​អញ្ចឹង គាត់ជាសកម្មជនបរិស្ថានដ៏ឆ្នើម​ ប៉ុន្តែ ត្រូវបានគេប្ដឹង ដើម្បីបំភិតបំភ័យគាត់

មន្ត្រី​សម្របសម្រួល​​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី

លោក ខាំ និន អះអាងថា កាលពីឆ្នាំ២០១៤ ដីព្រៃអភិរក្សមានទំហំ ៤០០០​ហិកតាស្ថិតនៅក្នុងឃុំសេដា ប៉ុន្តែ បច្ចុប្បន្ន ដីព្រៃអភិរក្សនេះ នៅសល់តែជាង ១០០០​ហិកតាប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ