រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​រំលោភ​បំពាន​ដី​ព្រៃ​នៅ​តំបន់​ការពារ

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិសម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ថ្ងៃចន្ទ ទី ១០ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងបរិស្ថាន)

ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា នឹង​ចាត់​វិធាន​ទៅ​លើ​សកម្មភាព​ឈូស​ឆាយ និង​រំលោភ​លើ​ដី​ព្រៃ​ស្ថិត​ក្នុង​តំបន់​ការពារ​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​រក​ឃើញ​ថា តំបន់​ការពារ​ជាច្រើន ត្រូវ​បាន​រំលោភ​យក និង​លក់​ដូរ​ដោយ​ខុស​ច្បាប់។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​បរិស្ថាន​បាន​អះ​អាង​ថា ដី​ព្រៃ​នៅ​ឧទ្យាន​ជាតិ​រាម ឧទ្យាន​ជាតិ​បូកគោ និង​ឧទ្យាន​ជាតិ​គិរីរម្យ បាន​រង​ការ​សកម្មភាព​រំលោភ​បំពាន ដូច​ជា​ឈូស​ឆាយ កាប់​ឆ្ការ កាន់​កាប់ជា​កម្មសិទ្ធិ​ និង​លក់​ដូរ​​ជា​ដើម។

ក្រៅ​ពី​ឧទ្យាន​ជាតិ​ទាំង ៣​នេះ ក្រសួង​បរិស្ថាន​ក៏​បាន​រក​ឃើញ​សកម្មភាព​រំលោភ​បំពាន​បែប​នេះ​កើត​មាន​ឡើង​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក​ផង​ដែរ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ ក្រសួង​បរិស្ថាន​បាន​ប្រកាស​ឲ្យ​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​ទៅ​លើ​ដី​ព្រៃ​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ទាំង​នោះ។

ក្រសួង​បាន​ព្រមាន​ថា នឹង​ចាត់​វិធានការ​«ម៉ឹង​ម៉ាត់​បំផុត» ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​រំលោភ​បំពាន​លើ​ដី​ព្រៃ​តំបន់​ការពារ។

កាល​ពី​ដើម​ខែ​កញ្ញា​នេះ ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​សហគមន៍​សមុទ្រ​ក្រោម ស្ថិត​ក្នុង​ស្រុក​លំផាត់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​រតនគិរី ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុប​ឃិត​គ្នា​លក់​ដី​ព្រៃ​ស្ថិត​នៅ​តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ទៅ​ឲ្យ​ឈ្នួល​ឯកជន។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព បាន​ប្រាប់​វីអូឌី​តាម​ប្រព័ន្ធ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ទី​៣​កញ្ញា​ថា មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​បញ្ហា​នេះ​ហើយ ហើយ​លោក​ថា ស្ថាប័នទាំង​ពីរ​នេះ កំពុង​តែ​សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​ខេត្ត​ ដើម្បី​ចាត់​វិធានការ​លើ​ករណី​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ