ក្រសួងសន្យាដោះស្រាយបណ្តឹងសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិរយៈពេល១សប្តាហ៍

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។ (វីអូឌី)

ក្រសួងអប់រំ យុវជន និងកីឡាសន្យាចាត់ការដោះស្រាយបណ្តឹងរបស់បេក្ខជនដែលមិនសុខចិត្តនឹងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងរយៈពេលមួយសប្តាហ៍។

សេចក្ដីប្រកាសព័ត៌មាននៅព្រឹកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍។

ការបង្កើតគណៈកម្មការនេះគឺបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបេក្ខជនដែលមិនសុខចិត្តនឹងលទ្ធផលដែលក្រសួងបានប្រកាសកាលពីចុងសប្តាហ៍កន្លទៅ។

សិស្សប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ពោលគឺសិស្សប្រឡងជាប់មានចំនួនជាង៦៦ភាគរយ ប៉ុន្តែចំនួនសិស្សទទួលបាននិទ្ទេស A បានថយចុះដល់ទៅជាង ៣០ភាគរយ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនៅមុនការរវ៉ារបស់បេក្ខជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ